• 2018-11-05 08:03:13
  • ព័ត៌មាន

ពិការភ្នែកមែន តែខំប្រឹងរហូតទទួលបានអាហារូបករណ៍ ១០០% នៅសាកលវិទ្យាល័យដ៏ធំមួយ

  • 2018-11-05 08:03:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សិស្ស​ស្រី​វៀតណាម​វ័យ​ក្មេង​ម្នាក់ មាន​ឈ្មោះ​ថា Nguyen Thanh Vinh ទទួល​បាន​អាហារូបករណ៍ ១០០% ពេញ ដែល​មាន​តម្លៃ​ជិត ១ពាន់​លាន​ដុង (៤៣ ០០០ដុល្លារ​អាមេរិក) សម្រាប់​ថ្នាក់​បរិញ្ញាបត្រ​រយៈពេល ៣ឆ្នាំ នៅ​សាកលវិទ្យាល័យ RMIT University Vietnam ដ៏​ធំ ស្ថិត​ក្នុង​ទីក្រុង​ហូជីមិញ ប្រទេស​វៀតណាម ដែល​គ្រប់​មុខវិជ្ជា​ទាំង​អស់​ត្រូវ​បាន​បង្រៀន​ជា​ភាសាអង់គ្លេស ដោយ​គ្មាន​ជំនួយ​ការ ឬ​ការ​បក​ប្រែ​ឡើយ។

នាង Nguyen Thanh Vinh

នាង Vinh បាន​កើត​មក​ទាំង​ពិការ​ភ្នែក​ទាំង​គូ នៅ​ក្នុង​ខេត្ត Ninh Thuan ដែល​ជា​តំបន់​ភ្នំ គ្មាន​សាលា​រៀន ឬ​ឱកាស​រៀន​សម្រាប់​ជន​ពិការ​ឡើយ។ ទោះ​បី​ជា​នាង​មិន​ដែល​បាន​ឃើញ​អ្វីៗ​នៅ​ជុំវិញ​ខ្លួន ប៉ុន្តែ​ចំណង់​ចំណូល​ចិត្ត បំណង​ប្រាថ្នា និង​ការ​ប្តេជ្ញា​ចិត្ត​របស់​នាង ធ្វើ​ឲ្យ​នាង​យក​ឈ្នះ​ឧបសគ្គ​គ្រប់​យ៉ាង​តែ​ម្តង។

ម្តាយ​របស់​នាង Vinh បាន​លា​ចាក​លោក​តាំង​ពី​នាង​នៅ​ក្មេង។ ចំណែក​ឯ​ឪពុក​របស់​នាង​វិញ​មាន​អាការៈ​ខ្សោយ​ភ្នែក ហើយ​ធ្វើ​ការ​ជា​កសិករ​ដើម្បី​ចិញ្ចឹម​កូនៗ​ចំនួន ៣នាក់។ នាង Vinh ចង់​រៀន​នៅ​សាលា​ដូច​មិត្តភ័ក្ដិ​របស់​នាង​យូរ​មក​ហើយ ប៉ុន្តែ​ក្តី​ស្រមៃ​របស់​នាង​បាន​ត្រឹមតែ​គិត​ប៉ុណ្ណោះ។ ដើម្បី​ជួយ​ដល់​ក្តី​សុបិន្ត​របស់​នាង ឪពុក Vinh បាន​ចំណាយ​ពេល ៦ ឆ្នាំ ដើរ​សួរ​ពី​សាលារៀន​មួយ​ទៅ​សាលារៀន​មួយ ដើម្បី​ឲ្យ​នាង​បាន​ចូល​រៀន ប៉ុន្តែ​បាន​ត្រឹមតែ​ទទួល​ការ​បដិសេធ ខណៈ​សាលា​ទាំង​នោះ​សារភាព​ថា ពួកគេ​ខ្វះ​ធនធាន ចំណេះដឹង និង ឧបករណ៍​ដើម្បី​បង្រៀន​សិស្ស​ពិការ​ភ្នែក។

ការ​បដិសេធ​ឥត​ឈប់​ឈរ​មិន​បាន​ធ្វើ​ឲ្យ​នាង Vinh បាក់​ទឹក​ចិត្ត​ឡើយ។ ផ្ទុយ​ទៅ​វិញ នាង​បាន​រៀន​អក្សរ Braille ដែល​ជា​អក្ខរ​ក្រម​សម្រាប់​មនុស្ស​ថ្លង់ ដោយ​មាន​ជំនួយ​ពី​បង​ប្អូន និង​មេរៀន​តាម​វិទ្យុ។

