• 2018-07-11 07:06:06
  • សេដ្ឋកិច្ច

ស្ងាត់ៗ ថៃ​ប្រកាស​ច្នៃ​សំរាម​ប្លាស្ទិក ធ្វើ​ជា​ថ្នល់​កៅស៊ូ​គុណភាព​ខ្ពស់ ក្រោម​មូលហេតុ​ភ្ញាក់ផ្អើល​មួយ

  • 2018-07-11 07:06:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

  • ថៃ​ស្ថិត​ក្នុង​ចំណាត់​ថ្នាក់​លេខ​៦ ក្នុង​ចំណោម ១៩២ ប្រទេស​ដែល​ចោល​សំណល់​ប្លាស្ទិក​ទៅ​ក្នុង​សមុទ្រ​ច្រើន​បំផុត​ក្នុង​លោក
  • ក្រុមហ៊ុន​ឯកជន​ពីរ រួម​ដៃ​គ្នា​ច្នៃ​សំរាម​ប្លាស្ទិក​ធ្វើ​ថ្នល់​កៅស៊ូ ដើម្បី​កាត់​បន្ថយ​សំរាម​ប្លាស្ទិក​ក្នុង​សមុទ្រ
  • សមាសធាតុ​សំណល់​ប្លាស្ទិក​ប្រើ​ប្រាស់​ឡើង​វិញ​បាន ផ្ដល់​គុណភាព​ផ្លូវ​កៅស៊ូ​កាន់​តែ​ល្អ

ថៃ​កំពុង​បង្ហាញ​ភាព​ជឿន​លឿន និង​ភាព​ទទួល​ខុស​ត្រូវ​របស់​ខ្លួន​លើ​ផ្នែក​សេដ្ឋកិច្ច និង​បរិស្ថាន​កម្រិត​ពិភព​លោក ដោយ​ប្រកាស​គម្រោង​ច្នៃ​សំណល់​ប្លាស្ទិក​ប្រើ​ប្រាស់​ឡើង​វិញ​បាន (Recycled Plastic) ទៅ​ជា​ថ្នល់​កៅស៊ូ​គុណភាព​កាន់​តែ​ខ្ពស់​មួយ​កម្រិត​ថែម​ទៀត ក្រោម​ហេតុផល​លើក​កម្ពស់​ដល់​សេដ្ឋកិច្ច​វិលជុំ (ផលិត ប្រើប្រាស់ និងប្រើឡើងវិញ) បន្ទាប់​ពី​ជោគជ័យ​លើ​គម្រោង​ដូច​គ្នា​នេះ​នៅ​ប្រទេស​ឥណ្ឌា និង​ឥណ្ឌូណេស៊ី​កាល​ពី​ថ្មីៗ​នេះ។

ការ​ប្រកាស​នេះ ធ្វើ​ឡើង​ដោយ​ក្រុមហ៊ុន​ថៃ​ធំៗ​ពីរ គឺ​ក្រុមហ៊ុន​ស៊ីម៉ងត៍ និង​វេច​ខ្ចប់ SCG និង​ក្រុមហ៊ុន​វិទ្យាសាស្ត្រ Dow (Dow Chemical Company) ក្នុង​សន្និសីទ​សេដ្ឋកិច្ច​វិល​ជុំ (Circular Economy) ក្រោម​ប្រធាន​បទ "អនាគត​ដែល​យើង​បង្កើត ឬ The Future we create" នា​ទីក្រុង​បាងកក កាល​ពី​ថ្ងៃ​ចន្ទ ទី​៩ កក្កដា នេះ ដែល​មាន​អ្នក​ចូលរួម​រាប់​ពាន់​នាក់ ក្នុង​នោះ​មាន​ក្រុមហ៊ុន​អន្តរជាតិ​ធំៗ មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​ថៃ សង្គម​ស៊ីវិល សហគ្រាស​ខ្នាត​តូច និង​មធ្យម (SMEs) ក្រុមហ៊ុន​ប្រភេទ Startup សហគមន៍​ក្នុង​ស្រុក និង​អ្នក​សារព័ត៌មាន​ជាតិ និង​អន្តរជាតិ​យ៉ាង​ច្រើន។

បច្ចុប្បន្ន ថៃ​ជាប់​លេខ ៦ ក្នុង​ចំណោម ១៩២ ប្រទេស​ដែល​ចោល​សំណល់​ប្លាស្ទិក​ទៅ​ក្នុង​សមុទ្រ​ច្រើន​ជាង​គេ​បំផុត។ សំណល់​ប្រមាណ​ជា ១១,៥ លាន​តោន ត្រូវ​គេ​ចាក់​ចោល​នៅ​តាម​ខេត្ត​ឆ្នេរ​សមុទ្រ​ទាំង ២៣ ខេត្ត​របស់​ថៃ ក្នុង​នោះ​មាន​ជាង ១,៥ លាន​តោន ជា​សំណល់​ប្លាស្ទិក។ នេះ​យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​រវាង SCG និង Dow។

ក្រុមហ៊ុន​យក្ស​ទាំង​នេះ នឹង​រួម​ដៃ​គ្នា​ប្រែ​ក្លាយ​សំណល់​ប្លាស្ទិក​ប្រើ​ប្រាស់​ឡើង​វិញ​បាន ទៅ​ជា​ថ្នល់​កៅស៊ូ ដើម្បី​ (១) ជួយ​កាត់​បន្ថយ​សំណល់​ប្លាស្ទិក​ក្នុង​សមុទ្រ (២) ធ្វើ​ឲ្យ​គុណភាព​ថ្នល់​កៅស៊ូ​កាន់​តែ​ល្អ​ជាង​មុន (៣) កាត់​បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់ (CO2) ក្នុង​ពេល​ធ្វើ​ផ្លូវ​ថ្នល់។

