• 2019-05-11 07:00:00
  • សេដ្ឋកិច្ច

​ប៊ូតាន់​​ប្រទេស​ស្រស់​ស្អាត​បំផុត ​គួរ​ទៅ​​ទស្សនា​ឲ្យ​បាន​ម្ដង​ក្នុង​ជីវិត

  • 2019-05-11 07:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកសារព័ត៌មាន​ជើង​ចាស់​ ABC News របស់​អាមេរិក លោក Bob Woodruff បាន​រៀបរាប់​​​ថា លោក​បាន​​ទៅ​​ទស្សនា​ប្រទេស​ជាង ១២០ នៅ​ជុំវិញ​ពិភពលោក ហើយ​ប៊ូតាន់​គឺ​ជា​ប្រទេស​ដ៏​ស្រស់​ស្អាត​បំផុត​ដែល​លោក​មិន​ធ្លាប់​បាន​ឃើញ​ពី​មុន។

វា​ជា​ដែនដី​ពណ៌​បៃតង​ហើយ ៧២% នៃ​ផ្ទៃដី​សរុប​គ្រប​ដណ្ដប់​ទៅ​ដោយ​ព្រៃ​ឈើ។ នេះ​បើ​តាម ABC News។

ប៊ូតាន់​ត្រូវ​​បាន​គេ​ប្រសិទ្ធិនាម​ថា​ជា​ដែនដី​​ដ៏​មាន​សុភមង្គល​បំផុត​លើ​លោក ព្រោះ​​ការ​អភិវឌ្ឍ​​ធ្វើ​ឡើង​តែ​ក្នុង​លក្ខខ័ណ្ឌ​ដែល​ធ្វើ​ឱ្យ​ប្រជាជន​សប្បាយ​រីករាយ​ប៉ុណ្ណោះ។ ប្រភព​ខាង​លើ​បន្ត។

ប្រជាជន​ក្នុង​ស្រុក​ត្រូវ​តម្រូវ​ឲ្យ​ស្លៀក​សំលៀកបំពាក់​បែប​ប្រពៃណី​ជា​រៀង​រាល់​ថ្ងៃ ព្រោះ​ប៊ូតាន់​​ជា​កូន​ប្រទេស​តូច​ដែល​មាន​ប្រជាជន​ប្រមាណ​​តែ​ជាង ៨១ ម៉ឺន​ នាក់​​ប៉ុណ្ណោះ។

រឿង​ដ៏​ពិសេស​មួយ​ទៀត​របស់​ប្រទេស​អាស៊ី​មួយ​នេះ​គឺ យោង​តាម​ទស្សនាវដ្តី Forbes ប៊ូតាន់​មាន​ប្រលានយន្តហោះ​គ្រោះថ្នាក់​បំផុត មាន​អាកាសយានិក​ដែល​មាន​សមត្ថភាព​ត្រឹម​តែ ១៧ នាក់​ប៉ុណ្ណោះ​ដែល​អាច​​ចុះចត​នៅ​លើ​ប្រលានយន្តហោះ​ផារ៉ូ (Paro)។

តើ​ពិបាក​ទេ​​ក្នុង​ការ​សុំ​ទិដ្ឋាការ​ទៅ​លេង​ប្រទេស​ប៊ូតាន់?

ប៊ូតាន់​​កំហិត​​ចំនួន​ភ្ញៀវ​ទេសចរ ដែល​អនុញ្ញាត​ឱ្យ​ទៅ​ទស្សនា​ក្នុង​ប្រទេស​នោះ​ក្នុង​មួយ​ឆ្នាំៗ ដែល​នេះ​ធ្វើ​ឲ្យ​មនុស្ស​ជុំវិញ​ពិភពលោក​យល់​ថា​ សុំ​ទិដ្ឋាការ​ទៅ​លេង​ប្រទេស​ដ៏​ស្រស់​ផូរផង់​​មួយ​នេះ​គឺ​ជា​រឿង​លំបាក។

ប៉ុន្តែ​រដ្ឋាភិបាល​ប៊ូតាន់​បាន​អះអាង​ថា​ ការ​ធ្វើ​ឡើង​ដូច្នេះ​គឺ​ដើម្បី​ការពារ​វប្បធម៌​ទំនៀម​ទម្លាប់ និង បរិស្ថានធម្មជាតិ​របស់​គេ ដោយ​បាន​បង្កើត​គោលការណ៍​ "តម្លៃ​ខ្ពស់ និង ផល​ប៉ះពាល់​តិច"។ ​​

ក្នុង​នាម​ជា​ប្រទេស​​ពិសេស ប៊ូតាន់​ក៏​ទាមទារ​ឱ្យ​មាន​ច្បាប់​​ពិសេស​ក្នុង​ការ​អនុវត្ត​តាម​ដែរ។ ប៉ុន្តែ​បើ​មាន​បំណង​ចង់​ទៅ​ប្រទេស​ដ៏​អស្ចារ្យ​នេះ សូម​កុំ​គិត​ថា​​ការ​ពិបាក​សុំ​ទិដ្ឋាការ​ជា​ឧបសគ្គ​ឲ្យ​សោះ។

