• 2024-08-28 11:08:00
  • ព័ត៌មាន

ប្រទេសកម្ពុជា បានបង្កើតប្រវត្តិសាស្រ្តក្នុងឆ្នាំ ២០២៤ ចូលរួមវេទិកាស្រ្តីពិភពលោក

  • 2024-08-28 11:08:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីថ្ងៃទី២០ ដល់ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៤ លោកជំទាវបណ្ឌិត អេង លីគង់ ប្រធានបណ្ដាញសហគ្រិនស្រ្តីអាស៊ាន និងបណ្ដាញសហគ្រិនស្រ្តីកម្ពុជា បានទទួលការអញ្ជើញពី International Trade Center និង SheTrades Initiative ព្រមទាំងការអញ្ជើញដោយផ្ទាល់ពីឯកឧត្តម Ukhnaagiin Khürelsükh ប្រធានាធិបតីនៃប្រទេសម៉ុងហ្គោលី ដើម្បីចូលរួមក្នុងកម្មវិធី វេទិកាស្រ្តីពិភពលោក - World Women’s Forum នាទីក្រុងអ៊ូឡង់បាទ័រ ប្រទេសម៉ុងហ្គោលី។ ក្នុងនោះដែរក៏មានសមាសភាពសំខាន់ៗពីប្រទេសកម្ពុជាមួយចំនួនទៀតដែលបានអញ្ជើញចូលរួមកម្មវិធី អមដំណើរលោកជំទាវបណ្ឌិត អេង លីគង់ផងដែរ គឺមានដូចជា លោកស្រី ឡា សុភ័ក្រ ដែលជា Focal Point នៃបណ្ដាញសហគ្រិនស្រ្តីអាស៊ានប្រចាំប្រទេសកម្ពុជា លោក ជិន ថូមីត និងកញ្ញា គង់ សុខគាង ដែលជាទីប្រឹក្សាផ្ទាល់របស់លោកជំទាវបណ្ឌិត អេង លីគង់។

កម្មវិធី វេទិកាស្រ្តីពិភពលោក - World Women’s Forum ជាកម្មវិធីអន្តរជាតិដ៏ធំមួយ ដែលមានការអញ្ជើញចូលរួមពីសំណាក់មេដឹកនាំពិភពលោកជាច្រើនរួមមានដូចជា ប្រធានាធិបតីនៃប្រទេសម៉ុងហ្គោលីដោយផ្ទាល់ ប្រធានាធិបតីនៃប្រទេសស្លូវេនី(Slovenia) តំណាងរបស់អ្នកស្រី Kamala Harris អនុប្រធានាធិបតីនៃសហរដ្ឋអាមេរិច អគ្គលេខាធិការរងនៃអង្គការសហប្រជាជាតិ ព្រមទាំងថ្នាក់ដឹកនាំកំពូលៗមកពីប្រទេសចំនួន១៩ផ្សេងទៀតផងដែរ។

ជាកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុតដែលមេដឹកនាំស្រី្តឆ្នើមនៃប្រទេសកម្ពុជាមួយរូបនេះគឺ លោកជំទាវបណ្ឌិត អេង លីគង់ ត្រូវបានអញ្ជើញជាវាគ្មិនកិត្តិយសចូលរួមក្នុងការជជែកពិភាក្សាជាមួយនឹងថ្នាក់ដឹកនាំស្រ្តីកំពូលៗ ដែលមកពីបណ្ដាស្ថាប័នរដ្ឋ និងស្ថាប័នឯកជនធំៗផ្សេងៗទៀត ដោយផ្ដោតសំខាន់ទៅលើប្រធានបទស្ដីអំពី ស្រ្តីនៅក្នុងវិស័យសេដ្ឋកិច្ចឌីជីថល។

