• 2019-01-03 03:08:44
  • ព័ត៌មាន

សមិទ្ធផលលេចធ្លោរយៈពេល២ឆ្នាំ ក្រោមការដឹកនាំរបស់ចៅហ្វាយរាជធានីភ្នំពេញ

  • 2019-01-03 03:08:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោមការដឹកនាំរបស់ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ បានធ្វើឱ្យរាជធានីភ្នំពេញមានការអភិវឌ្ឍរីកចម្រើនមួយកម្រិតថែមទៀត ពិសេសវិស័យសាធារណការ លើការស្ដារហេដ្ឋារចនាសម្ព័ន្ធ និងការផ្តល់សេវាឱ្យនៅកៀកកិតជាមួយប្រជាពលរដ្ឋ។

ឯកឧត្តម ឃួង ស្រេង

ពាក់ព័ន្ធការងារខាងលើនេះលោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បានឱ្យដឹងថា ក្រោមការដឹកនាំរបស់អភិបាលរាជធានីភ្នំពេញអណត្តិទី៣ រួមមាន៖​

រូបតំណាង
  • ការស្ថាបនាមហាវិថីឈ្នះ ឈ្នះ ចាប់ពីផ្លូវជាតិលេខ៤ ដល់ផ្លូវជាតិលេខ៦A ប្រវែងជាង២៤គីឡូម៉ែត្រ ជាមួយនឹងការដាក់បង្គោលភ្លើងបំភ្លឺសាធារណៈបានបញ្ចប់
  • ការសាងសង់ស្ពានបេតុងឆ្លងទន្លេសាប ដោយបានស្ថាបនារួចរាល់ ស្ពានបាឡេឆ្លងកាត់ទន្លេសាប នៅមុខឃ្លាំងប្រេងសាំងសូគីម៉ិច ក្នុងខណ្ឌប្ញស្សីកែវ។
  • ការបើកការដ្ឋានស្ថាបនាស្ពានអាកាស និងផ្លូវក្រោមដីនៅរង្វង់មូលចោមចៅ ។
  • ស្ថាបនាផ្លូវប្រទះឡាង ខណ្ឌដង្កោ ផ្លូវមេពីព្រៃស ទៅទួលពង្រ។
  • កសាងនូវស្ថានីយបូមទឹកជាច្រើនកន្លែង ដូចជាស្ថានីយបុរី១០០ខ្នង ស្ថានីយលូ៥ ដែលស្ថានីយទាំង២កន្លែងនេះស្ថាបនាបានប្រមាណ៨០ភាគរយ។ បន្តកសាងស្ថានីយបូមទឹកបឹងទំពុន ដែលបានបន្ថែមម៉ូទ័រ២គ្រឿង  ការងារស្ថាបនាបង្ហើយស្ថានីយបូមទឹកបឹងត្របែក ស្ថានីយបូមទឹកទួលគោកទី១ និងស្ថានីយបូមទឹកទួលគោកទី២ ដែលស្ថានីយទាំងអស់នេះមានសមត្ថភាពបូមទឹកខ្លាំងជាងមុនច្រើនដង រហូតទៅដល់ ៥ម៉ែត្រគុប ក្នុងមួយវិនាទី ស្មើនឹង ២៨.៨០០ម៉ែត្រគុប ក្នុង១ម៉ោង ដើម្បីរំដោះនិងកាត់បន្ថយការលិចលង់ដោយជំនន់ទឹកភ្លៀងនៅរាជធានីភ្នំពេញ។
  • ការស្ថាបនាផ្លូវខ្សែក្រវាត់ក្រុងទី២ ដែលបាននិងកំពុងស្ថាបនា ។

  • បន្តចូលរួមកសាងស្ពានអាកាសផ្សារដីហុយដែលបានដាក់ដំណើរការឱ្យប្រជាពលរដ្ឋធ្វើដំណើររាល់ថ្ងៃ។ ការស្ថាបនាបញ្ចប់ផ្លូវជាតិលេខ១ ខណ្ឌច្បារអំពៅ ។

  • ការកសាងរង្វង់មូលស្រីបីគួរស្រូវត្រង់ចំណុចប្រសព្វផ្លូវជាតិលេខ២ ផ្លូវលេខ២០A និងផ្លូវជើងឯកព្រែកជ្រៃ នៅខណ្ឌដង្កោជាប់នឹងព្រំប្រទល់ខេត្តកណ្តាល។

