• 2019-11-14 07:15:00
  • ព័ត៌មាន

ចាក់ Filler ឲ្យ​ច្រមុះ​ខ្ពស់ បុរស​ម្នាក់​ពិការ​​ភ្នែក​ទាំង​សង​ខាង ច្រមុះ​រលួយ​ទាំង​ស្រុង

  • 2019-11-14 07:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ពេល​ចាក់​បំពេញ filler ឲ្យ​ច្រមុះ​ខ្ពស់​នៅ​ហាង​កែ​សម្ផស្ស​មួយ មុខ​របស់​លោក N ចាប់​ផ្ដើម​ហើម​ខ្លាំង ឈឺ​ចុក​ចាប់ ភ្នែក​ស្រវាំង និង​ច្រមុះ​ចាប់​ផ្ដើម​រលួយ។

ព្រឹក​ថ្ងៃ​ទី​១២ ខែ​វិច្ឆិកា​មុន​នេះ វេជ្ជបណ្ឌិត Nguyen Anh Tuan ប្រធាន​ផ្នែក​វះកាត់​កែ​សម្ផស្ស​នៃ​មន្ទីរ​ពេទ្យ Dai Hoc Y Duoc ទីក្រុង​ហូជីមិញ ប្រទេស​វៀតណាម បាន​ទទួល​សង្គ្រោះ​ករណី​អ្នក​ជំងឺ​ម្នាក់​ឈ្មោះ V N N មក​ពី​ខេត្ត Long An ប្រទេស​វៀតណាម ក្រោយ​ពេល​ច្រមុះ​លោក​ត្រូវ​រលួយ ហើយ​បើក​ភ្នែក​មិន​រួច ក្រោយ​ពេល​ចាក់ Filler រួច។

រូបតំណាង

តាម​សម្ដី​របស់​អ្នក​ជំងឺ កាល​ពី​ថ្ងៃ​ទី​៤ ខែ​វិច្ឆិកា​នេះ លោក​បាន​ទៅ​កាន់​ហាង​កែ​សម្ផស្ស​ក្នុង​តំបន់​មួយ​ដើម្បី​ចាក់​បំពេញ filler ឲ្យ​ច្រមុះ​របស់​លោក​មាន​រាង​ខ្ពស់​ជាង​មុន។ នៅ​ពេល​ត្រលប់​មក​ដល់​ផ្ទះ​វិញ ស្រាប់​តែ​មុខ​របស់​លោក​ចាប់​ផ្ដើម​ហើម និង​ចុក​យ៉ាង​ខ្លាំង។ ដោយ​សារ​តែ​ទើប​ចាក់​រួច ទើប​លោក​ស្មាន​ថា នេះ​ជា​រឿង​ធម្មតា។ យ៉ាងណាក្ដី ភ្នែក​របស់​លោក​ចាប់​ផ្ដើម​ស្រវាំង និង​មើល​លែង​ឃើញ ទើប​បុរស​វ័យ​២៧​ឆ្នាំ ពឹង​អ្នក​ផ្ទះ​ឲ្យ​ជូន​មក​ទីក្រុង​ហូជីមិញ​ដើម្បី​ព្យាបាល។

រូបតំណាង

ក្រោយ​ពេល​ពិនិត្យ​រួច វេជ្ជបណ្ឌិត​បាន​សន្និដ្ឋាន​ថា ច្រមុះ​របស់​លោក​ត្រូវ​ឆ្លង​មេរោគ រលួយ​ស្បែក​ច្រមុះ ប៉ះពាល់​ដល់​ផ្នែក​ខាង​ក្នុង ប៉ះ​ទង្គិច​ដល់​ភ្នែក ធ្វើ​ឲ្យ​ភ្នែក​បាត់​បង់​ការ​មើល​ឃើញ​៥០​%។

ក្រោយ​ពេល​វះ និង​ព្យាបាល​រួច អ្នក​ជំងឺ​នៅ​ពេល​នេះ​បាន​រួច​ផុត​ពី​គ្រោះ​ថ្នាក់​ដល់​ជីវិត​ហើយ តែ​បន្សល់​ស្លាកស្នាម​ធំ ព្រម​ទាំង​ពិការ​ភ្នែក​ជា​រៀង​រហូត។

រូបតំណាង

វេជ្ជបណ្ឌិត​ដដែល​បាន​ឲ្យ​ដឹង​ថា ដោយ​សារ​តែ​ហាង​កែ​សម្ផស្ស​មួយ​ចំនួន គ្មាន​គុណភាព​ខ្ពស់ គ្មាន​ជំនាញ​ច្បាស់​លាស់ ទើប​ធ្វើ​ឲ្យ​ជន​រងគ្រោះ​ត្រូវ​ឆ្លង​មេរោគ ហើយ​រាល​ដាល​ដល់​ភ្នែក​បែប​នេះ។ លោក​សំណូម​ពរ​ដល់​មនុស្ស​គ្រប់​គ្នា​ថា បើ​សម្រេច​ចិត្ត​កែ​សម្ផស្ស​ត្រូវ​រក​កន្លែង​ដែល​មាន​គុណភាព​ច្បាស់​លាស់ និង​ជំនាញ​ពិត​ប្រាកដ បើ​មិន​ចង់​នាំ​ទុក្ខ​ដាក់​ខ្លួន៕

ប្រភព៖ Phunuonline ប្រែសម្រួល៖ Caramel

មតិយោបល់