• 2019-02-09 08:15:16
  • សេដ្ឋកិច្ច

ចំណុច​ត្រូវ​ដឹង ​បើ​ចង់​ទៅ​លេង​រដូវ​ផ្ការីក​នៅ​ជប៉ុន​ឲ្យ​ចំ​ពេល និង ចំ​កន្លែង​ស្អាត​បំផុត

  • 2019-02-09 08:15:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​រៀងរាល់​ឆ្នាំ ស្ថាប័ន​​ឧតុនិយម​ជប៉ុន (Japan Meteorological Corporation ឬ JMC) តែងតែ​ព្យាករណ៍​​ថា​សាគូរ៉ា​នឹង​រីក​ពេល​ណា ហើយ​រីក​ខ្លាំង​បំផុត​នៅ​ពេល​ណា។ ការ​ព្យាករណ៍​​បាន​គ្រប​ដណ្តប់​ប្រមាណ ១ ០០០ ទីតាំង​នៅ​ទូទាំង​ប្រទេស ​ហើយ​តែង​ធ្វើ​បច្ចុប្បន្នភាព​ជា​ប្រចាំ​មុន​ពេល​និទាឃៈរដូវ​មក​ដល់។

ផ្ការីក​នៅ Kitakami Park

​ឆ្នាំ​ ២០១៩ នេះ JMC បាន​ព្យាករណ៍​ថា សាគូរ៉ា នឹង​ឆាប់​ចេញ​ផ្កា​ស្គុះស្គាយ​​លឿនជាង​រាល់​ឆ្នាំ។ តើ​ហេតុ​អ្វី? ហើយ​​កន្លែង​ណា និង ពេល​ណា​ដើម្បី​​អាច​ទស្សនា​ទិដ្ឋភាព​ដ៏​ស្រស់ស្អាត​បំផុត​នេះ​បាន?

ទីក្រុង​គូជិ (Kochi) នៃ​កោះ Shikoku ដែល​ជា​កោះ​តូច​បំផុត​ក្នុង​ចំណោម​កោះ​សំខាន់​ទាំង​៤​របស់​ជប៉ុន នឹង​ក្លាយ​ជា​កន្លែង​ដែល​មាន​ផ្កា​សាគូរ៉ា​រីក​ដំបូង​គេ​នៅ​ថ្ងៃ ១៨ ខែ​មិនា ហើយ ​មក​កោះ Kyushu នឹង​ជា​​កន្លែង​​មាន​ផ្កា​រីក​បន្ទាប់។

ទីក្រុង​តូក្យូ ផ្កា​នឹង​ចាប់ផ្តើម​រីក​នៅ​ថ្ងៃ​ទី​ ២២ មីនា លឿន​ជាង​សព្វ​ដង​៤​ថ្ងៃ ហើយ​រំពឹង​ថា​នឹង​រីក​ពេញ​ទំហឹង​នៅ​​ថ្ងៃ​ទី ២៩ ខែ​មីនា។

ភ្នំយ៉ូស៊ីណូ (Mount Yoshino) នៅ​ក្រុង​ណារ៉ា (Nara) គឺ​ជា​កន្លែង​ដែល​មាន​ផ្ការីក​ស្អាត​បំផុត

គោលដៅ​ទេសចរណ៍​សំខាន់ៗ​ផ្សេង​ទៀត​ដូច​ជា ហ៊ីរ៉ូស៊ីម៉ា ចាប់​ផ្តើម​រីក​នៅ​ថ្ងៃ​ទី ២៣ ខែ​មីនា និង ពេញ​ផ្កា​នៅ​ថ្ងៃ​ទី ១ ខែ​មេសា និង អូសាកា​រីក​ថ្ងៃ​ទី ២៧ មីនា និង ពេញ​ផ្កា​នៅ​ថ្ងៃ​ទី ៣ ខែ​មេសា។ ក្រុង Sapporo នៅ​ហុកកៃដូ ភាគ​ខាង​ជើង​ប្រទេស​ជប៉ុន នឹង​រីក​ក្រោយ​គេ ចេញ​ផ្កា​នៅ​ថ្ងៃ​ទី ៤ ខែ​ឧសភា​ឯណោះ។

ហេតុអ្វីបានជា​រដូវ​ផ្ការីក​ឆ្នាំ​នេះ​នៅ​ជប៉ុន​លឿន​ជាង​សព្វ​ដង?