  • ការស្ថាបនាផ្លូវព្រែកថ្លឹង ចាប់ពីផ្លូវ ៦០ម៉ែត្រទៅដល់ផ្លូវជាតិលេខ២ ។

  • ការកសាង និងប្រែក្លាយប្រឡាយស្ទឹងមានជ័យ ពីទឹកស្អុយ និងសំរាមភក់ជ្រាំឱ្យទៅជាប្រឡាយបេតុងអាមេ មានផ្លូវដើរអមមាត់ប្រឡាយ ហើយឱ្យបងប្អូនធ្លាប់រស់នៅលើប្រឡាយមានសិទ្ធិសាងសង់ផ្ទះរស់នៅសមរម្យ ដែលបាននិងកំពុងស្ថាបនាយ៉ាងមមាញឹក ដោយប្រឡាយនេះមានទំហំ៨ម៉ែត្រ ចិញ្ចើម២ម៉ែត្រ សាងសង់ផ្លូវបេតុងទទឹង៦ម៉ែត្រ លើបណ្តោយប្រឡាយប្រវែង ១.៣៩៨ម៉ែត្រ ដោយចាក់បេតុងបុកស៊ីផាយ ។ គម្រោងនេះ បានបែងចែកជា៤ដំណាក់កាល  ក្នុងនោះដំណាក់កាលទី១ មានប្រវែង ៣២៦ម៉ែត្រ សងខាងប្រឡាយសរុបប្រវែង ៦៥២ម៉ែត្រ ហើយក្នុងជំហានទី១នេះ រដ្ឋបាលរាជធានីបានសម្រេចចាប់ឆ្នោតប្រគល់ដីជូនប្រជាពលរដ្ឋដែលរស់នៅលើប្រឡាយនេះ១៥២គ្រួសាររួចហើយ កាលពីប៉ុន្មានខែមុននេះ ហើយប្រជាពលរដ្ឋដែលរស់នៅ និងរងផលប៉ះពាល់ប្រឡាយនេះទទួលបានដីទំហំ៤គុណនឹង៦ម៉ែត្រ ជាកម្មសិទ្ធិស្របច្បាប់នៅនឹងកន្លែងផងដែរ ។ 

  • ការស្ថាបនាផ្លូវនិងស្ពានឡុងឈិនភ្ជាប់ទៅផ្លូវលេខ ១៥១ ក្នុងមូលដ្ឋានខណ្ឌព្រែកព្នៅ និងបានធ្វើការពង្រីកផ្លូវសហព័ន្ធរុស៊្សី ដែលមកដល់ពេលនេះសម្រេចបាន ៩០ភាគរយហើយ។

  • ការងារដាក់បង្គោលភ្លើងបំភ្លឺសាធារណៈលើបណ្តោយផ្លូវជាតិលេខ១ ចាប់ពីភូមិក្តីតាកុយរហូតដល់ព្រំប្រទល់ខេត្តកណ្តាល ។ ដាក់បង្គោលភ្លើងបំភ្លឺសាធារណៈតាមបណ្តោយផ្លូវជាតិលេខ៤ ចាប់ពីរង្វង់មូលចោមចៅរហូតដល់ព្រំប្រទល់ខេត្តកណ្តាល និងផ្លូវនៅក្នុងក្រុងជាច្រើនខ្សែទៀតផង ដូចជា ដាក់បង្គោលភ្លើងបំភ្លឺសាធារណៈតាមបណ្តោយផ្លូវជាតិលេខ៣ ចាប់ពីរង្វង់មូលចោមចៅរហូតជិតដល់ផ្លូវទួលពង្រ ។ រួមជាមួយនឹងការដាក់ភ្លើងស្តុបថ្មីចំនួន១១៥ទីតាំង ដែលជាជំនួយរបស់អង្គការ JICA ប្រទេសជប៉ុន។ 

  • ការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ ដូចជាការផ្តល់សៀវភៅស្នាក់នៅ អត្តសញ្ញាណប័ណ្ណ អត្រានុកូលដ្ឋាន និងសំបុត្រកំណើតជាដើម ។ អ្វីដែលទទួលបានចំណាប់អារម្មណ៍ថ្មីមួយទៀតនោះ គឺការបង្កើតឱ្យមានច្រកចេញ-ចូលតែមួយ ដែលបានបម្រើសេវាកម្មនៅកៀកកិតជាមួយប្រជាពលរដ្ឋតែម្តង ។

  • ការបញ្ចុះតម្លៃប្រើប្រាស់អគ្គិសនី ដល់តូបលក់ដូររបស់អាជីវករក្នុងផ្សារទាំងអស់នៅរាជធានីភ្នំពេញ មកត្រឹម ៧៤០រៀល ក្នុងមួយគីឡូវ៉ាត់ម៉ោង ដែលជាតម្លៃក្នុងប្រភេទពាណិជ្ជកម្មខ្នាតតូច ដែលនឹងចាប់ផ្តើមអនុវត្តន៍ពីខែមករា ឆ្នាំ២០១៩ នេះតទៅ៕

ប្រភព៖ AKP

មតិយោបល់