- 2022-04-29 02:04:43
- ព័ត៌មាន
ខកខាន២ឆ្នាំ ឥឡូវកម្មវិធី "ផ្លូវទៅស្រុក" ចាប់ផ្ដើមរដូវកាលទី៤ទៀតហើយ!
- 2022-04-29 02:04:43
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ខកខាន២ឆ្នាំ ឥឡូវកម្មវិធី "ផ្លូវទៅស្រុក" ចាប់ផ្ដើមរដូវកាលទី៤ទៀតហើយ!
ចន្លោះមិនឃើញ
បន្ទាប់ពីខកខាន ២ឆ្នាំដោយសារការរំខានពីកូវីដ១៩ នៅពេលនេះ កម្មវិធីដ៏ធំប្រចាំឆ្នាំ "ផ្លូវទៅស្រុក" ឬ "The Road Home” បានចេញដំណើរសម្រាប់រដូវកាលទី៤ទៀតហើយ ជាមួយនឹងបេសកកម្មកាន់តែពិសេស។
កម្មវិធី "ផ្លូវទៅស្រុក" ឬ "The Road Home” គឺជាបេសកកម្មនៃការធ្វើដំណើរប្រចាំឆ្នាំដែលមានរយៈពេល ៣-៥ខែដើម្បីស្វែងរក ក៏ដូចជាគាស់រំលើងរឿងរ៉ាវអស្ចារ្យនៅតាមភូមិស្រុកទូទាំងប្រទេសកម្ពុជា។ កម្មវិធីនេះ ផ្ដោតទៅលើពិធីសាសនា ម្ហូប សិល្បៈ របៀបរស់នៅ បទពិសោធន៍ ភូមិសាស្រ្ត និងសេដ្ឋកិច្ចសហគមន៍ និងការរកឃើញថ្មី ដ៏គួរឱ្យចាប់អារម្មណ៍។
បេសកម្មនេះ បានចាប់ផ្ដើមដំបូងនៅឆ្នាំ ២០១៧ ជាមួយនឹងការធ្វើដំណើរជុំវិញខេត្តនានានៃប្រទេសកម្ពុជា ដោយបានរកឃើញរឿងរ៉ាវអស្ចារ្យ និងប្រណិតៗជាច្រើននៅតាមភូមិស្រុកទូទាំង២៥ខេត្ត រាជធានី។ វាជាដំណើរឆ្លងកាត់ទឹកដី ប្រាសាទ និងធម្មជាតិផ្សេងៗ ហើយជាលទ្ធផល កម្មវិធីផ្ដិតបានរូបភាពស្អាតៗរាប់រយសន្លឹក។
ចូលមកដល់រដូវកាលទី 2 របស់ "ផ្លូវទៅស្រុក" ក្នុងឆ្នាំ ២០១៨ កម្មវិធីបានផ្តោតទៅលើភាពជាសហគ្រិនរបស់ប្រជាពលរដ្ឋនៅតាមបណ្ដាខេត្ត រាជធានី ជាបុគ្គលដែលប្រើទេពកោសល្យ ការខិតខំរបស់ពួកគេ ដើម្បីផ្លាស់ប្ដូរអនាគតខ្លួនឯង និងបានធ្វើឲ្យប្រសើរដល់សហគមន៍។ ក៏ដូចគ្នាដែរ វាជារដូវកាលបំផុសគំនិតអំពីអាជីវកម្មខ្នាតតូចនៅតាមសហគមន៍នានា។
លុះមកដល់រដូវកាលទី៣ "ផ្លូវទៅស្រុក" បានចាប់ផ្ដើមបេសកកម្មរបស់ខ្លួនកាន់តែពិសេស។ ដោយសារមានការពេញនិយមខ្លាំងក្នុងរដូវកាលទី២ "ផ្លូវទៅស្រុក" រដូវកាលទី៣ បានផ្ដោតទៅលើការធ្វើដំណើរផ្សេងព្រេងទៅរកទីកន្លែងអស្ចារ្យ និងកម្រៗមានអ្នកស្គាល់ជាច្រើន ដែលជាមោទកភាពរបស់កម្ពុជា។ ជាលទ្ធផលបេសកកម្មមួយនេះបានទទួលការគាំទ្រជាច្រើន ក្នុងនោះក្រសួងទេសចរណ៍របស់កម្ពុជា រួមទាំងផ្នែកពាក់ព័ន្ធផ្សេងទៀត ក៏បានធ្វើការផ្សព្វផ្សាយទៀតផង។
ចុះរដូវកាលទី៤នៃ "ផ្លូវទៅស្រុក" ផ្ដោតទៅលើអ្វីដែរ? តាមលោក លីម ស៊ីផេង ប្រធានដឹកនាំគម្រោងដ៏ធំនេះបានឲ្យដឹងថា "ផ្លូវទៅស្រុក" រដូវកាលទី៤នេះ កាន់តែពិសេស ដោយបង្វែរពីការរុករករឿងអស្ចារ្យរបស់កម្ពុជានៅលើដីគោក ទៅជាបេសកកម្មនៅលើផ្ទៃមហាសាគរដ៏ល្វឹងល្វើយរបស់កម្ពុជាវិញម្ដង។
“រដូវកាលនេះ យើងនឹងផ្ដោតមុខព្រួញទៅលើប្រភេទកោះមួយចំនួនរបស់កម្ពុជា យើងចង់បង្ហាញមនុស្សគ្រប់គ្នាពីរឿងរ៉ាវអស្ចារ្យនានា ក៏ដូចជាសក្ដានុពលទេសចរណ៍របស់យើងនៅទីនោះ(កោះ)!”
តាម Wikipedia កម្ពុជាមានកោះសរុបចំនួន ៤៩កោះ មានភូមិសាស្ត្រក្នុងខេត្តចំនួន៣ គឺ កំពត កំពង់សោម និងកោះកុង។ យ៉ាងណា តាមប្រធានដឹកនាំគម្រោង មានកោះនៅលើមហាសាគររបស់កម្ពុជាចំនួន ១៣ ត្រូវបានជ្រើសរើសដាក់បញ្ចូលក្នុងបញ្ជីគោលដៅ ដែលនឹងត្រូវបើកបង្ហាញជាបន្តបន្ទាប់។
តាមរយៈគម្រោងនេះ លោកមានជំនឿថា នឹងនាំឲ្យប្រិយមិត្តទៅជួបរឿងអស្ចារ្យ និងមោទកភាពថ្មីទៀតជាមួយដីកោះរបស់យើង។ "យើងក៏សង្ឃឹមថា ការខិតខំរបស់ពួកយើង នឹងជួយដល់ការប្រសើរឡើងខាងផ្នែកទេសចរណ៍កម្ពុជា បន្ទាប់វិស័យនេះបាន និងកំពុងប្រឹងងើបឡើងសារជាថ្មី ក្រោយកម្ពុជាយើងបានធូរស្រាលពីការគម្រាមរបស់កូវីដ១៩"។ លោក លីម ស៊ីផេង ថ្លែង។
"ផ្លូវទៅស្រុក" រដូវកាលទី៤ នឹងបង្ហាញពីប្រិយមិត្តនូវបេសកកម្មទី១អំពីដីកោះរបស់កម្ពុជានៅដើមខែឧសភាខាងមុខនេះ។ តើនោះជាកោះអ្វី នៅទីណា មានសក្ដានុពលអស្ចារ្យប៉ុណ្ណា? រង់ចាំទស្សនាទាំងអស់គ្នា!