• 2019-05-08 08:20:00
  • សេដ្ឋកិច្ច

ចង់ត្រូវប៉ាន់ដីឡូត៏ សូមដឹង៣ចំណុចនេះឲ្យហើយ ក្រែងប៉ះចំគម្រោងខ្យល់

  • 2019-05-08 08:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 63

ចន្លោះមិនឃើញ

ការ​ពុះ​ដី​ឡូត៍​លក់​ កំពុង​រីក​ដុះដាល​ដូច​ផ្សិត​​ច្រើន​កន្លែង ទាំង​នៅ​តាម​ទីក្រុង និង​បណ្ដា​ខេត្ត​នានា។ ទន្ទឹម​នឹង​កំណើន​នៃ​ជំនួញ​ដែល​មាន​អ្នក​ចាប់​អារម្មណ៍​នេះ អ្នក​ជំនាញ​អចលនទ្រព្យ​មួយ​រូប ​បាន​បញ្ជាក់​ពី​ចំណុច​សំខាន់​ ៣យ៉ាង គួរ​យល់​ដឹង​ដើម្បី​បោះ​ទុន​វិនិយោគ​បាន​ជោគជ័យ ​និង​ចៀសវាង​ប៉ះ​ចំ​គម្រោង​ដី​ឡូត៍​ខ្យល់​នាំ​ទុក្ខ​ដាក់​ខ្លួន។

លោក ម៉ាន់ ច័ន្ទឌី អនុ​ប្រធាន​សមាគម​អ្នក​វាយ​តម្លៃ និង​ភ្នាក់ងារ​អចលន​វត្ថុ​កម្ពុជា បាន​បញ្ជាក់​ថា ៣​ចំណុច ដែល​លោក​អ្នក​គួរ​ដឹង ខណៈ​​វិស័យ​ដី​ឡូត៍​កំពុង​មាន​ភាព​រីកចម្រើន​ខ្លាំង​ស្ទើរ​គ្រប់​កន្លែង និង​និង​គ្មាន​បញ្ហា​។ លោក​បន្ថែម​ថា នៅ​ពេល​មាន​ការ​ពុះ​ដី​ឡូត៍ គឺ​បាន​ជួយ​ដល់​សេដ្ឋកិច្ច​ជាតិ ក្នុង​ករណី​មាន​ការ​បង់ពន្ធ​ត្រឹមត្រូវ និង​ជា​ចំណែក​ជួយ​ដល់​អ្នកមាន​ចំណូល​ទាប និង​មធ្យម​កាន់តែ​ច្រើន​ឲ្យ​មាន​ជីវភាព​រីកចម្រើន។

លោក ម៉ាន់ ច័ន្ទឌី

៣​ចំណុច ដែល​លោក​អ្នក​គួរ​ដឹង​ក្នុង​វិស័យ​ដី​ឡូត៍​​មាន​ដូចជា៖

១. ទំហំ​ដី​ត្រូវ​ប៉ាន់​អាច​ទុក​ទិញ ឬ​លក់​បន្ត

ភាគ​ច្រើន​បំផុត នៃ​អ្នក​ទិញ​មិន​ថា​តែ​អ្នក​ទិញ​សម្រាប់​រស់​នៅ ឬ​លក់​ដូរ​បន្ត គឺ​ពួកគេ​ចូលចិត្ត​ដី​ឡូត៍​ទំហំ ២០ គុណ​នឹង ៣០ ដែល​នេះ គឺ​ជា​ទំហំ​ត្រូវ​ប៉ាន់​​ សម​ល្មម និង​មិន​តូច​ពេក ឬ​ធំ​ពេក។ លោក ម៉ាន់ ច័ន្ទឌី បាន​បន្ត​ថា នា​ពេល​បច្ចុប្បន្ន​នេះ សម្រាប់​អ្នក​មាន​ចំណូល​ទាប ឬ​ជីវភាព​មធ្យម​ ពិសេស​គូស្រករ​​វ័យក្មេង អាច​មាន​លទ្ធភាព​ទិញ ដើម្បី​ទុក​ធ្វើ​ផ្ទះ​រស់នៅ។ សម្រាប់​អ្នក​ដែល​ចង់​ទិញ​ដើម្បី​ទុក​លក់​បន្ត ក៏​ងាយ​ត្រៀម​ខ្ទង់​លុយ ឬ​រក​កម្ចី​ខ្នាត​តូច ឬ​មធ្យម​បាន​ស្រួល​ដែរ ហើយ​មិន​សូវ​ពិបាក​បង់​រំលោះ​​ច្រើន​ដល់​ថ្នាក់​រីង​ខ្លួន​ផង​ដែរ។

