• 2018-12-03 05:55:44
  • ព័ត៌មាន

ជឿថាអ្នកចង់ទៅលេងកំពតមិនតិចទេ! បង្ហាញតម្លៃគេង ៧កន្លែងទេសភាពស្អាតៗបំផុត

  • 2018-12-03 05:55:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខេត្ត​កំពត​ជា​គោលដៅ​ទេសចរណ៍​មួយ​ដ៏​ទាក់ទាញ​បំផុត នៅ​ក្នុង​ប្រទេស​កម្ពុជា អាច​និយាយ​បាន​ថា​សម្បូរ​តំបន់​ទេសចរណ៍​ច្រើន មិន​ថា​ជា​លក្ខណៈ​រីសត ឬ​តំបន់​ធម្មជាតិ​ឡើយ។ អ្វី​ដែល​ពិសេស​នោះ គឺ​តំបន់​នីមួយៗ​សុទ្ធ​តែ​មាន​ទេសភាព​ស្អាត​ៗ​ខ្លាំង។ Sabay សូម​បង្ហាញ​តម្លៃ​កន្លែង​គេង​ស្អាតៗ ៧​កន្លែង​នៅ​កំពត​ដូច​ខាង​ក្រោម​នេះ៖

១. ណាតាយ៉ា

ជា​កន្លែង​កម្សាន្ត​បែប​ស្ងប់ស្ងាត់ ខ្យល់​អាកាស​ដ៏​ល្អ​បរិសុទ្ធ ស័ក្ដិសម​បំផុត​ចំពោះ​អ្នក​ដែល​ចង់​សាង​ភាព​ផ្អែមល្ហែម ជាមួយ​គូស្នេហ៍ ឬ​ទៅ​កម្សាន្ត​ជា​លក្ខណៈ​គ្រួសារ។ ចំពោះ​បន្ទប់​ស្នាក់នៅ ២៣ បន្ទប់ ដែល​មាន​តម្លៃ​ចាប់​ពី ៨០ ដុល្លារ ដល់ ២០០ ដុល្លារ។

ភ្ញៀវ​ទេសចរ​ អាច​ធ្វើ​ដំណើរ​តាម​ផ្លូវ​ជាតិ​លេខ​ ៣ ពី​ទី​រួម​ខេត្ត​កំពត​ចម្ងាយ​ជាង ១៨ គីឡូម៉ែត្រ នឹង​ទៅ​ដល់​រមណីយដ្ឋាន​ណាតាយ៉ា ដែល​ជា​កន្លែង​កម្សាន្ត​បង្កើត​ឡើង​សម្រាប់​អ្នក​ដែល​ត្រូវ​ការ​ភាព​ស្ងប់ស្ងាត់​ផ្សារ​ភ្ជាប់​ធម្មជាតិ។

២. បឹង​កាឡូ​បែប​ធម្មជាតិ Yellow Sun Hostel

Yellow Sun Hostel ដែល​ជាកន្លែង​ស្នាក់​នៅ​ជា​លក្ខណៈ​បឹង​កា​ឡូ​បែបធម្មជាតិ​នៅ​ខេត្ត​កំពត​ ​មាន​សួន​ច្បារ​ និង​ បារ​សម្រាប់​លេង​ ​​កម្សាន្ត ​មិនតែប៉ុណ្ណោះ​ យើង​អាច​ជិះ​ទូក​លេង​កម្សាន្តតាម​មាត់​បឹងទៀត​ផង។ ចំពោះ​តម្លៃ​គេង​មាន​លក្ខណៈ​ផ្សេង​គ្នា​ដូច​ខាង​ក្រោម​នេះ៖