លោក Roongrote Rangsiyopash ប្រធាន និង​ជា​នាយក​ប្រតិបត្តិ​របស់ SCG ថ្លែង​ថា៖ "SCG បាន​សហការ​ជា​មួយ​អង្គការ​ក្នុង​ស្រុក និង​អន្តរជាតិ​ដើម្បី​បង្កើត​សេដ្ឋកិច្ច​រង្វិល​ជុំ​ប្រកប​ដោយ​និរន្តរភាព។ ការ​សហការ​ជាមួយ​ក្រុមហ៊ុន Dow Thailand Group នឹង​បង្កើត​តម្លៃ​ដល់​កាក​សំណល់​ប្លាស្ទិក និង​លើក​កម្ពស់​ដល់​ការ​ផ្លាស់​ប្ដូរ​បច្ចេកវិទ្យា ព្រម​ទាំង​ការ​ស្រាវជ្រាវ និង​ការ​អភិវឌ្ឍ (R&D)។ បច្ចេកវិទ្យា​ធ្វើ​ផ្លូវ​កៅស៊ូ​ដោយ​ប្រើ​សំណល់​ប្លាស្ទិក​ប្រើ​ប្រាស់​ឡើង​វិញ​នេះ នឹង​មិន​ប៉ះពាល់​ដល់​បរិស្ថាន ថែម​ទាំង​លើក​កម្ពស់​គុណភាព​ជីវិត​មនុស្ស​តាម​រយៈ​ការ​បង្កើត​ការងារ"។

គម្រោង​នេះ នឹង​ជួយ​ឲ្យ​គោលដៅ​អភិវឌ្ឍ​ប្រកប​ដោយ​និរន្តរភាព​ឆ្នាំ​២០២៥ (2025 Sustainability Goals) របស់ Dow អាច​លើក​កម្ពស់​ដល់​សេដ្ឋកិច្ច​រង្វិល​ជុំ តាម​រយៈ​ការ​ផ្ដល់​ដំណោះស្រាយ​ដល់​បញ្ហា​បរិស្ថាន លើក​កម្ពស់​ដល់​ការ​ប្រើប្រាស់​ប្លាស្ទិក​ឡើង​វិញ និង​បង្កើត​បរិយាកាស​ជំនួញ​ប្រកប​ដោយ​និរន្តរភាព​សម្រាប់​អ្នក​ផលិត និង​អ្នក​ប្រើ​ប្លាស្ទិក។

"2025 Sustainability Goals របស់ Dow អាច​សម្រេច​បាន​តាម​រយៈ​ការ​សហការ​ជាមួយ​ស្ថាប័ន​ដែល​មាន​ទស្សនវិស័យ​ដូច​គ្នា។ ការ​សហការ​ជាមួយ SCG ដែល​ផ្ដល់​ដំណោះស្រាយ​​សម្រាប់​សំណល់​ប្លាស្ទិក​យក​ច្នៃ​ទៅ​ធ្វើ​ជា​ផ្លូវ​កៅស៊ូ​ថ្មី នឹង​ធ្វើ​ឲ្យ​យើង​កាន់​តែ​កៀក​នឹង​គោលដៅ​យើង ព្រម​ទាំង​ធ្វើ​ឲ្យ​ផល​ប៉ះពាល់​នៃ​ប្លាស្ទិក​ដល់​បរិស្ថាន មាន​កម្រិត​ទាប"។ នេះ​យោង​តាម​លោក Jeff Wooster នាយក​ផ្នែក​អភិវឌ្ឍ​ប្រកប​ដោយ​និរន្តរភាព​ជា​សាកល​របស់ Dow។

ទោះ​បី​យ៉ាង​ណា​ក៏​ដោយ ក្រុមហ៊ុន​ទាំង​ពីរ​មិន​បាន​បញ្ជាក់​ពី​តម្លៃ​នៃ​ការ​វិនិយោគ​លើ​គម្រោង​នេះ និង​ពេល​វេលា​ត្រូវ​ចាប់​ផ្ដើម​ការ​ងារ​នោះ​ឡើយ។

បញ្ជាក់​ថា កាល​ពី​ពេល​ថ្មីៗ​នេះ Dow បាន​ធ្វើ​គម្រោង​ដូច​គ្នា​នេះ​នៅ​ឥណ្ឌា និង​ឥណ្ឌូណេស៊ី ដើម្បី​ច្នៃ​សំណល់​ប្លាស្ទិក​ប្រើ​ប្រាស់​ឡើង​វិញ​បាន ទៅ​ជា​ផ្លូវ​កៅស៊ូ។ នៅ​ឥណ្ឌា សំណល់​ប្លាស្ទិក​ប្រើ​ប្រាស់​ឡើង​វិញ​ប្រមាណ​ជា ១០០ តោន ត្រូវ​បាន​ច្នៃ​ជា​ផ្លូវ​កៅស៊ូ​ប្រវែង ៤០ គីឡូម៉ែត្រ​នៅ​ទីក្រុង Pune និង Bangalore។ ឯ​នៅ​ទីក្រុង Depok ប្រទេស​ឥណ្ឌូណេស៊ី​វិញ ការ​សាកល្បង​ធ្វើ​ផ្លូវ​កៅស៊ូ​ដំបូង​បំផុត​ចេញ​ពី​សំណល់​ប្លាស្ទិក ៣,៥ តោន បង្កើត​បាន​ផ្លូវ​កៅស៊ូ​ជិត ២ គីឡូម៉ែត្រ៕

អត្ថបទ៖ សុផាត

មតិយោបល់