• 2018-10-05 12:13:00
  • ព័ត៌មាន

អាណិត​ពូ​ប៉ូលិស...ហ្នឹង​ហើយ...ដោយ​សារ​តែ​មិន​ព្រម​ជឿតាម​​ពួក​ម៉ាក​ខ្ញុំ!!!

  • 2018-10-05 12:13:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សុំ​ទោស...សុំ​ទោស...ប្រិយមិត្ត ខក​ខាន​ប៉ុន្មាន​សប្ដាហ៍ ដោយ​អត់​មាន​អ្នក​ជួយ​ចែក​រំលែក។ តែ​ថ្ងៃ​នេះ រក​បាន​អ្នក​ចែក​រំលែក​រឿង​អស់​សំណើច សើច​ហួស​ចិត្ត​ទៀត​ហើយ មើល​ហើយ​សើច​លេង​បន្តិច​ទៅ។ នេះ​គឺ​ជា​សាច់​រឿង​របស់​លោក ពេជ្រ មក​ពី​ខេត្ត​សៀមរាប ដែល​លោក ពេជ្រ មាន​រឿង​ជាមួយ​ប៉ូលិស​ចរាចរណ៍។ តោះ...ស្ដាប់​លោក ពេជ្រ រៀបរាប់​ទាំង​អស់​គ្នា៖

ជម្រាប​សួរ តែ​សុំ​លាក់​ឈ្មោះ​ខ្ញុំ​ចុះ​បង​ប្អូន ព្រោះ​យក​រឿង​ពួក​ម៉ាក​មក​និយាយ​ទេ ខ្ញុំ​ក៏​មិន​ហ៊ាន​អះអាង​ថា​ពិត ឬ​មិន​ពិត​ដែរ ព្រោះ​ផឹក​ស៊ី​ជាមួយ​គ្នា​វា​និយាយ​ឲ្យ​ស្ដាប់។ អីចឹង​បើ​វា​កុហក គឺ​កុហក​តាម​គ្នា​ហើយ...ខិខិខិ។ រឿង​នេះ គិត​ជា​រឿង​អស់​សំណើច តែ​រាង​អាក្រក់​ស្ដាប់​បន្តិច សង្ឃឹម​ថា បង​ប្អូន​ទទួល​យក​បាន។

រូប​តំណាង

តាម​ពិត​រឿង​នេះ​ខ្ទង់ ១០​ឆ្នាំ​ហើយ ប៉ុន្តែ​វា​ទើប​តែ​និយាយ​ឲ្យ​ស្ដាប់​ប្រមាណ​ជា ២-៣ ខែ​មុន...។ សុំ​លាក់​ឈ្មោះ​អា​សម្លាញ់​ដែរ ព្រោះ​ជា​រឿង​អាម៉ាស់​របស់​វា។ ពួកម៉ាក​របស់​ខ្ញុំ វា​មាន​ផ្ទះ​ជួល​នៅ​ម្ដុំ​ខាង​លិច​ផ្សារ​អូរ​ឬស្សី ហើយ​តាម​ធម្មតា​ចរាចរណ៍ គឺ​ធ្វើ​ជា​រង្វង់​ពី​ខាង​កើត​មក ប៉ុន្តែ​ថ្ងៃ​មួយ​វា​ក៏​បង្ខំ​ចិត្ត​ទៅ​បញ្ច្រាស ទើប​ធ្វើ​ឲ្យ​កើត​រឿង​ជាមួយ​ប៉ូលិស​ដែល​ប្រចាំ​ការ​នៅ​ទី​នោះ។

អាសម្លាញ់​ដ៏​អភ័ព្វ​របស់​ខ្ញុំ វា​ប្រាប់​ថា ថ្ងៃ​មួយ​វា​ធ្វើ​ទុក្ខ​ពោះ​ខ្លាំង តាំង​ពី​ម្ដុំ​វិមាន​ឯករាជ្យ។ វា​ប្រឹង​ខ្ជឹប​ចង់​ដាច់​ខ្យល់​ងាប់ ខ្លាច​លិច​លើ​ម៉ូតូ(រសជាតិ​បែប​នេះ ជឿ​ថា​នរណា​ក៏​ធ្លាប់​ដែរ ហាហា)។ កាល​នោះ​មិន​ជា​មាន​បង្គន់​សាធារណៈ​អី​ទេ ផ្សារ​ទំនើប​អី ក៏​មិន​សូវ​ដែរ។ ដូច្នេះ​ហើយ វា​សុខ​ចិត្ត​ខាំ​មាត់​សង្កត់​ធ្មេញ ជិះ​ពី​វិមាន​ឯករាជ្យ​សំដៅ​មក​ដល់​ផ្ទះ​វិញ នៅ​អូរ​ឬស្សី។

