• 2017-09-02 03:29:08
  • ព័ត៌មាន

មនុស្ស​មាន​ចរិត​ ៥​យ៉ាង​នេះ កុំ​យក​ខ្លួន​បៀត​ឱ្យ​សោះ ប្រយ័ត្ន​ក្ដៅ​ចិត្ត

  • 2017-09-02 03:29:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មនុស្ស ១០​នាក់ ចរិត​១០ ខុសៗ​ពី​គ្នា មាន​អ្នក​ខ្លះ​ចរិត​ល្អ​គួរ​ឱ្យ​ចង់​រាប់​អាន តែ​អ្នក​ខ្លះ​ចរិត​ល្អ​តែ​ពី​ដំបូង នៅ​ពេល​រាប់​អាន​ទើប​ដឹង​ថា មនុស្ស​​មាន​ពិស​ជាង​ពស់​អាសិរពិស។ ដូច្នេះ​តើ​មនុស្ស​មាន​ចរិត​បែប​ណា​ខ្លះ ដែល​មិន​គួរ​យក​ខ្លួន​ទៅ​បៀត? ខាង​ក្រោម​នេះ​ជា​ការ​លើក​ឡើង​របស់​យុវវ័យ​មួយ​ចំនួន ជុំវិញ​បញ្ហា​នេះ៖់

១. មិត្ត​ភក្ដិ​និយាយ​លើស​មួយ​ម៉ាត់​មិន​បាន

ចរិត​ប្រភេទ​នេះ សំដៅ​ដល់​អ្នក​ប្រកាន់​ច្រើន គ្រាន់​តែ​និយាយ​ពាក្យ​លេង​សើច មិន​មាន​បំណង​អាក្រក់​អ្វី​សោះ បែរ​ជា​ខឹង​ច្រឡោត​នៅ​គុំកួន​ក្នុង​ចិត្ត។ មនុស្ស​ប្រភេទ​នេះ មិន​គួរ​យក​ខ្លួន​បៀត​ក៏​បាន ព្រោះ​គេ​មិន​ទាន់​ស្គាល់​ពី​យើង​​នោះ​ទេ ប្រសិន​បើ​គេ​ស្គាល់​ច្បាស់​ថា យើង​ជា​មនុស្ស​ល្អ​ គ្រាន់​តែ​លើស​លួស​តិចតួច គេ​មិន​ប្រកាន់​ឡើយ។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់ លក្ខណា រៀន​នៅ​សាកលវិទ្យាល័យ​ឯកជន​មួយ។​

​២. ចូល​ចិត្ត​បង្អាប់​បន្តុះ​គេ នៅ​ពេលគេ​តប​វិញ​បែរ​ជា​ខឹង​ច្រឡោត

ចំណែក​ចរិត​ប្រភេទ​នេះ​វិញ ស្រដៀង​ចរិត​ខាង​លើ​ដែរ គឺ​ចូលចិត្ត​និយាយ​បន្តុះបង្អាប់​អ្នក​ដទៃ ហៅ​គេ​សុទ្ធ​តែ​អ៊ីចេះ អ៊ី​ចុះ តែ​នៅ​ពេល​គេ​បង្អាប់​វិញ​បែរ​ជា​ក្ដៅ​ក្រហាយ​ ថា​ស្ដី​ឱ្យ​គេ​ទៅ​វិញ។ ដូច្នេះ​បើ​នៅ​ជិត​នាំ​តែ​ក្ដៅ​ក្រហាយ​ដល់​ខ្លួន​ឯង​ទេ។ លក្ខណា​ បន្ថែម។

៣. មិន​ដែល​មើល​ឃើញ​ពី​ទឹក​ចិត្ត​គេ តែ​តែង​ចាប់​កំហុស

គ្រប់​ពេល​មាន​បញ្ហា ឫ​មាន​ការ​ពឹង​ពាក់ តែង​រត់រក​មិត្ត​ភក្ដិ តែ​នៅ​ពេល​ចប់​កិច្ចការ​ហើយ គ្មាន​ពាក្យ​អរគុណ​មួយ​ម៉ាត់។ មនុស្ស​ប្រភេទ​នេះ គេ​ហៅ​ថា មនុស្ស​គ្មាន​ទឹកចិត្ត សូម្បី​ពាក្យ​អរគុណ​មួយ​ម៉ាត់ ឫ​ការ​តប​ស្នង​អ្វី​ក៏​គ្មាន ប៉ុន្តែ​នៅ​ពេល​គេ​ធ្វើ​អ្វី​មួយ​មិន​ត្រូវ​ចិត្ត​បន្តិច​បែរ​ជា​ប្រកាន់​ខឹង ដោយ​មិន​គិត​សោះ​ថា មនុស្ស​ដែល​ខ្លួន​កំពុង​ខឹង ជា​អ្នក​ដែល​តែង​ត្រូវ​បាន​ខ្លួន​ប្រើ​តាម​អំពើ​ចិត្ត។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​វិចិត្រ បុគ្គលិក​នៅ​ក្នុង​ក្រុមហ៊ុន​ឯកជន​មួយ។

៤. ឆាប់​ងរង៉ក់​ដូច​កូន​ក្មេង

វិចិត្រ​បន្ថែម​ទៀត​ថា ចរិត​ចូលចិត្ត​ឱ្យ​គេ​ទ្រ មិត្តភក្ដិ​និយាយ​លេង​សើច​តិចតួច ធ្វើ​មិន​មាត់​មិន​ក មិន​ចូល​ចំណោម​គេ ជា​ដើម​នេះ ទោះ​បី​មិន​រាប់​អាន​ជាមួយ​ក៏​មិន​ខាត​ប្រយោជន៍​អ្វី​ដែរ។

៥. ចរិត​មិន​ទៀង​ទាត់​ម្ដង​ល្អ​ម្ដង​អាក្រក់

មនុស្ស​ប្រភេទ​នេះ ចាស់​ៗ​តែង​និយាយ​ថា ឆ្មា​លាក់​ក្រចក សាហាវ​ជាង​ពស់​វែក​ទៅ​ទៀត។ ពេល​ខ្លះ​ហាក់​ធ្វើ​ល្អ​ជាមួយ​យើង​ផ្អែម​ហួស ជួន​កាល​ឃើញ​មុខ​ធ្វើ​មិន​ឃើញ​ធ្វើ​មិន​ស្គាល់ មិន​ដឹង​ថា​ក្នុង​ចិត្ត​នឹង​ចេះ​តែ​យ៉ាង​ម៉េច។ អាច​និយាយ​ថា មនុស្ស​នេះ​ចូលចិត្ត​ច្រណែន​គេ នៅ​ពេល​ឃើញ​មិត្ត​ភក្ដិ​ធ្លាក់​ចុះ ធ្វើ​ជា​ស្គាល់​ ធ្វើ​ជា​និយាយ​រក តែ​នៅ​ពេល​ឃើញ​មិត្ត​ភក្ដិ មាន​បាន​ ធ្វើ​មិន​មើល​មុខ ហើយ​ទៅ​និយាយ​ដើម​ក្រោយ​ខ្នង​ហុយ​ដី៕

ចុចអាន៖

អត្ថបទ៖ វឌ្ឍនៈ

មតិយោបល់
អត្ថបទថ្មី