២. តំបន់​ដែល​គួរ​ពិចារណា

នៅ​រាជធានី​ភ្នំពេញ ប្រហែល​ជា​១០​ឆ្នាំ​មុន តំបន់​សំបូរ​ដី​ឡូត៍​ពុះ​លក់ គឺ​នៅ​តំបន់​ទួលគោក សែនសុខ និង​អន្លង់​ក្ងាន។ លោក ម៉ាន់ ច័ន្ទឌី បន្ត​ថា បច្ចុប្បន្ន ដី​តំបន់​នោះ គឺ​បាន​ហក់​ឡើង​ថ្លៃ​ខ្លាំង​​គួរ​ឲ្យ​កត់​សម្គាល់។ ដូច្នេះ និន្នាការ​នេះ​នៅ​តែ​មាន និង​បាន​រំកិល​ខ្លួន​ធ្លាក់​ទៅ​តំបន់​ជុំវិញ ឬ​នៅ​ជិត​ៗ រាជធានី​ភ្នំពេញ។

សម្រាប់​តាម​បណ្ដា​ខេត្ត​វិញ គឺ​មាន​សកម្មភាព​នេះ​ដូចគ្នា ដូចជា​នៅ​ខេត្ត​បាត់ដំបង សៀមរាប ក្រុង​ប៉ោយប៉ែត បន្ទាយមានជ័យ ព្រៃវែង និង​ខេត្ត​កំពង់ស្ពឺ​ជាដើម។ អ្វី​ដែល​សំខាន់​គួរ​ដឹង​បន្ថែម មុន​ទិញ គឺ​ស៊ើបសួរ​ប្រវត្តិ​ដី​ឲ្យ​ច្បាស់ ឬ​ព្យាយាម​សាកសួរ​ពី​ភ្នាក់ងារ​អចលន​វត្ថុ​ណា​មួយ​ក៏បាន ដែល​អាច​ទុក​ចិត្ត​ មាន​ជំនាញ​ស្រាប់ គឺ​កាន់​តែ​ប្រសើរ។ នេះ​បើ​តាម លោក ម៉ាន់ ច័ន្ទឌី អនុ​ប្រធាន​សមាគម​អ្នក​វាយ​តម្លៃ និង​ភ្នាក់ងារ​អចលន​វត្ថុ​កម្ពុជា។

៣. របៀប​មើល​ដី​ឡូត៍​ស្រប​ច្បាប់

អនុ​ប្រធាន​សមាគម​អ្នក​វាយ​តម្លៃ​ខាងលើ បាន​បញ្ជាក់​ថា តាម​ពិត​ទៅ​ការ​ពុះ​ដី​ឡូត៍​គឺ​មាន​យូរ​មក​ហើយ​ដែល​បាន​ជួយ​ច្រើន​ដល់​សេដ្ឋកិច្ច មិនមែន​ទើប​មាន​ឥលូវ​ៗ​ទេ។ ដូច្នេះ​ហើយ​ទើប​កន្លង​ទៅ​ក៏​មាន​ជន​ឆ្លៀត​ឱកាស​មួយ​ចំនួន​ បាន​ក្លែងបន្លំ គម្រោង​ដី​ឡូត៍​ខ្យល់ (គ្មាន​ឯកសារ ឬ​ទីតាំង​ច្បាស់លាស់) ហើយ​ប្រមូល​លុយ​កក់​របស់​អតិថិជន​រត់បាត់​ស្រមោល។

ដើម្បី​ចៀស​វាង​បញ្ហា​នេះ របៀប​សម្គាល់​លក្ខខណ្ឌ​ដី​ឡូត៍​ស្រប​ច្បាប់ គឺ​ត្រូវ​មាន​ឯកសារ​នៃ​អ្នក​ផ្ទេរ​កម្មសិទ្ធិ (ម្ចាស់​ដី​រួម) ទៅ​ម្ចាស់​អាជីវកម្ម (អ្នក​ទិញ​បន្ត) ដែល​មាន​បង់​ពន្ធ និង​​ប្រថាប់​ត្រា​ចូល​រដ្ឋ ចំនួន​៤%។ ដំណាក់កាល​បន្ទាប់ ​ត្រូវ​មាន​ឯកសារ​ផ្ទេរ​កម្ម​សិទ្ធិ​ពី​ម្ចាស់​អាជីវកម្ម មក​អតិថិជន ដែល​បាន​ទិញ​ដី​ពុះ​ឡូត៍​បន្ត ដែល​មាន​បង់ពន្ធ និង​​ប្រថាប់​ត្រា​ចូល​រដ្ឋ ចំនួន​៤% បន្ថែម។

សូម​បញ្ជាក់​ថា លោក ម៉ាន់ ច័ន្ទឌី អនុ​ប្រធាន​សមាគម​អ្នក​វាយ​តម្លៃ និង​ភ្នាក់ងារ​អចលន​វត្ថុ​កម្ពុជា បាន​លើក​ឡើង​ជា​គន្លឹះ​ខាង​លើ នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន នៅ​ឯ​សណ្ឋាគារ​កាំបូឌីយ៉ាណា ដែល​រៀបចំ​ដោយ​ក្លិប​អ្នក​កាសែត​កម្ពុជា និង​សមាគម​អ្នក​វាយ​តម្លៃ​ និង​ភ្នាក់ងារ​អចលវត្ថុ​កម្ពុជា។

អត្ថបទ៖ ពៅ រក្សា

មតិយោបល់