  • មាន​បន្ទប់ប្រភទធំបែប Dorm គេងបាន ១០នាក់ មួយនាក់ ៤ដុល្លារក្នុង មួយយប់

  • បន្ទប់បឹងកាឡូមាត់ទឹក រឺជិតមាត់ទឹក តម្លៃត្រឹមតែ ១២ដុល្លារក្នុងមួយយប់

  • បោះតង់មួយយប់ ៥ ដុល្លារ មានតង់ ពូក ខ្នោយ ភួយ និងកន្សែងអាចគេងបានពីនាក់

៣. Bamboo បឹង​កាឡូ

Bamboo Bungalow គឺ​ជា​កន្លែង​លេង​កម្សាន្ត​ដ៏​ពេញ​និយម​មួយ​នៅ​ក្នុង​ខេត្ត​កំពត ដែល​មាន​កន្លែង​គេង​ជា​បន្ទប់​ដាច់​ពី​គ្នា​ ហើយ​ថែម​ទាំង​មាន​នៅ​ជាប់​មាត់​បឹង​ទៀត​ផង​។ នៅ​ទី​នោះ​មាន​១៧​បន្ទប់ មួយ​បន្ទប់​​មាន​តែ​គ្រែ​មួយ ​ប៉ុណ្ណោះ ចំពោះ​តម្លៃ​វិញ​ ៣០​ដុល្លារ​ក្នុង​មួយ​យប់។

លក្ខណៈ​ពិសេស​ដែល​ភ្ញៀវ​ទេសចរណ៍​ ទទួល​បាន​ គឺ​អាច​គយគន់​ទេសភាព​ដ៏​ស្រស់​បំព្រង​លក្ខណៈ​ធម្មជាតិ​សុទ្ធសាធ ​ហើយ​នៅ​ពេល​ល្ងាច​អាច ជិះ​ទូក​មើល​ថ្ងៃ​រៀប​លិច ជា​ពិសេស​ពេល​យប់​អាច​គយគន់​ហ្វូង​អំពិល​អំពែក​រាប់​លាន​ក្បាល​ទៀត​ផង​។ ចំពោះ​ការ​ជិះ​ទូក​ទស្សនា ភ្ញៀវ​ខ្មែរ​ ៣​ដុល្លារ ចំណែក​ឯ​ភ្ញៀវ​បរទេស​តម្លៃ ៥​ដុល្លារ ចេញ​ដំណើរ​ពី​ម៉ោង ៥ និង​ត្រឡប់​មក​វិញ​ម៉ោង​៧​។

Bamboo Bungalow មាន​ចម្ងាយ​ប្រមាណ​ ២​គីឡូម៉ែត្រ​ប៉ុណ្ណោះ​ពី​ទី​រួម​ខេត្ត​កំពត នៅ​ក្បែរ​ផ្លូវ​រថ​ភ្លើង ក្នុង​ស្រុក​ទឹក​ឈូ ​ខេត្ត​ កំពត។​

៤. រមណីយដ្ឋាន​ ផ្ទះបៃតង (Greenhouse Kompot)

ភ្ញៀវទេសចរ​អាច​ទៅ​សម្រាក​កាយ​បន្ធូរអារម្មណ៍​ ដើរ​ទស្សនាការដាំដុះ​ចំការម្រេច​តាម​បែប​ប្រពៃណី។ ជាង​នេះទៀត ភ្ញៀវ​អាច​ទទួល​ទាន​អាហារ​បន្លែ​ស្រស់​ៗធម្មជាតិ​បេះ​ពីចំការ​ផ្ទាល់​​ និង​កម្សាន្ត​ជាមួយ​សកម្មភាព​ជាច្រើន​ទៀត ដូច​ជា ជិះទូក​កា​យ៉ាក ​ជិះកង់​ និង​ធ្វើ​ដំណើរ​កម្សាន្ត​តាម​ទូក​ជាដើម​។ រមណីយដ្ឋាន​នេះ​ស្ថិត​នៅ​ផ្លូវទឹកឈូ​ ឃុំ​ឧត្តុង្គខ្មែរ ស្រុកទឹកឈូ ខេត្តកំពត​។​ ចំពោះ​តម្លៃ​វិញ​មាន​លក្ខណៈ​ខុស​គ្នា​ដូច​ខាង​ក្រោម៖

  • Deluxe bungalow ៖ មាន​គ្រែ​២ ទឹក​ក្ដៅ ទឹក​ត្រជាក់ គេង​បាន​២​នាក់ ក្នុង​១​យប់​៣៥​ដុល្លារ។

