- 2022-06-01 13:43:53
- ព័ត៌មាន
កម្ពុជា ទិញវ៉ាក់សាំងបង្ការកូវីដ-១៩វិចខ្ទប់ក្នុងកម្ពុជាផ្ទាល់ ១០៤លានដូស សម្រាប់បំពេញតម្រូវការ ឆ្នាំ២០២៤-២០២៦
- 2022-06-01 13:43:53
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កម្ពុជា ទិញវ៉ាក់សាំងបង្ការកូវីដ-១៩វិចខ្ទប់ក្នុងកម្ពុជាផ្ទាល់ ១០៤លានដូស សម្រាប់បំពេញតម្រូវការ ឆ្នាំ២០២៤-២០២៦
ចន្លោះមិនឃើញ
នៅល្ងាចថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានចេញសារសំឡេងផ្ញើជូនជនរួមជាតិពាក់ព័ន្ធស្ថានភាពជំងឺកូវីដដ១៩ នៅកម្ពុជា។
បើយោងតាមសារសំឡងនេះ កម្ពុជាបានសម្រេចទិញវ៉ាក់សាំងបង្ការកូវីដ-១៩ ចំនួនប្រមាណ១០៤លានដូស (ទិន្នន័យពិតប្រាកដចំនួន ១០៤,៨៧,៣១៥៧ដូស) ដែលជាវ៉ាក់សាំងវិចខ្ទប់ក្នុងកម្ពុជាផ្ទាល់សម្រាប់បំពេញតម្រូវការរយៈពេល ៣ឆ្នាំទៅមុខ ឆ្នាំ២០២៤-២០២៦។
សម្ដេចបានលើកឡើងថា៖" យើងបានសម្រេចចុះហត្ថលេខា ដើម្បីទិញវ៉ាក់សាំង ដែលនឹងត្រូវវិចខ្ចប់នៅក្នុងប្រទេសយើង ចំនួន១០៤៨៧៣១៥៧ដូសបន្ថែមទៀត សម្រាប់តម្រូវការ៣ឆ្នាំ គឺឆ្នាំ២០២៤ ដល់ឆ្នាំ២០២៦ "។
ទាក់ទងនឹងការសម្រេចទិញវ៉ាក់សាំងនេះ សម្ដេចក៏បន្តលើកឡើងថា៖" ដោយសារជំងឺកូវីដ១៩ មិនទាន់បិទបញ្ចប់នៅលើពិភពលោក យើងពុំមានសុវត្ថិភាពនោះទេ ដូច្នេះយើងត្រូវត្រៀមបម្រុងទុកយថាហេតុដ៏អាក្រក់ សម្រាប់ពេលខ្វះវ៉ាក់សាំង នៅក្នុងចន្លោះឆ្នាំ២០២៤ ដល់ឆ្នាំ២០២៦ គឺរយៈពេល៣ឆ្នាំ ដូច្នេះហើយបានរាជរដ្ឋាភិបាល បានចុះហត្ថលេខាដើម្បីបញ្ជាទិញ សម្រាប់ឱ្យរោងចក្រផលិតឱ្យយើងចំនួនលេខគត់រហូតដល់ ១០៤លានដូស ដែលសហគ្រាសផលិតឱសថកម្ពុជា សហការជាមួយនឹងក្រុមហ៊ុនផលិតស៊ីណូវ៉ាក់របស់សាធារណរដ្ឋប្រជាមានិតចិន នឹងត្រូវផ្គត់ផ្គង់ឱ្យរាជរដ្ឋាភិបាលជិត៣៥លានដូស ក្នុង១ឆ្នាំ "។
ទាក់ទងការចាក់វ៉ាក់សាំង រាជរដ្ឋាភិបាលកម្ពុជានឹងបន្តចាក់ឲ្យប្រជាពលរដ្ឋឲ្យឥតគិតថ្លៃ និងការចាក់ដូសទី៥ នឹងចាប់ផ្ដើមចាប់ពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២២តទៅ។
គួរបញ្ជាក់ផងដែរថា រយៈពេលប្រមាណ២៦ថ្ងៃមកហើយ ដែលកម្ពុជាពុំមានអត្រាឆ្លង និងស្លាប់ដោយសារជំងឺកូវីដ១៩នោះទេ៕