ជា​គោលការណ៍ ផ្ការីក​នៅ​ជប៉ុន​ត្រូវការ​កត្តា​២ ទី​១​ភាព​ត្រជាក់​នៅ​រដូវរងា និង ភាព​កក់​ក្ដៅ​នៅ​និទាឃៈរដូវ។ សាគូរ៉ា​ចាប់​ផ្តើម​មាន​ផ្កា​នៅ​រដូវ​រងា ប៉ុន្តែ​ប្រសិន​បើ​និទាឃៈរដូវ​ឆាប់​មាន​អាកាសធាតុ​ក្តៅ នោះ​ផ្កា​នឹង​ឆាប់​រីក។

ទិដ្ឋភាព​ភ្លើង​​​គោមនា​និទាឃៈរដូវ​នៅ​តាម​ដង​ទន្លេ Meguro ក្នុង​ទីក្រុង​តូក្យូ

ដោយសារ​​អំណោយ​ផល​ធម្មជាតិ​នេះ​ហើយ​ទើប​បាន​ជា​ប្រទេស​ក្តៅ​ដែល​សឹង​​មិន​ស្គាល់​ភាព​ត្រជាក់​ពេញ​១​ឆ្នាំ ឬ ប្រទេស​ត្រជាក់​ដែល​ស្ទើរ​តែ​មិន​ស្គាល់​ភាព​ក្តៅ​ពេញ​១​ឆ្នាំ​​​ កម្រ​នឹង​ទទួល​បទពិសោធន៍​និទាឃៈរដូវ​ដ៏​ស្រស់បំព្រង​គ្មាន​គូ​ប្រៀប​ដូច​នៅ​ជប៉ុន​នេះ​​ណាស់។

Kanazawa ជា​ក្រុង​ប្រវត្ដិសាស្ដ្រត្រូវបានថែរក្សាយ៉ាងស្រស់ស្អាត ហើយ​ត្រូវ​ចាត់ទុកថា​ជា​កន្លែង​មួយ​ក្នុង​ចំណោម​កន្លែង​ទាំង​៣​នៃ​ប្រទេស​ជប៉ុន​ដែល​​មាន​ផ្ការីក​ស្រស់​ស្អាត​បំផុត

តើ​អ្នក​​គួរ​ធ្វើ​អ្វី​នៅ​ពេល​ទៅ​ដើរ​​មើល​ផ្កា​សាគូរ៉ា​ដែល​បញ្ចេញ​សម្រស់​មិន​ចេះ​រីងស្ងួត?

ធ្វើ​ដូច​ជនជាតិ​ជប៉ុន។ មាន​ភេសជ្ជៈ ម្ហូបអាហារ និង កម្រាល​សម្រាប់​អង្គុយ​មើល​សាគូរ៉ា ដែល​ជនជាតិ​ជប៉ុន​ហៅ​ថា hanami មាន​ន័យ​ថា "គយគន់​ផ្កា" គឺ​ជា​ពិចនិច​​លក្ខណៈ​គ្រួសារ​ លើ​កម្រាល ក្រោម​​​ដើម​ផ្កា​ពណ៌​ផ្កា​ឈូក​ស្រូប​ខ្យល់​និទាឃៈរដូវ ជា​រដូវ​​ល្អ​បំផុត​ក្នុង​ចំណោម​រដូវ​ទាំង​៤​ប្រចាំ​ឆ្នាំ។

តើ​កន្លែង​ណា​ដែល​គេ​និយម​ hanami ច្រើន​បំផុត?

ផ្ការីក​នៅ ក្យូតូ

ក្រៅ​ពី​ទីក្រុង​តូក្យូ ទីក្រុង ក្យូតូ ជា​កន្លែង​គយគន់​ផ្កា​ដ៏​ពេញ​និយម​មួយ​ទៀត។ មាន​ឧទ្យាន ម៉ារុយ៉ាម៉ា (Maruyama Park) និង ទស្សនីយភាព​​​ដ៏​អ៊ូអរ​នៅ​មាត់​ទឹក Heian Shrine ប៉ុន្តែ​បើ​អ្នក​ចង់​ទៅ​ទីនោះ ត្រូវ​ត្រៀម​ចិត្ត​ទទួល​យក​ហ្វូង​មនុស្ស​ឲ្យ​ហើយ៕

ប្រភព៖ Independent ប្រែ​សម្រួល៖ សុខ លាងហ៊ត

មតិយោបល់