• 2018-09-04 03:16:29
  • ព័ត៌មាន

ខ្លាឃ្មុំផេនដាសម្បុរត្នោតតែមួយគត់លើលោក នៅរក្សាភាពបរិសុទ្ធ ក្រោយការបង្កាត់បរាជ័យ (វីដេអូ)

  • 2018-09-04 03:16:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Qizai ដែល​ជា​ខ្លាឃ្មុំ​ផេនដា​ឈ្មោល​សម្បុរ​ពណ៌​ត្នោត​តែ​មួយ​គត់​លើ​លោក បាន​ព្យាយាម​បង្កាត់​ជាមួយ​ខ្លាឃ្មុំ​ផេនដា​ញី ប៉ុន្តែ​បែរ​មិន​បាន​សម្រេច។

ខ្លាឃ្មុំផេនដា Qizai

ខ្លា​ឃ្មុំ​ដែល​មាន​អាយុ ៩ ឆ្នាំ​នេះ ត្រូវ​មេ​របស់​វា​បោះបង់​ចោល​នៅ​អាយុ ២ ឆ្នាំ។ បច្ចុប្បន្ន​វា​កំពុង​រស់នៅ​ក្នុង​តំបន់​អភិរក្ស​ធម្មជាតិ Foping Panda Valley នៃ​ខេត្ត Shaanxi ប្រទេស​ចិន ហើយ​ត្រូវ​គេ​រៀបចំ​ឲ្យ​ឆ្លង​កាត់​ការ​រួមរក្ស​លើក​ដំបូង​តាម​បែប​ធម្មជាតិ ជាមួយ​ខ្លាឃ្មុំ​ផេនដា​មួយ​ក្បាល​ទៀត។

គួរ​បញ្ជាក់​ឲ្យ​ដឹង​ថា មាន​ខ្លាឃ្មុំ​ផេនដា​ជា​ច្រើន​ដែល​មាន​សម្បុរ​ពណ៌​ត្នោត ប៉ុន្តែ Qizai គឺ​ខុស​ប្លែក​ពី​គេ ដោយសារតែ​វា​មាន​សម្បុរ​ពណ៌​ត្នោត និង​ពណ៌​ស​សុទ្ធ។ ពណ៌​សម្បុរ​ខុស​គេ​តែ​មួយ​គត់​របស់ Qizai ត្រូវ​គេ​ជឿ​ថា ជា​លទ្ធផល​នៃ​ភាព​មិន​ប្រក្រតី​របស់​ហ្សែន។ លក្ខណៈ​ពិសេស​ដ៏​កម្រ​របស់​វា បាន​ជំរុញ​ឲ្យ​ក្រុម​ការងារ​ស្រាវជ្រាវ​នៅ​តំបន់​អភិរក្ស​ធម្មជាតិ​ខាង​លើ រក​មេ​ដែល​មាន​លក្ខណៈ​សមស្រប ដើម្បី​ឲ្យ​វា​អាច​ផលិត​កូន​ចៅ​ខ្លះ។

​ខ្លាឃ្មុំ Qizai ត្រូវ​បាន​ដាក់​បង្កាត់​តាម​បែប​ធម្មជាតិ​ជាមួយ​នឹង ខ្លាឃ្មុំ​ញី​អាយុ ១៨ឆ្នាំ ឈ្មោះ Zhuzhu ដែល​ធ្លាប់​កើត​បាន​កូន​មាន​សុខភាព​ល្អ ចំនួន ៤ ក្បាល​ពី​មុន​មក។ នៅ​ក្នុង​ក្ដី​សង្ឃឹម​ដើម្បី​អាច​ឲ្យ​ពួកវា​មាន​ភាព​សុខ​ស្រួល​ជាមួយ​គ្នា អ្នក​ស្រាវជ្រាវ​បាន​ដាក់​វា​នៅ​ក្នុង​ទ្រុង​ជិត​គ្នា កាល​ពី​ខែ​មិថុនា​កន្លង​ទៅ។ ថ្វី​បើ​ពួកវា​បាន​បង្ហាញ​ការ​ចាប់អារម្មណ៍​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក ប៉ុន្តែ​ពួក​វា​នៅ​តែ​បរាជ័យ​ក្នុង​ការ​រួមរក្ស ទោះ​ជា​មាន​ការ​ព្យាយាម​ច្រើន​ដង​ក៏​ដោយ។

គួរ​ឲ្យ​ដឹង​ថា ​ខ្លាឃ្មុំ​ផេនដា​ញី រក​ឈ្មោល​តែ​ម្ដង​គត់​ក្នុង​មួយ​ឆ្នាំ ដោយ​មាន​រយៈពេល​ចន្លោះ​ពី ១២ ទៅ ២៥ ​ថ្ងៃ​ប៉ុណ្ណោះ​ ហើយ​ទទួល​យក​ការ​រួមរក្ស​តែ​រយៈពេល ២៤ ទៅ ៣៦ ម៉ោង​ប៉ុណ្ណោះ​ក្នុង​អំឡុង​ពេល​នោះ។

យ៉ាងណាមិញ ដោយសារតែ​មាន​ជម្រើស​តិចតួច​ពេក ក្រោយ​មក​អ្នក​ស្រាវជ្រាវ​បាន​សម្រេចចិត្ត​បញ្ចូល​មេ​ជីវិត​ឈ្មោល​របស់ Qizai ទៅ​ក្នុង​ខ្លួន Zhuzhu តែម្ដង។

ក្រុម​អ្នកវិទ្យាសាស្ត្រ​កំពុង​សង្ឃឹម​ថា នីតិវិធី​នេះ​នឹង​ផ្ដល់​លទ្ធផល​ល្អ​ប្រសើរ​ជាង​ការ​ប៉ុនប៉ង​មុនៗ ព្រោះ​ខ្លាឃ្មុំ​ផេនដា​ញី ចំនួន​៤ក្បាល​មក​ហើយ ត្រូវ​បាន​បញ្ចូល​មេ​ជីវិត​ឈ្មោល​របស់ Qizai ប៉ុន្តែ​សុទ្ធតែ​មិន​មាន​កូន៕

សូម​ទស្សនា​វីដេអូ​ខាង​ក្រោម៖

ចុច​អាន៖

ប្រភព៖ nextshark ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់
អត្ថបទថ្មី