  • Bungalow twin៖ មាន​គ្រែ​២ ទឹក​ក្ដៅ ទឹក​ត្រជាក់ គេង​បាន​៤នាក់ ក្នុង​១​យប់ ៤០​ដុល្លារ

  • Big bungalow៖ មាន​គ្រែ​២ ទឹក​ក្ដៅ ទឹក​ត្រជាក់ គេង​បាន​៤នាក់ ក្នុង​១​យប់ ៥០​ដុល្លារ

  • Bungalow៖ មាន​គ្រែ២ ទឹក​ត្រជាក់ គេង​បាន​គ្នា​២​នាក់ ក្នុង​១​យប់ ៣០​ដុល្លារ

៥. Kompot River Residence

រមណីយដ្ឋាន​Kampot River Residence ​ជា​កន្លែង​កម្សាន្ត​ធម្មជាតិ​ដ៏​ស្រស់​ស្អាត​មួយ​ ដែល​មាន​ទី​តាំង​ស្ថិត​នៅ​ភូមិ​កំពង់​ក្រែង ឃុំ​កំពង់​ក្រែង ស្រុក​ទឹក​ឈូ ខេត្ត​កំពត។ ទី​កន្លែង​នេះ ​ព័ទ្ធ​ជុំ​វិញ​ទៅ​ដោយ​ជួរ​ភ្នំ​ វាល​ស្រែ​ពណ៌​បៃ​តង​ខ្ចី ដង​ព្រែក​ដែល​មាន​ទឹក​ថ្លា​យង់​គួរ​ឲ្យ​ចង់​គយ​គន់​មិន​ជិន​ណាយ។  ចំពោះ​តម្លៃ​ក្នុង​ថ្ងៃ​ធម្មតា ចាប់​ពី​៧៧​ដុល្លារ​ឡើង​គេង​​គ្នា​២​នាក់។ ដោយ​ឡែក​ក្នុង​ថ្ងៃ​ឆ្លង​ឆ្នាំ​៩៥​ដុល្លារ​ឡើង​ទៅ។

៦. ត្រពាំង​សង្កែ

ខ្យល់​សមុទ្រ​ដ៏​ល្អ​បរិសុទ្ធ ខណៈ​ចូល​ដល់​ជំរំ​នៃ​ម្លប់​ដើម​កោងកាង​យ៉ាង​ត្រឈឹងត្រឈៃ នឹង​នាំ​អារម្មណ៍​រីករាយ​សម្រាប់​ភ្ញៀវ​ទេសចរ​​ក្នុង​ពេល​កំពុង​ធ្វើ​ដំណើរ​លើ​​ស្ពាន​​រាប់​រយ​ម៉ែត្រ ដែល​ហ៊ុម​ព័ទ្ធ​ដោយ​សម្រស់​ធម្មជាតិ​​យ៉ាង​ខៀវ​ស្រងាត់​​។ ភូមិ​ទេសចរណ៍​ត្រពាំង​សង្កែ ជា​ដែន​ដី​ ប្រជា​សហគមន៍​នេសាទ បាន​ប្រែក្លាយ​អភិវឌ្ឍ​ទៅ​ជា​ភូមិ​ទេសចរណ៍​ដ៏​ទាក់ទាញ​មួយ​ស្ថិត​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​​ពី​​ក្រុង​កំពត។

លោក សឹម ហ៊ីម ប្រធាន​សហគមន៍​ទេសចរណ៍​ត្រពាំងសង្កែ​បាន​ឲ្យ​ដឹង​ថា តម្លៃ​ស្នាក់​នៅ​១​បន្ទប់ ត្រឹម​តែ​១០​ដុល្លារ គេង​បាន​គ្នា​៤នាក់។

