• 2018-05-04 10:04:33
  • ចរាចរណ៍

មតិមហាជន ក្រោយការបណ្តេញនគរបាលចរាចរណ៍ ២រូប កក្រើកហ្វេសប៊ុក

  • 2018-05-04 10:04:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ករណី​បណ្ដេញ​នគរបាល​ចរាចរណ៍ ២រូប​ ដោយ​សារ​ប្រព្រឹត្ត​កំហុស​ ពិន័យ​ប្រាក់​ជនបរទេស ២០ដុល្លារ កំពុង​ក្លាយ​ជា​ប្រធានបទ​ក្ដៅ​គគុក១ ដោយសារ​តែ​មហាជន​ និង​ អ្នក​ច្បាប់ ​បាន​បង្ហាញ​ការ​យល់ឃើញ​ខុស​ៗ​គ្នា​ ចំពោះ​ចំណាត់ការ​នេះ។

អ្នកប្រើ​បណ្ដាញ​សង្គម​ Facebook ​ដែល​គាំទ្រ​ បាន​លើក​ទ្បើង​ថា ការ​បណ្ដេញ​ចេញ​នេះ​ គឺជាការ​ព្រមាន និង​ផ្ដល់​ជា​គំរូ​ល្អ ដល់​សមត្ថកិច្ច​ដទៃ​ កុំឲ្យ​ធ្វើ​ទង្វើ​នេះ ព្រោះ​អាច​ប៉ះពាល់​មុខមាត់​មន្ត្រី​ស្អាតស្អំ​ផ្សេង​ទៀត​​។

រីឯ​មតិ​អ្នក​ប្រើ Facebook​ មិន​គាំទ្រ បាន​បង្ហាញ​ការ​យល់​ឃើញ​ថា​ ថ្វីបើ​ជា​កំណត់ចាត់ការ​ច្បាប់​ក្ដី ក៏​ថ្នាក់​លើ ​គួរតែ​សម្រាល​ត្រឹម​ពិន័យ​សិន មុន​ឈាន​ដល់​ការ​បណ្ដេញ​ពីមុខ​ងារ។

ក្រៅ​ពី​នេះ តាមរយៈលិខិតចំហរ១ លោក សយ សុភាព​អ្នកសារព័ត៌មាន​ល្បី​ឈ្មោះ​១រូប​ បាន​ស្នើ​ទៅ​កាន់​ស្នងការ នគរបាល​រាជធានី​ភ្នំពេញ គួរពិចារណា​ឡើងវិញ​ ចំពោះ​ករណី​នេះ ត្រូវ​គិត​ពី​គុណសម្បត្តិ​ការងារ ដែល​ពួកគាត់​ខិតខំ​បំពេញ​ រាប់​ឆ្នាំ​មក​ហើយ​នោះ។ ប្រសិន​បើ​មាន​ការ​បណ្ដេញ​ចេញ​មែន នឹង​ធ្វើឲ្យ​ប៉ះពាល់​ដល់​ជីវភាព​ប្រពន្ធ​ កូន​ ដែល​រស់នៅ​ក្នុង​បន្ទុក​របស់​ពួកគាត់ ។ កំហុស​ឆ្គង​នេះ ​គួរ​ណាស់​ត្រឹម​តែ​ដាក់​ពិន័យ​បាន​ហើយ។

ដើម្បី​សុំ​ការ​បំភ្លឺ ក្រុមការងារ Sabay បាន​ទាក់ទង​តាម​ទូរស័ព្ទ​ទៅ​ឯកឧត្ដម ជួន សុវណ្ណ ស្នងការ​នគរបាល​ រាជធានី​ភ្នំពេញ ប៉ុន្តែ​ ជំនួយ​ការ​លោក​ បាន​ប្រាប់​ថា​រឿង គួរ​សួរ​ទៅ​លោក ចេវ ហាក់ ប្រធាន​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​ រាជធានី ​ភ្នំពេញ