បន្ថែមពីលើនេះទៅទៀត ក្រៅពីការចូលរួមព្រឹត្តិការណ៍ដ៏ធំមួយនេះ ក៏មានការអញ្ជើញដោយផ្ទាល់ពីសំណាក់ប្រធានាធិបតីនៃប្រទេសម៉ុងហ្គោលី ដើម្បីចូលរួមពិសារអាហារជុំគ្នាជាមួយនឹងបណ្ដាថ្នាក់ដឹកនាំនៃប្រទេស និងស្ថាប័នអន្តរជាតិផ្សេងៗជុំវិញពិភពលោក ក្នុងទិសដៅជំរុញកិច្ចសហប្រតិបត្តិការផ្នែកការទូតនិងពាណិជ្ជកម្មរវាងគ្នានឹងគ្នា ព្រមទាំងដើម្បីផ្សព្វផ្សាយអំពីសក្តានុពលនៃប្រទេសកម្ពុជាក្នុងគោលដៅទាក់ទាញការវិនិយោគទុនពីបរទេសមកកាន់កម្ពុជា។

មិនតែប៉ុណ្ណោះ លោកជំទាវបណ្ឌិត អេង លីគង់ បានបន្តដឹកនាំក្រុមការងារតំណាងប្រទេសកម្ពុជា ក្នុងការជជែកពិភាក្សាការងារជាមួយនឹង International Trade Center និង SheTrades Initiative ដើម្បីនាំយកមកនូវកម្មវិធីដ៏ធំមួយទៀតដែលពាក់ព័ន្ធទៅនឹងការជំរុញឱ្យមានការផ្ដោះប្ដូរផ្នែកពាណិជ្ជកម្ម។ ជាផ្លែផ្កាដែលកើតចេញពីកិច្ចពិភាក្សានេះគឺ International Trade Center និង SheTrades Initiative បានចូលរួមសហការឧបត្ថម្ភក្នុងការរៀបចំការតាំងពិព័រណ៍ធុរកិច្ចមួយ នៅប្រទេសកម្ពុជាដែលកម្មវិធីនេះគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះ។ កម្មវិធីពិព័រណ៍ធុរកិច្ចនេះនឹងត្រូវរៀបចំឡើងដោយផ្ដោតសំខាន់ទៅលើវិស័យសិប្បកម្មដោយដៃ ហើយកម្មវិធីនេះក៏នឹងមានការចូលរួមពីសំណាក់អ្នកចូលរួម ពាណិជ្ជករ សិប្បករ សហគ្រិន ជាតិនិងអន្តរជាតិ ហើយមិនតែប៉ុណ្ណោះក៏មានការចូលរួមរបស់អតិថជន(Buyers) ចំនួន១០ក្រុមហ៊ុនផ្សេងៗគ្នាមកពីចក្រភពអង់គ្លេសផងដែរ។

ជាពិសេសជាងនេះទៅទៀតនោះ ក្រុមហ៊ុន iDEN Agency ដែលមានលោក ជិន ថូមីតជាស្ថាបនិក និងជាអគ្គនាយកប្រតិបត្តិ ជាក្រុមហ៊ុនមកពីប្រទេសកម្ពុជាតែមួយគត់ដែលបានចូលរួមក្នុងព្រឹត្តិការណ៍នេះ។ លោក ជិន ថូមីត ក៏បានសាទរនូវកិច្ចសហប្រតិបត្តិការទ្វេភាគីរវាង ក្រុមហ៊ុន iDEN Agency និងក្រុមហ៊ុន Khangbogd Cashmere នៃប្រទេសម៉ុងហ្គោលី ដោយក្រុមហ៊ុន iDEN Agency ជាក្រុមហ៊ុនទី១ មកពីប្រទេសកម្ពុជាដែលនឹងក្លាយជាដៃគូនៅក្នុងការផ្ដល់សេវាកម្មផ្នែកទីផ្សារ(Marketing) និងការអភិវឌ្ឍប្រេន(Branding) ទៅកាន់ ក្រុមហ៊ុន Khangbogd Cashmere នៃប្រទេសម៉ុងហ្គោលី ។ នេះសបញ្ជាក់ឱ្យឃើញយ៉ាងច្បាស់ថា ក្រៅតែពីការចូលរួមតំណាងឱ្យប្រទេសកម្ពុជានៅក្នុងកម្មវិធីដ៏ធំមួយនេះ កម្មវិធីមួយនេះក៏ដើរតួនាទីយ៉ាងសំខាន់ ដែលជាកាតាលីករក្នុងការជំរុញឱ្យមានកិច្ចសហប្រតិបត្តិការផ្នែកពាណិជ្ជកម្មរវាងក្រុមហ៊ុននៃប្រទេសកម្ពុជា និងក្រុមហ៊ុននៃប្រទេសម៉ុងហ្គោលី។

