
- 2025-04-21 09:39:27
- ព័ត៌មាន
សម្តេចប៉ាប ប្រមុខនៃសាសនាចក្រកាតូលិក ទទួលមរណភាព ក្នុងជន្មាយុ ៨៨ ឆ្នាំ ដោយសារជម្ងឺមួយនេះ
- 2025-04-21 09:39:27
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សម្តេចប៉ាប ប្រមុខនៃសាសនាចក្រកាតូលិក ទទួលមរណភាព ក្នុងជន្មាយុ ៨៨ ឆ្នាំ ដោយសារជម្ងឺមួយនេះ
ចន្លោះមិនឃើញ
សម្តេចប៉ាប ហ្វ្រង់ស៊ីស (Pope Francis) ដែលជាប្រមុខនៃសាសនាចក្រកាតូលិក និងជាសម្តេចប៉ាបទីមួយមកពីអាមេរិកឡាទីន បានទទួលមរណភាពនៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ ក្នុងជន្មាយុ ៨៨ ឆ្នាំ បន្ទាប់ពីជួបបញ្ហាសុខភាពដោយសារជំងឺរលាកសួត។
សម្តេចប៉ាប ហ្វ្រង់ស៊ីស ដែលមាននាមដើមថា ហ្សក ម៉ារីអូ បឺហ្គូលីអូ (Jorge Mario Bergoglio) បានដឹកនាំសាសនាចក្រកាតូលិកអស់រយៈពេល ១២ ឆ្នាំ ចាប់តាំងពីការជ្រើសតាំងនៅឆ្នាំ២០១៣។ ក្នុងអំឡុងពេលបម្រើការងារ លោកបានផ្តោតលើការកែទម្រង់សាសនាចក្រ លើកកម្ពស់តម្លៃនៃភាពសាមញ្ញ និងការយកចិត្តទុកដាក់ចំពោះជនក្រីក្រ និងអ្នករងគ្រោះបំផុត។ លោកក៏បានធ្វើឱ្យមានភាពចម្រូងចម្រាសជាមួយនឹងការបើកចំហរបស់លោកចំពោះបញ្ហាសង្គម ដូចជាការគាំទ្រសហគមន៍ LGBTQ+ និងការអំពាវនាវឱ្យមានសកម្មភាពប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ។
ការសោយទីវង្គតរបស់សម្តេចប៉ាបត្រូវបានបញ្ជាក់ដោយ កាមឺឡេងហ្គោ (Camerlengo) គឺ សម្តេចខាឌីណាល ខេវីន ហ្វារ៉ែល (Cardinal Kevin Farrell) ដែលបានប្រកាសថា៖ «ជីវិតទាំងមូលរបស់លោកត្រូវបានឧទ្ទិសដល់ការបម្រើព្រះអម្ចាស់ និងសាសនាចក្ររបស់ទ្រង់។ លោកបានបង្រៀនយើងឱ្យរស់នៅតាមតម្លៃនៃដំណឹងល្អជាមួយនឹងភាពស្មោះត្រង់ ភាពក្លាហាន និងសេចក្តីស្រឡាញ់ជាសកល ជាពិសេសចំពោះអ្នកក្រីក្រ និងអ្នកត្រូវបានគេបោះបង់ចោល»។
សម្តេចប៉ាប ហ្វ្រង់ស៊ីស បានចូលសហគមន៍ Society of Jesus នៅឆ្នាំ១៩៥៨ ហើយបានឡើងជា ខាឌីណាល នៅឆ្នាំ២០០១ ដោយសម្តេចប៉ាប ចន ប៉ូល ទី២។ មុនពេលក្លាយជាសម្តេចប៉ាប លោកធ្លាប់ធ្វើការជាអ្នកយាម និងជាងសម្អាតនៅប្រទេសអាហ្សង់ទីន។ ការសោយទីវង្គតរបស់លោកបានកើតឡើង ប៉ុន្មានម៉ោងក្រោយ បន្ទាប់ពីលោកបានបង្ហាញខ្លួននៅយ៉រនៃវិមាន St. Peter’s Square ដែលបង្ហាញឱ្យឃើញពីស្ថានភាពសុខភាពរបស់លោកដែលកាន់តែយ៉ាប់យ៉ឺន។
បន្ទាប់ពីការប្រកាសនេះ បណ្តាជននៅទូទាំងពិភពលោកបានប្រមូលផ្តុំគ្នានៅទីលាន St. Peter’s Square ដើម្បីគោរពវិញ្ញាណក្ខន្ធ និងបួងសួងសម្រាប់សម្តេចប៉ាប។ វ៉ាទីកង់ បានចាប់ផ្តើមរៀបចំដំណើរការជ្រើសរើសសម្តេចប៉ាបថ្មី ដែលរំពឹងថានឹងចាប់ផ្តើមនៅប៉ុន្មានសប្តាហ៍ខាងមុខ៕