នៅ​ឆ្នាំ ២០០៩ កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ឪពុក​នាង​ក៏​ទទួល​បាន​ផល នៅ​ពេល​នាង Vinh បាន​ទាក់ទង​ជាមួយ​អង្គការ Thien An ដែល​ជា​អង្គការ​សប្បុរសធម៌​មួយ បង្រៀន និង​ផ្គត់ផ្គង់​ដល់​អ្នក​ដែល​មាន​បញ្ហា​ភ្នែក​នៅ​ទីក្រុង​ហូជីមិញ។ ក្នុង​រយៈពេល​ត្រឹម​តែ ២ឆ្នាំ​ប៉ុណ្ណោះ នាង​អាច​បញ្ចប់​ថ្នាក់​បឋមសិក្សា​ទាំង​មូល ពោល​គឺ​លឿន​ជាង​កម្មវិធី​សិក្សា​ស្តង់ដារ ដែល​ត្រូវ​បាន​រៀបចំ​ដោយ​ក្រសួង​អប់រំ ៣ឆ្នាំ។

មិន​យូរ​ប៉ុន្មាន នាង​ត្រូវ​បាន​បញ្ជូន​ទៅ​មជ្ឈមណ្ឌល​អប់រំ Center for Continuing Education ដែល​ក្រោយ​មក​នាង Vinh បាន​បញ្ចប់​ថ្នាក់​វិទ្យាល័យ​ជាមួយ​សិស្ស​សាមញ្ញ​ដទៃ​ទៀត​នៅ​ទី​នោះ។ ថ្នាក់​វិទ្យាល័យ គឺ​ជា​ការ​ប្រកួតប្រជែង​ដ៏​ពិបាក​មួយ​សម្រាប់​នាង ព្រោះ​តែ​មុខ​វិជ្ជា​វិទ្យាសាស្ត្រ​ភាគ​ច្រើន ត្រូវ​បាន​បង្រៀន​ដោយ​ក្រាហ្វ និង​គំនូរ​នៅ​លើ​ក្តារ​ខៀន។ ថ្វី​បើ​បែប​នេះ​ក្តី នាង Vinh បាន​ឈ្នះ​ពាន​រង្វាន់​សិស្ស​ឆ្នើម​ប្រចាំ​ឆ្នាំ ក្នុង​អំឡុង​ពេល​សិក្សា ៧ ឆ្នាំ​របស់​នាង។

ដោយ​ជួប​ភាព​លំបាក​ក្នុង​ការ​រៀន​សូត្រ​ជាមួយ​សិស្ស​ធម្មតា ក្នុង​អំឡុង​ថ្នាក់​វិទ្យាល័យ នាង Vinh និង​មិត្ត ៣នាក់​ផ្សេង​ទៀត បាន​បង្កើត​គម្រោង​មួយ​ស្តី​ពី​វិធីសាស្ត្រ​បង្រៀន​សម្រាប់​គ្រូ ដែល​ធ្វើ​ការ​ជាមួយ​ថ្នាក់​រៀន​មាន​សិស្ស​ពិការ​ភ្នែក។

នៅ​ក្នុង​ឆ្នាំ ២០១៧ នាង Vinh និង​មិត្ដភក្ដិ បាន​ចូល​រួម​ក្នុង​កម្មវិធី UNICEF មួយ ដែល​ឧបត្ថម្ភ និង​គាំទ្រ​គម្រោង​សង្គម ដែល​បង្កើត​ឡើង​ដោយ​យុវជន។ ពេល​នោះ នាង​យក​ឈ្នះ​លើ​គូ​ប្រជែង ៦០ក្រុម​ផ្សេង​ទៀត និង​ក្លាយ​ជា​អ្នក​ឈ្នះ​ទាំង ៥ ក្រុម ដើម្បី​ទទួល​បាន​ការ​ឧបត្ថម្ភ​ពី UNICEF។ សមិទ្ធផល​នេះ​គឺ​ជា​គុណសម្បត្តិ​ចម្បង​របស់​នាង Vinh ក្នុង​ការ​ទទួល​បាន​អាហារូបករណ៍ ១០០% ពេញ ដើម្បី​រៀន​នៅ​សាកលវិទ្យាល័យ RMIT University Vietnam៕

ចុច​អាន៖

ប្រភព៖ tuoitrenews ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់
អត្ថបទពេញនិយម