- 2017-08-23 07:59:40
- សេដ្ឋកិច្ច
កម្ពុជាផ្ដល់សិទ្ធិឲ្យក្រុមហ៊ុនបរទេសផលិតប្រេងឆៅលើកដំបូងលើសពី ៣០លានបារែល
- 2017-08-23 07:59:40
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កម្ពុជាផ្ដល់សិទ្ធិឲ្យក្រុមហ៊ុនបរទេសផលិតប្រេងឆៅលើកដំបូងលើសពី ៣០លានបារែល
ចន្លោះមិនឃើញ
រាជរដ្ឋាភិបាលកម្ពុជា បានផ្ដល់សិទ្ធិឲ្យក្រុមហ៊ុនសិង្ហបុរី អភិវឌ្ឍអណ្ដូងប្រេងកាត ដែលរំពឹងថា នៅឆ្នាំ ២០២០ កម្ពុជា នឹងផលិតបានប្រេងឆៅលើកដំបូងក្នុងរវត្តិសាស្ត្រ ក្នុងបរិមាណ ៣០លានបារែល ដែលក្នុងមួយបារ៉ែលមានចំណុះជិត១៦០លីត្រ។ ផែនការអភិវឌ្ឍនឹងចែកជាបីណាក់កាល ដែលដំណាក់ដំបូងអាចនឹងទទួលបានពីអណ្ដូងទីមួយក្នុងរយៈពេល ២៤ខែ ក្រោយពីធីសម្ពោធចាប់ផ្ដើមជាផ្លូវការ។
នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៧ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងឯកឧត្តម ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល តំណាងរដ្ឋាភិបាលកម្ពុជា បានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន KrisEnergy ក្នុងការអភិវឌ្ឍប្រេងនៅប្លុក A ក្នុងដែនសមុទ្រខ្មែរ។
ឯកឧត្តម ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល ថ្លែងក្នុងពិធីថា «ជាការចាប់ផ្ដើមថ្មីដ៏សំខាន់ នៃណើរការឆ្ពោះទៅការផលិតប្រេងឆៅលើកទីមួយ ចេញពីដែនសមុទ្ររបស់កម្ពុជា»។ លោកថាៈ « បរិមាណយកចេញប្រេងកាតដែលត្រូវបានសិក្សាកឃើញផ្ទុកទុកសម្រាប់ដំណាក់កាលត្រូវបានប៉ាន់ស្មានថា មានលើសពី ៣០លានបារែល ដែលអាចមានលទ្ធភាព ក៏ដូចជាគ្រប់គ្រាន់ ជម្រុញឲ្យកម្ពុជាឲ្យក្លាយជាប្រទេសផលិតប្រេងឆៅមួយនាពេលអនាគត»។
នៅក្រោមកិច្ចព្រមព្រៀងនេះ ភាគហ៊ុន ៥% នៃប្រតិបតិករក្នុងប្លុក A នឹងត្រូវផ្ទេរទៅឲ្យរាជរដ្ឋាភិបាលកម្ពុជា ដែលនឹងត្រូវគ្រប់គ្រងដោយអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ចំណែកក្រុមហ៊ុន គ្រីសអេនើជី កាន់កាន់ភាគហ៊ុន ៩៥% ដែលនៅសល់។
លោក Kelvin Tang ប្រធានក្រុមហ៊ុន KrisEnergy បានមានប្រសាសន៍ថា អត្រាភាគហ៊ុន ៥%គឺខ្ពស់សម្រាប់រដ្ឋាភិបាលកម្ពុជា ក្រៅពីនេះកម្ពុជាក៏នឹងទទួលបានផលប្រយោជន៍ពីរ បន្ទាប់ពីការចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនរួចនេះ។ លោកបន្តថាៈ « ចំណេញទីមួយ គឺទាញបានពន្ធដារពីខាងក្រុមហ៊ុន តម្លៃសួយសារដែលរដ្ឋាភិបាលប្រមូលបាន និងទីពីរនោះគឺ អត្រា ៥% គឺខ្ពស់ជាស្រេច ហើយយើងអនុញ្ញាតឲ្យរដ្ឋាភិបាល ធ្វើការដៃគូជាមួយក្រុមហ៊ុន ជាពិសេសគឺធ្វើការជាមួយគ្នា ដើម្បីធ្វើការអភិវឌ្ឍវិស័យនេះ ក៏ដូចជាប្រើប្រាស់ និងទាញយកផលចំណេញបច្ចេកវិទ្យារួមគ្នា»។
លោក ប្រធានក្រុមហ៊ុន KrisEnergy សង្ឃឹមថា នាពេលខាងមុខ រដ្ឋាភិបាល នឹងអាចបង្កើតក្រុមហ៊ុនជាតិមួយផងដែរ ក្នុងការចម្រាញ់ប្រេងនោះ។
ជាមួយគ្នានេះ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានប្រសាសន៍ថាៈ « កម្ពុជានឹងមិនប្រើប្រាស់ចំណូលពីការផលិតប្រេងនេះ ជាដង្ហើមសេដ្ឋកិច្ចនោះឡើយ»។
ដោយឡែកគ្នានេះវិញ លោក ជៀប សួរ អគ្គនាយកនៃអគ្គនាយកដ្ឋានប្រេងកាត បានឲ្យដឹងដែរថា រដ្ឋាភិបាលកម្ពុជា ក៏កំពុងត្រៀមអនុម័តច្បាប់ពាណិជ្ជកម្មលើវិស័យរ៉ែ និងថាមពលក្នុងពេលឆាប់ៗខាងមុខនេះផងដែរ។
គួរជម្រាបដែរថា ក្រុមហ៊ុន KrisEnergy ប្រតិបត្តិករទី២ ដែលទិញពីក្រុមហ៊ុនប្រេង Cheveron ធ្លាប់មកកម្ពុជា តែមិនទាន់សម្រេចនៅឡើយ៕