• 2023-06-22 08:05:30
  • ចរាចរណ៍

មន្ដ្រីជំនាញរបស់អាជ្ញាធរជាតិអប្សរា ចាប់ផ្ដើមដំឡើងចម្រឹងបង្អួចនៅរួតទី២ នៃប្រាសាទអង្គរវត្តឡើងវិញ

  • 2023-06-22 08:05:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទំព័រហ្វេសប៊ុកផ្លូវការរបស់អាជ្ញាធរជាតិអប្សរា ឲ្យដឹងនៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ នេះថា ចម្រឹងបង្អួចនៅរួតទី២ នៃប្រាសាទអង្គរវត្តបានដំឡើងឡើងវិញ បន្ទាប់ពីជួសជុលរួចរាល់។ ចម្រឹងដែលធ្វើពីថ្មភក់ ដក់ឱ្យនៅតាមកន្លែងដើមឡើងវិញនេះ គឺដើម្បីអភិរក្សថែរក្សាមរតកដូនតាដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក។

រូបថត៖ ហ្វេសប៊ុកអាជ្ញាធរជាតិអប្សរា

ចម្រឹងបង្អួចនេះ មានទម្ងន់ចន្លោះ៥០ ទៅ៦០គីឡូក្រាម កម្ពស់ជាង១.៧២ម៉ែត្រ។ អ្នកជំនាញបានរៀបចំដំឡើងឡើងវិញ បន្ទាប់ពីសំណង់បុរាណនេះទទួលរងការខូចខាតធ្ងន់ធ្ងរ និងជ្រុះធ្លាក់នៅរាយប៉ាយជាយូរមកហើយ។

បុរាណវិទូ និងជាភ្នាក់ងារអភិរក្សប្រាសាទអង្គរវត្ត នៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា លោក សយ សុភារិន្ទ មានប្រសាសន៍ថា ក្រុមការងាររបស់លោកបានចាប់ផ្តើមជួសជុលចម្រឹងបង្អួចធ្វើពីថ្មភក់ទាំងនេះ តាំងតែពីកំឡុងដើមខែមេសា ឆ្នាំ២០២៣ មកម៉្លេះ។ ការងារជួសជុលនេះ ចាប់ផ្តើមឡើងតាំងពីការដើរប្រមូលបំណែកតូចធំរបស់ចម្រឹងបង្អួចដើម្បីយកមកផ្គុំគ្នា ដោយព្យាយាមមិនយកថ្មថ្មីមកជំនួសទេ។

លោក សយ សុភារិន្ទ ឱ្យដឹងទៀតថា ការជួសជុលចម្រឹងបង្អួចធ្វើពីថ្មភក់នៅរួតទី២ នៃប្រាសាទអង្គរវត្តនេះ អនុវត្តន៍ដោយក្រុមអ្នកជំនាញ ព្រមទាំងប្រើបច្ចេកទេសជួសជុលសមស្របទៅតាមបទដ្ឋានដែលអាចធានាបាននូវលក្ខណៈដើម និងសុវត្ថិភាព យូរអង្វែងតទៅមុខទៀត។ ចំណែកបច្ចេកទេស និងការជួសជុលមានដូចជា ការបោសសម្អាត ការដកជាតិអំបិលចេញ ការបិទកាវ ការបិទបាយអរ ដើម្បីពង្រឹងឡើងវិញ ត្រូវបានទទួលស្គាល់ដោយក្រុមអ្នកជំនាញអាដហុករបស់គណៈកម្មការអាយស៊ីស៊ី-អង្គរផងដែរ៕

ជិន សុភ័ក្ដ្រ

មតិយោបល់