តាម​ប្រសាសន៍​ លោក ចេវ ហាក់ បាន​បន្ត​ថា​ រឿង​នេះ​បច្ចុប្បន្ន​ ស្ថិត​ក្នុង​ការ​ទទួល​ខុសត្រូវ​ របស់​លោក វរសេនីយ៍ឯក សែម គន្ធា នាយ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​ រាជធានីភ្នំពេញ

លោក ចេវ ហាក់ ប្រធាន​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​ រាជធានី​ភ្នំពេញ

ក្រុមការងារ Sabay មិន​អាច​ទទួល​ការ​បំភ្លឺ​ពី​លោក សែម គន្ធា​ បានទេ ដោយ​ទូរសព្ទ​ហៅ​ចូល​តែ​គ្មាន​អ្នកទទួល។

ចំណែក​ឯ ​អ្នកច្បាប់​ល្បី​ឈ្មោះ​មួយ​រូប​ គឺ​លោក​មេធាវី សុក សំអឿន ប្រធាន​ក្រុម​អ្នក​ច្បាប់​អមរិន្ទ​បាន​លើក​ទ្បើង​ថា៖ ចំណាត់​ការ​ច្បាប់​ លើ​នគរបាល​ចរាចរណ៍ ២រូបគឺជារឿងល្អ ដើម្បី​រួម​ចំណែក​គោរព​ច្បាប់។ ការ​ពិន័យ​លើស​កំណត់ និង​គ្មាន​វិក្កយបត្រ​ គឺជា​ទង្វើ​ខុស​ឆ្គង និង​អាច​ចាត់​ចូល​ក្នុង​បទល្មើស​វិតិ​ក្រម ឬ​ពុករលួយ ដែល​មាន​ចែង​ក្នុង​ច្បាប់​ប្រឆាំង​អំពើ​ពុករលួយ

លោក​មេធាវី សុក សំអឿន ប្រធាន​ក្រុម​អ្នក​ច្បាប់​អមរិន្ទ​

លោក​មេធាវី​ បាន​បន្ត​ថា៖ គួរតែ​ដល់​ពេល​ហើយ ដែល​យើង​ត្រូវ​រួមគ្នា​លុបបំបាត់​អំពើ​ពុករលួយ​ទាំងអស់​គ្នា។ លោក​ក៏បាន​សំណូមពរ​ថា៖ ចំណាត់​ការ​ដូច​ករណី​នេះ គួរតែ​បន្ត​ឲ្យ​ជាក់​លាក់ និង​ផ្សព្វផ្សាយ​ឲ្យ​កាន់​តែ​ទូលាយ ដើម្បី​ប្រសិទ្ធ​ភាព​យូរអង្វែង និង​គ្រប់​អ្នក​ល្មើសច្បាប់ មិនមែន​កើតមាន​តែ​លើ​អ្នក​ស៊យ​ទេ

តាម​មាត្រា ២ នៃ​ច្បាប់​ប្រឆាំង​អំពើ​ពុករលួយ​ បាន​ចែង​ពី​គោលដៅ​ ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ពុករលួយ​តាមរយៈ​ការ​ចាត់​វិធាន​ការអប់រំ បង្ការ​ទប់ស្កាត់ និង​អនុវត្ត​ច្បាប់​បង្ក្រាប​បទល្មើស​ពុករលួយ ហើយ​ដោយ​មាន​ការ​ចូលរួម និង​គាំទ្រ​ពី​មហាជន​ និង​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ។

ក្រៅ​ពី​នេះ​ បទល្មើស​ពុករលួយ​ ក៏​មាន​បញ្ញត្ត​នៅ​ក្នុង​ ក្រមព្រហ្មទណ្ឌ មាត្រា​​ ២៧៨​ ចែង​ពី​បទ​ស៊ីសំណូក​នៃ​និយោជិត ដោយ​ប្រឈម​ នឹង​ផ្ដន្ទាទោស​ដាក់​ពន្ធ នា​គារ ពី៦ខែ ទៅ២ឆ្នាំ និងពិន័យជាប្រាក់ពី១លានរៀល ដល់ ៤លានរៀល។

អត្ថបទ៖ ពៅ រក្សា​​

មតិយោបល់