- 2019-02-07 07:15:00
- ព័ត៌មាន
ស្រូវប្រាំងជាង៣០០ហិកតា ក្នុងតំបន់ខ្លះ នៅកំពង់ឆ្នាំង កំពុងខ្វះទឹក
- 2019-02-07 07:15:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្រូវប្រាំងជាង៣០០ហិកតា ក្នុងតំបន់ខ្លះ នៅកំពង់ឆ្នាំង កំពុងខ្វះទឹក
ចន្លោះមិនឃើញ
ប្រភពពីប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា ស្រូវប្រាំងជាង ៣៥២ហិកតា របស់ប្រជាកសិករនៅក្នុងតំបន់មួយចំនួនក្នុងស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង កំពុងមានខ្វះទឹក។
លោក ដោក ប៊ុនថុន ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា ក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ឆ្នាំង រួមជាមួយអាជ្ញាធរដែនដីបាននឹងកំពុងចុះជួយអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវប្រាំងទាំងនោះ ដោយចុះអន្តរាគមន៍បូមទឹកចំនួន០២កន្លែង ដោយប្រើម៉ាស៊ីន ៦៥សេះ ចំនួន៤គ្រឿង។
ក្នុងនោះបានធ្វើសកម្មភាពបូមទឹកចេញពីប្រឡាយមេចំនួន០២គ្រឿង ស្ថិតនៅភូមិកោះតាមូវ ឃុំកំពង់ព្រះគគីរ និង០២គ្រឿងទៀតធ្វើសកម្មភាពបូមចេញពីបឹងទន្លេសាប ស្ថិតនៅចំណុចភូមិកំពង់ព្រះគគីរ ឃុំកំពង់ព្រះគគីរ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។
លោកប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ឆ្នាំង បានឱ្យដឹងទៀតថា ដោយស្ថានភាពអាកាសធាតុមានការប្រែប្រួលខុសពីធម្មតា ដែលក្នុងប៉ុន្មានឆ្នាំកន្លងមកនេះស្ថានភាពភ្លៀងដើមឆ្នាំបានលឿន និងចុងឆ្នាំមានភ្លៀងតិចដែលជាហេតុបណ្ដាលឱ្យមានការព្រួយបារម្ភកង្វះខាតទឹកស្រោចស្រព និងប្រើប្រាស់។
លោក ឃួន សៅរុំ អភិបាលស្រុកបរិបូណ៌ បានឱ្យដឹងដែរថា ជាវិធានការរបស់មន្ទីរធនធានទឹកនិងអាជ្ញាធរដែនដីដែលត្រូវប្រកាន់យកនោះ គឺត្រូវយកចិត្តទុកដាក់ និងដោះស្រាយដោយប្រើប្រាស់គ្រប់លទ្ធភាពជួយសង្គ្រោះដល់ការងារបង្កបង្កើនផលរបស់បងប្អូន ប្រជាកសិករនៅគ្រប់កន្លែង ដែលមានប្រភពទឹកគ្រប់គ្រាន់នៅក្បែរនោះ។
សូមបញ្ជាក់ថា ស្រុកបរិបូណ៌នៅរដូវបង្កបង្កើនផលស្រូវប្រាំង ឆ្នាំ២០១៨-២០១៩នេះ ស្រុកបានដាក់ចេញនូវផែនការផលិតស្រូវលើផ្ទៃដីចំនួន ២.៦០០ហិកតា ។
ប៉ុន្តែការដាំដុះជាក់ស្ដែងរបស់ប្រជាកសិករមកដល់ពេលនេះ គឺសម្រេចបានលើផ្ទៃដីជាង ៣.៣០០ហិកតាហើយ ពោលគឺបានធ្វើលើសផែនការជាង ៧០០ហិកតា ខណៈផ្ទៃដីមួយចំនួន បាននឹងកំពុងជួបការខ្វះខាតទឹក។ នេះបើតាមលោក លោក ឃួន សៅរុំ អភិបាលស្រុកបរិបូណ៌។