• 2019-04-25 13:33:37
  • ព័ត៌មាន

មក​ដឹង​ពី​ចំនួន​អាសនៈ​សភា​ជាតិ​របស់​កម្ពុជា​តាំង​ពី​ឆ្នាំ​១៩៤៦

  • 2019-04-25 13:33:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខាង​ក្រោម​នេះ​ ជា​ចំនួន​អាសនៈ​របស់​សភា​ជាតិ​របស់​ប្រទេស​កម្ពុជា​តាំង​ពី​ឆ្នាំ​១៩៤៦មក៖

សម័យ​អាណានិគម​បារាំង៖ នៅ​ក្នុង​ពេល​នោះ​ដែរ​ ទោះ​ជា​កម្ពុជា​ស្ថិត​ក្រោម​អាណានិគម​បារាំង​ ប៉ុន្តែ​បារាំង​បាន​ផ្ដល់​ស្វ័យភាព​ដល់​ប្រទេស​កម្ពុជា​ ដែល​ជា​រដ្ឋ​ឯករាជ្យ​មួយ​ក្នុង​សហភាព​ឥណ្ឌូចិន។ ក្នុង​កំឡុង​ពេល​នោះ​ មាន​ការ​ព្រាង​រដ្ឋធម្មនុញ្ញ ហើយ​ឈាន​ទៅ​ដល់​មាន​ការ​បោះឆ្នោត​សកល​ជ្រើសតាំង​រដ្ឋសភា​បណ្ដោះអាសន្ន​ ឬ​សភា​ធម្មនុញ្ញ ដែល​ក្រោយ​មក​វិវត្ត​ជា​សភា​ពេញលេញ​តែ​ម្ដង។ ពេល​នោះ​ចំនួន​សមាជិក​សភា​មាន​៖

  • សភា​ធម្មនុញ្ញ (១៩៤៦-១៩៤៧)៖ មាន​សមាជិក​ ៦៧​រូប។

  • រដ្ឋ​សភា (១៩៤៧-១៩៥១)៖ មាន​សមាជិក ៧៥រូប។

  • រដ្ឋសភា (១៩៥១-១៩៥៣)៖ មាន​សមាជិក ៧៨​រូប។

សម័យ​សង្គមរាស្ត្រនិយម៖ បន្ទាប់​ពី​កម្ពុជា​ទទួល​បាន​ឯករាជ្យ​ពី​បារាំង​មក កម្ពុជា​បាន​រៀប​ចំ​ការ​បោះឆ្នោត​នៅ​ឆ្នាំ ១៩៥៥ តាម​ការ​ព្រមព្រៀង​ក្នុង​សន្ធិសញ្ញា​ហ្សឺណែវ​។ ក្នុង​រយៈពេល ១៥​ឆ្នាំ​នេះ ចំនួន​សមាជិក​សភា​នៅ​កម្ពុជា​មាន​ការ​ប្រែប្រួល​ទៅតាម​ពេលវេលា​ដោយ៖

  • កំឡុង​ឆ្នាំ ១៩៥៥-១៩៥៨៖ មាន​សមាជិក ៩១​រូប។

  • កំឡុង​ឆ្នាំ ១៩៥៨-១៩៦២៖ មាន​សមាជិក ៦១រូប​ ចាប់​ពី​ពេល​នេះ​មក ស្ត្រី​មាន​សិទ្ធិ​បោះឆ្នោត​ហើយ។

  • កំឡុង​ឆ្នាំ ១៩៦២-១៩៦៦៖ មាន​សមាជិក ៧៧​រូប។

  • កំឡុង​ឆ្នាំ ១៩៦៦-១៩៧០៖ មាន​សមាជិក ៨២​រូប។

សម័យ​សាធារណរដ្ឋ​ខ្មែរ៖ ទោះ​ជា​ក្នុង​ស្ថានភាព​សង្គ្រាម​ ក៏​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ​នៅ​អនុវត្ត​លទ្ធិប្រជាធិបតេយ្យ ដោយ​កំឡុង​ពេល ៥​ឆ្នាំ​ មាន​គណៈរដ្ឋមន្ត្រី​ចំនួន ២៥។ រីឯ​ចំនួន​សមាជិក​សភា​វិញ​មាន​ចំនួន៖

  • ១៩៧០-១៩៧២៖ មាន​សមាជិក ៨២​រូប។

  • ១៩៧២-១៩៧៥៖ មាន​សមាជិក ១២៦រូប។

សម័យ​កម្ពុជា​ប្រជាធិបតេយ្យ៖ ក្រោយ​ពី​ផ្ដួល​រលំ​រដ្ឋាភិបាល​សាធារណរដ្ឋ​រួច ពួក​ខ្មែរក្រហម​បាន​បង្កើត​សភា​មួយ​ដែល​មាន​ឈ្មោះ​ថា សភា​តំណាង​ប្រជាជន ដោយ​មាន​សមាជិក ២៥០​រូប។

សម័យ​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា និង​រដ្ឋកម្ពុជា៖ កំឡុង​ឆ្នាំ១៩៨១ ដល់ ១៩៩៣ មាន​សមាជិក​សភា​ចំនួន ១១៧​រូប។

ព្រះរាជាណាចក្រ​កម្ពុជា​ទី​ ២៖ បន្ទាប់​ពី​កិច្ច​ព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស​ ១៩៩១​មក កម្ពុជា​មាន​រៀបចំ​ការ​បោះឆ្នោត​ដោយ​មាន​ការ​ចូល​រួម​ពី​គណបក្ស​ជា​ច្រើន​។ ចាប់​ពី​ពេល​នោះ​មក ចំនួន​សមាជិក​សភា​មាន​ការ​ប្រែប្រួល​ដោយ​ការ​កើន​ឡើង​ចំនួន​ប្រជាជន​ដោយ៖

  • សភា​ធម្មនុញ្ញ ១៩៩៣៖ មាន​សមាជិក ១២០​រូប។

  • រដ្ឋសភា​នីតិកាល​ទី ១ (១៩៩៣-១៩៩៨)៖ មាន​សមាជិក ១២០​រូប។

  • រដ្ឋសភា​នីតិកាល​ទី ២ (១៩៩៨-២០០៣)៖ មាន​សមាជិក​ ១២២​រូប។

  • រដ្ឋសភា​នីតិកាល​ទី ៣ ដល់​ នីតិកាល​ទី ៥ (២០០៨-២០១៨)៖ មាន​សមាជិក ១២៣​រូប។

  • រដ្ឋសភា​នីតិកាល​ទី ៦ (២០១៨-បច្ចុប្បន្ន)៖ មាន​សមាជិក​ ១២៥​រូប៕

អាន​បន្ត៖

ប្រភព៖ រដ្ឋសភាជាតិកម្ពុជា

អត្ថបទ៖ ហ៊ីម រស្មី

មតិយោបល់
អត្ថបទពេញនិយម