- 2019-01-26 00:00:00
- ព័ត៌មាន
វេណេហ្សូអេឡា ប្រទេសមួយមានក្បាលដឹកនាំពីរ?
- 2019-01-26 00:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វេណេហ្សូអេឡា ប្រទេសមួយមានក្បាលដឹកនាំពីរ?
ចន្លោះមិនឃើញ
វេណែហ្សូអេឡា ក្រោមការដឹកនាំរបស់លោក ម៉ាឌូរ៉ូ គិតចាប់ពីឆ្នាំ២០១៣ មកត្រូវគេមើលឃើញបានរិបត្តិបន្តិចម្ដងៗលើវិស័យសេដ្ឋកិច្ចនិងនយោបាយរហូតធ្វើឲ្យប្រទេសនេះមានបុគ្គលពីររូបប្រកាសខ្លូនជាមេដឹកនាំប្រទេស។
នៅពេលថ្មីនេះប្រទេសមួយនេះកំពុងត្រូវបានពុះចែកជាពីរ ដោយមានក្រុមមកពីបក្សប្រឆាំង និងក្រុមគាំទ្រប្រធានាធិបតីម៉ាឌូរ៉ូកំពុងកាន់អំណាច ដែលសហរដ្ឋអាមេរិក និងប្រទេសជាមិត្តហៅថារបបខុសច្បាប់។
កាលពីថ្ងៃទី២៤ ខែកមរា ឆ្នាំ២០១៩ កន្លងទៅនេះរដ្ឋបាលក្រុងវ៉ាស៊ីនតោន បានប្រកាសមិនទទួលស្គាល់លោក ម៉ាឌូរ៉ូ ជាប្រធានាធិបតីរបស់ប្រទេសវេណេហ្សូអេឡានោះទេ។ ផ្ទុយទៅវីញអាមេរិកបានប្រកាសគាំទ្រប្រធានសភាវេណេហ្សូអេឡា មកពីក្រុមប្រឆាំង លោក Juan Guaido ជាប្រធានាធិបតីបណ្ដោះអាសន្នទៅវិញ។
លោក ប្រធានាធិបតីអាមរិក ដូណាល់ត្រាំ បានសរសេរលើបណ្តាញសង្គមTwitter កាលពីថ្ងៃទី២៤ ខែមករា ថាប្រជាជនវេណេហ្សូអេឡា បានរងទុក្ខយូរណាស់មកហើយនៅក្រោមការដឹកនាំរបស់របបមិនស្របច្បាប់របស់លោក ម៉ាឌូរ៉ូ។ «ថ្ងៃនេះខ្ញុំបានទទួលស្គាល់ជាផ្លូវការប្រធានសភាជាតិវេណេហ្សូអេឡា លោក Juan Guaido ជាប្រធានាធិបតីបណ្ដោះអាសន្នរបស់ប្រទេសវេណេហ្សូអេឡា»។ លោកត្រាំបញ្ជាក់។
ក្រោយពីមានការប្រកាសនេះប្រទេសជាមិត្តរបស់អាមេរិកមួយចំនួនដូចជាប្រេស៊ីល អាហ្សង់ទីន កាណាដា កូឡំប៊ី ប៉ាណាម៉ា ឈីលី ប៉េរ៉ូ ជាដើម បានធ្វើតាមសហរដ្ឋអាមេរិកភ្លាមៗដែរ។ នេះ បើតាមការចុះផ្សាយរបស់ Bloomberge និងaljazeera កាលពីថ្ងៃទី២៤ ខែមករា នេះ។
ដោយឡែកប្រទេស ចិន រូស្សី និងតួគី បានប្រកាសពីជំហររបស់ខ្លួននៅតែគាំទ្រលោក ម៉ាឌូរ៉ូជាប្រធានាធិបតីរបស់ប្រទេសមួយនេះ ហើយចិនបាននិយាយថាខ្លួនប្រឆាំងនឹងអ្នកខាងក្រៅជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់វេណេហ្សូអេឡា និងបានគាំទ្រការពារឯករាជ្យភាព និងស្ថេរភាពប្រទេសនេះ។ នេះបើតាមការផ្សាយរបស់Reuters កាលពីថ្ងៃទី២៤ ដូចគ្នា។
មានអ្វីកើតឡើងខ្លះនៅក្នុងប្រទេសមួយនេះ?
ប្រទេសវេណេហ្សូអេឡា បានធ្លាក់ខ្លួនបន្តិចម្ដងៗទៅក្នុងវិបត្តិសេដ្ឋកិច្ចតាំងពីលោកម៉ាឌូរ៉ូឡើងកាន់តំណែងមកម្លេះ។
នៅខែឧសភា ឆ្នាំ២០១៨ លោកម៉ាឌូរ៉ូ បានជាប់ឆ្នោតជាប្រធានាធិបតីម្តដងទៀត និងបានស្បថចូលកាន់តំណែងកាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩ តែមិនត្រូវបាន ទទួលស្គាល់ដោយក្រុមបក្សប្រឆាំងដែលជាអ្នកដឹកនាំសភា ដែលបានពហិការចំពោះការបោះឆ្នោតនោះទេ។ ពិហិការនេះធ្វើឡើងដោយទំនងថាមន្ត្រីបក្សប្រឆាំងខ្លះត្រូវបានចាប់ខ្លួន ខ្លះទៀតត្រូវបានរារាំងរឿងនយោបាយ និងខ្លះទៀតបានរត់គេចខ្លួន និងថាការបោះឆ្នោតមិនមានភាពត្រឹមត្រូវ និងយុត្តិធម៌។ នេះបើតាមការផ្សាយរបស់ BBC កាលពីថ្ងៃទី២៤ ខែមករា។
ការណ៍នេះរដ្ឋធម្មនុញ្ញវេណេហ្សួអេឡា មាត្រា ២៣៣ និង៣៣៣ ចែងថាករណីបែបនេះប្រធានរដ្ឋសភា ត្រូវធ្វើជាប្រធានាធិបតីបណ្ដោះអាសន្ន ដែលហេតុនេះបានជាលោក Guaido ប្រកាសខ្លូនជាប្រធានាធិបតីបណ្ដោះអាសន្ននាថ្ងៃទី២៣ ខែមករា កន្លងទៅនេះ។ នេះបើតាមប្រភពដដែល។
បើតាមការចុះផ្សាយរបស់អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ Human Rights Watch កាលពីខែវិច្ឆិកា ឆ្នាំ២០១៨ ប្រទេសនេះបានជួបវិបត្តខ្វះម្ហូបអាហារ កង្វះអាហារូបត្ថម្ភ មរណភាពមាតា និងទារកកើនឡើង ខណៈប្រព័ន្ធសុខាភិបាលដួលរំលំ ដែលជាហានិភ័យសម្រាប់ប្រជាពលរដ្ឋ។
បើតាមការផ្សាយរបស់សារព័ត៌មាន Forbes ថ្ងៃទី១ ខែមករា ឆ្នាំ២០១៩ ប្រទេសវេណេហ្សូអេឡា នៅឆ្នាំ២០១៨ កម្រិតអិផរណាឡើងដល់៨០ ០០០ភាគរយ ដោយមូលហេតុថាសេដ្ឋកិច្ចបានដួលរលំ មកពីលទ្ធផលនៃរបបសង្គមនិយមយូរឆ្នាំ ខ្វះសមត្ថភាពប្រកួតប្រជែង អំពើពុករលួយ និងរឿងមួយចំនួនផ្សេងទៀត៕