• 2019-03-19 03:07:54
  • ព័ត៌មាន

ចម្លែកបំផុត! ម៉ារ៉ាតុងនៅបារាំង តម្រូវឲ្យអ្នកចូលរួមផឹកស្រា និងញ៉ាំឈីសតាមផ្លូវ

  • 2019-03-19 03:07:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​រត់​ម៉ារ៉ាតុង​មួយ​ក្នុង​ប្រទេស​បារាំង​ដែល​តម្រូវ​ឲ្យ​អ្នក​ចូល​រួម​ទាំង​អស់​ឈប់​ផឹក​ស្រា និង​ញ៉ាំ​ឈីស បាន​បើក​ទ្វារ​សម្រាប់​ការ​ចុះ​ឈ្មោះ​ហើយ​ក្នុង​ឆ្នាំ​នេះ។

ការ​ប្រកួត​រត់​ម៉ារ៉ាតុង​​នេះ​មាន​ឈ្មោះ​ថា The Marathon du Medoc ដែល​ទទួល​អ្នក​ចូលរួម ៨ ៥០០នាក់​ឲ្យ​រត់​ក្នុង​ចម្ងាយ​ជា​ផ្លូវ​ការ ៤២,១៩ គីឡូម៉ែត្រ​កាត់​តាម​ចម្ការ​ទំពាំងបាយជូរ​នា​ភាគ​និរតី​នៃ​ប្រទេស​បារាំង។ អ្វី​ដែល​ចម្លែក​ក្នុង​ការ​ប្រកួត​នេះ គឺ​អំឡុង​ពេល​នៃ​ការ​រត់ អ្នក​ចូលរួម​ទាំង​អស់​នឹង​ឈប់​ភ្លក់​ស្រា, អ័យស្ទរ, ស្ទេក, ឈីស, ទំពាំងបាយជូរ, ការ៉េម និង​ទស្សនា​ការ​សម្ដែង​តន្ត្រី​ផង​ដែរ។ យោង​តាម​អ្នក​រៀបចំ​កម្ម​វិធី​ឲ្យ​ដឹង​ថា ទី​ផ្ដាច់​ព្រ័ត្រ​នឹង​ត្រូវ​បិទ​ក្នុង​រយៈ​ពេល ៦​ម៉ោង​កន្លះ ដូច្នេះ​វា​នឹង​សម​ល្មម​សម្រាប់​អ្នក​ចូលរួម​ទាំង​អស់​សូម្បី​អ្នក​ទើប​រត់​លើក​ដំបូង​ក៏​ដោយ។ បន្ទាប់ពីការប្រណាំង ក៏​មានការប្រារព្ធពិធីពេញមួយល្ងាចដោយមានក្រុមតន្រ្តី និងអ្នកផលិតក្នុងស្រុកផ្គត់ផ្គង់អាហារនិងភេសជ្ជៈ​បន្ថែម​ទៀត​ផង​ដែរ។

គួរ​ឲ្យ​ដឹង​ថា ការ​ប្រកួត​នេះ ត្រូវ​បាន​ចាប់​ផ្ដើម​ឡើង​កាល​ពី​ឆ្នាំ ១៩៨៥​ដោយ​យក​ឈ្មោះ​តាម​តំបន់​ផលិត​ស្រា Medoc ភាគ​ខាង​ជើង​ទីក្រុង Bordeaux ប្រទេស​បារាំង។ សម្រាប់​ឆ្នាំ​នេះ ការ​ប្រកួត​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​សៅរ៍​ទី ៧​ខែ​កញ្ញា​ហើយ​អ្នក​ដែល​ចូលរួម តម្រូវ​ឲ្យ​បង់​ប្រាក់ ៩៩​ដុល្លារ​ក្នុង​ម្នាក់៕

ប្រភព៖ Dailymail ប្រែសម្រួល ៖ រ័ត្ន

មតិយោបល់