ភ្ញៀវ​នឹង​រីករាយ​នឹង​ខ្យល់​អាកាស​បរិសុទ្ធ​​បក់​ផាត់​ពី​ដៃ​សមុទ្រ គយគន់​​ស្រែ​ស្រូវ​ច្បារ​ដំណាំ​ និង​ស្រែ​​អំបិល​​​របស់​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​។ ភ្ញៀវ​ទេសចរណ៍​អាច​បន្ត​ដំណើរ​តាម​ទូក​ក្នុង​ព្រែក​ក្បាល​រមាស នៅ​អម​សង​ខាង​ជាមួយ​ទេសភាព​ដ៏​ល្អ​ត្រកាល​នៃ​ព្រៃ​លិចទឹក ដើម្បី​បាន​ដល់​តំបន់​អេកូ​ទេសចរណ៍​ព្រៃ​កោងកាង​នា​ឆ្នេរ​សមុទ្រ ដែល​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់សហគមន៍​​ផ្ទាល់​។

ធ្វើ​ដំណើរ​តាម​ផ្លូវ​ជាតិ​លេខ ៣៣ ពី​កំពត​មក​ខេត្ត​កែប​ចម្ងាយ​ជាង ៧ គីឡូម៉ែត្រ អ្នក​ដំណើរ​នឹង​ឃើញ​ផ្ទាំង​ប៉ាណូ​ស្វាគមន៍​ភូមិ​ទេសចរណ៍​ត្រពាំងសង្កែ ដែល​រំលេច​នូវ​រូបភាព​ទេសភាព​ដ៏​ស្រស់​ត្រកាល​​ភូមិ​ទេសចរណ៍​ធម្មជាតិ​មួយ​នេះ។ បត់​ស្តាំ​ចុះ​ពី​ផ្លូវ​ជាតិ​ប្រមាណ​ត្រឹម ៣០០ ម៉ែត្រ​ ​ឆ្លងកាត់​ភូមិ​ឋាន​ប្រជាពលរដ្ឋ នឹង​ចូល​ដល់​​ទីតាំង​ភូមិ​ទេសចរណ៍​​ត្រពាំង​សង្កែ​ ដែល​ស្ថិត​នៅ​ក្បែរ​ដៃ​សមុទ្រ​មាន​ឈ្មោះ​ថា«ព្រែក​ក្បាល​រមាស»។

៧. ក្ដាត​សាណាកា

ក្ដាត​សាណាកា មានទីតាំងនៅជិតសមុទ្រ មានព្រែក មានដើមកោងកាង និង នៅជិតភ្នំបូកគោ ដូច្នេះរីស្សត ក្ដាតសាណាកា ជាគោលដៅសម្រាប់ភ្ញៀវទេសចរ ដែលចូលចិត្តផ្សងព្រេង និង ស្រឡាញ់អេកូទេសចរណ៍។ ការជិះទូកកាយ៉ាក មើល​ព្រៃ​កោងកាង គឺ​ជា​សកម្មភាព​មួយ ដែលរីស្សតនេះផ្តល់ជូនភ្ញៀវរបស់ខ្លួន។ ក្ដាតសាណាកា  មានអគារធ្វើពីឈើប្រក់ស្បូវ៣ខ្នង សម្រាប់ភ្ញៀវស្នាក់នៅតាមបែបធម្មតា និងមានអគារ១ខ្នងទៀត សម្រាប់ស្នាក់នៅដើម្បីមើលអំពិលអំពែក។   

ចំពោះ​តម្លៃ​វិញ មួយ​បន្ទប់​មាន​ចាប់​ពី ១៥ដុល្លារ ២០ដុល្លារ និង​២៥​ដុល្លារ។ រីឯ​តង់​១​តម្លៃ១២ដុល្លារ គេង​គ្នា​បាន​២​នាក់។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក អឿន រស់នៅអមរើន ម្ចាស់រីស្សត ក្ដាតសាណាកា។

ក្ដាតសាណាកា នៅភូមិក្ដាត ឃុំកោះតូច ស្រុកទឹកឈូ ខេត្តកំពត។ រីស្សតមួយនេះ មានចម្ងាយ ១៩គីឡូម៉ែត្រពីទីរួមខេត្តកំពត និងស្ថិតតាមបណ្តោយផ្លូវជាតិលេខ៣ ចន្លោះពី ក្លោងទ្វារឡើងភ្នំបូកគោ ទៅវាលរេញ៕

​​

អត្ថបទ៖ ថោ ច័ន្ទឬទ្ធិ

មតិយោបល់
អត្ថបទពេញនិយម