ពេល​មក​ដល់ ដោយ​សារ​ថា កំសួល​ជន់​ជោរ​ដល់​កំពូល​ទៅ​ហើយ វា​បង្ខំ​ចិត្ត​ខុស​ទម្លាប់​ជិះ​ចូល​ពី​ខាង​កើត​វង់​មក​ខាង​លិច ពោល​គឺ​វា​ជិះ​ហួស​ពី​កើត​កាត់​មុខ​ផ្សារ​មក​ខាង​លិច ហើយ​បត់​ស្ដាំ​វិញ បើ​ទោះ​ដឹង​ថា មាន​ប៉ូលិស​ចាំ​នៅ​ទី​នោះ​ក៏​ដោយ ព្រោះ​លឿន​ជាង បើ​មក​តាម​ដំណើរ ដោយ​ចូល​ពី​ខាង​កើត​មក​ខ្លាច​ថា មិន​ទាន់ ព្រោះ​អាច​កក​ស្ទះ​ចរាចរណ៍​ផង។

រូប​តំណាង

គ្រាន់​ក្បាល​ម៉ូតូ​បត់​ចូល​បញ្ច្រាស​ពី​ខាង​លិច​ផ្សារ​ភ្លាម បង​ប៉ូលិស ស្ទុះ​មក​វឹង​បំណង​ស្ទាក់​ចាប់​ផាក​ពិន័យ​អា​សម្លាញ់​ខ្ញុំ...ប៉ុន្តែ​សម្លាញ់​អភ័ព្វ​អត់​ឈប់​ទេ(ឈប់​យ៉ាង​ម៉េច​បើ​ប្រុង​ផ្ទុះ​ហើយ) វា​បាន​ជិះ​លឿន​គេច​ប៉ូលិស ហើយ​ស្រែក​ប្រាប់​ប៉ូលិស​ថា "ឈឺ​ជុះ​អាចម៍...ៗៗៗ"។ ទំនង​ប៉ូលិស ស្ដាប់​មិន​បាន ស្មាន​តែ​វា​ឲ្យ "អាចម៍" គាត់ បាន​ទាញ​ម៉ូតូ​ជិះ​មក​តាម​អា​សម្លាញ់​ខ្ញុំ​ដល់​ផ្ទះ។

...មក​ដល់​ផ្ទះ​ល្មម...គឺ​ល្មម​គ្រប់​រឿង ប៉ូលិស​ក៏​ដល់​ល្មម...សំខាន់ អាចម៍​ក៏​មក​ដល់​ល្មម​ដូច​គ្នា...។

អាសម្លាញ់​ខ្ញុំ​ឈរ​ឲ្យ​វា​មក​តាម​សម្រួល ថែម​ទាំង​សើច​ហួស​ចិត្ត... “ហើយ​ពូ​ឯង​ធ្វើ​អី...បើ​ប្រាប់​ថា ឈឺ​ជុះ​អាចម៍ៗៗៗ ហើយ​ហ្នឹង...ឃើញ​ទេ​នែក...(សើច)"។ ពូ​ប៉ូលិស ក៏​អស់​សំណើច... “អើ...ស្មាន​តែ​អា​ក្អូន​ឯង​ឲ្យ​អាចម៍​ពូ​អ្ហា!!!” ហាហា...ហ្នឹង​ហើយ អត់​ជឿ​ពួក​ម៉ាក​ខ្ញុំ...ខិខិខិ!!!

បង​ប្អូន​មាន​អនុស្សាវរីយ៍​ហួស​ចិត្ត សើច​សប្បាយ ចង់​ចែក​រំលែក​ សូម​ទាក់​ទង​លេខ ០១០ ៥៥៥ ៦៩៥ ឬ​ផ្ញើ​សារ​ជា​សំឡេង​មក​ប្រអប់​សារ​នៃទំព័រ​ "នឹក​ឡើង​ហួស​ចិត្ត" ក៏​បាន!!!

អត្ថបទ៖ ទារិកា

មតិយោបល់