ក្រៅពីនេះ លោកជំទាវបណ្ឌិត អេង លីគង់ និងក្រុមការងារតំណាងប្រទេសកម្ពុជាបានជជែកពិភាក្សាជាមួយនឹងរដ្ឋាភិបាលនៃប្រទេសម៉ុងហ្គោលី ដើម្បីបង្កើតឱកាសការងារជូនដល់ពលរដ្ឋខ្មែរតាមរយៈតម្រូវការកម្លាំងពលកម្មនៅក្នុងរោងចក្រដែលស្ថិតនៅទីក្រុងអ៊ូឡង់បាទ័រ ប្រទេសម៉ុងហ្គោលី។ ការជជែកនេះបានដំណើររួចទៅហើយ ហើយលោកជំទាវបណ្ឌិត អេង លីគង់ ក៏មានគោលបំណងក្នុងការបន្តកិច្ចសហការនេះបន្តទៀតជាមួយនឹងដៃគូរោងចក្រដែលមានតម្រូវការកម្លាំងពលកម្មនៃប្រទេសម៉ុងហ្គោលី។ លោកជំទាវបណ្ឌិត អេង លីគង់ កំពុងរៀបចំដើម្បីជជែកពិភាក្សាគ្នាជាមួយនឹងក្រសួងការងារ នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីអាចជំរុញឱ្យប្រទេសទាំងពីរគឺ កម្ពុជា និង ម៉ុងហ្គោលី មានកិច្ចសហប្រតិបត្តិការនេះកើតឡើង ដែលនឹងផ្ដល់ប្រយោជន៍ជាពិសេសចំពោះប្រជាជនកម្ពុជាតាមរយៈឱកាសការងារផ្នែកម្លាំងពលកម្ម។

បន្ថែមពីលើនេះទៀត លោកជំទាវបណ្ឌិត អេង លីគង់ និងក្រុមការងារតំណាងប្រទេសកម្ពុជា ក៏បានជជែកពិភាក្សាជាមួយនឹង Mongolian National Chamber of Commerce and Industry (MNCCI) ក្នុងការបន្តកិច្ចសហប្រតិបត្តិទ្វេភាគីរវាងប្រទេសទាំងពីរ។ ដូច្នេះ កិច្ចការងារទាំងអស់នេះគឺជាការចូលរួមចំណែកដ៏ធំមួយនៅក្នុងការលើកមុតមាត់និងកេរ្តិ៍ឈ្មោះនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងទំនាក់ទំនងអន្តរជាតិផ្នែកពាណិជ្ជកម្ម និងការទូត។ ដោយកិច្ចការងារដ៏មានតម្លៃនិងប្រកបទៅដោយផ្លែផ្កាទាំងអស់នេះគឺកើតចេញពីការដឹកនាំរបស់ លោកជំទាវបណ្ឌិត អេង លីគង់ ក្នុងនាមជាប្រធានបណ្ដាញសហគ្រិនស្រ្តីអាស៊ាន និងបណ្ដាញសហគ្រិនស្រ្តីកម្ពុជា ក្នុងការបំពេញបេសកម្មជួយលើកតម្កើងកេរ្តិ៍ឈ្មោះប្រទេសកម្ពុជា និងរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិប្រកបទៅដោយ សន្តិភាព ចីរភាព និងភាពរុងរឿងថ្កើនថ្កាន៕

អត្ថបទ៖ សេរី មង្គល

មតិយោបល់