អ្នក​អាច​ដាក់​ពាក្យ​សុំ​ទិដ្ឋាការ​ជាមួយ​ ក្រុមហ៊ុន​ចុះ​បញ្ជី​ទទួល​ស្គាល់​ដោយ​ក្រុមប្រឹក្សា​ទេសចរណ៍​របស់​ប្រទេស​ប៊ូតាន់។ ទិដ្ឋាការ​នេះ​មាន​តម្លៃ ៤០ ដុល្លារ។

នៅ​ពេល​អ្នក​កក់​ដំណើរ​កម្សាន្ត​ និង​បង់​ប្រាក់​ទៅ​ក្រុមហ៊ុន​ទេសចរណ៍​ ពួកគេ​នឹង​រៀបចំ​ទិដ្ឋាការ​សម្រាប់​អ្នក។ ហើយ​អ្វី​ដែល​អ្នក​ត្រូវ​ធ្វើ​ គឺ​ត្រូវ​កាន់​លិខិតឆ្លងដែន​ពេល​អ្នក​បាន​ទិដ្ឋាការ និង កាន់​លិខិត​ផ្លូវការ​អនុញ្ញាតឲ្យ​ចូល​ប៊ូតាន់របស់​ក្រុមហ៊ុន​ទេសចរណ៍​​ដែល​បាន​ផ្ញើ​មក​ឲ្យ​អ្នក។ ​

យោង​តាម​ គេហទំព័រ​ផ្លូវការ​របស់​​ក្រុមប្រឹក្សា​ទេសចរណ៍​ប៊ូតាន់ នៅ​ខែ​ high season (មីនា មេសា ឧសភា កញ្ញា តុលា និង វិច្ឆិកា) អ្នក​ត្រូវ​ចំណាយ​ ២៥០ ដុល្លារ​ក្នុង​១​ថ្ងៃ​សម្រាប់​មនុស្ស​ម្នាក់ ហើយ​ខែ​ធម្មតា (មករា កុម្ភៈ មិថុនា កក្កដា សីហា) ត្រូវ​ចំណាយ ២០០ ដុល្លារ។

ក្នុង​នោះ​ ៦៥ ដុល្លារ ពី​ថ្លៃ​ចំណាយ​របស់​អ្នក រដ្ឋាភិបាល​ប៊ូតាន់ នឹង​យក​ទៅ​ប្រើ​សម្រាប់​​អភិវឌ្ឍ​វិស័យ​អប់រំ សេវា​សុខភាព​ឥត​បង់​ថ្លៃសម្រាប់​ពលរដ្ឋ និង មួយចំនួន​ទៀត​សម្រាប់កាត់​បន្ថយ​ភាព​ក្រីក្រ​ក្នុង​ប្រទេស។ ​

ការ​ចំណាយ​ ២០០ ទៅ ២៥០ ដុល្លារ​ក្នុង​១​ថ្ងៃ​របស់​អ្នក ក្រុមហ៊ុន​ទេសចរណ៍​នឹង​រ៉ាប់រង​​ទៅ​លើ៖​

  • កន្លែង​ស្នាក់​នៅ​សម្រាប់​សណ្ឋាគារ​ផ្កាយ​៣
  • អាហារ​៣​ពេល
  • មគ្គុទ្ទេសក៍​ទេសចរ​ដែល​មាន​អាជ្ញាប័ណ្ណ
  • មធ្យោបាយ​ធ្វើ​ដំណើរ​ទាំង​អស់​ក្នុង​ប្រទេស
  • ឧបករណ៍​បោះតង់ សេះ (ប្រើ​ដើម្បី​ដឹក​ជញ្ជូន​សម្ភារៈ​របស់​អ្នក) ចុង​ភៅ និង ក្មេង​​ជញ្ជូន​​អាហារ​ថ្ងៃ​ត្រង់​ករណី​អ្នក​​ដើរ​លេងភ្នំ
  • សំបុត្រ​ចូល​ទស្សនា​កន្លែង​នានា

ប៊ូតាន់​ប្រហែល​ជា​ប្រទេស​ដ៏​ស្រស់​ស្អាត​បែប​ធម្មជាតិ​ចុង​ក្រោយ​លើ​លោក ជាមួយ​ការ​ថែរក្សា​ប្រពៃណី​ព្រះពុទ្ធ​សាសនា​ដ៏​ជ្រាលជ្រៅ​ ការ​រក្សា​បាន​នូវ​សារ​សំខាន់​នៃ​គ្រួសារ និង ទេសភាព​ដ៏​​ស្រស់​បំព្រង​នៃ​ជួរ​ភ្នំ​ផារ៉ូ ហើយ​ក៏​ជា​ប្រទេស​ដ៏​គួរ​ឲ្យ​ចាប់​ចិត្ត​បំផុត​លើ​ផែនដី ដែល​អ្នក​គួរ​ទៅ​លេង​ប្រទេស​នេះ​យ៉ាង​ហោច​ណាស់​ឲ្យ​បាន​ម្តង​ក្នុង​ជីវិត៕ ​

អាន៖ ប៊ូតាន់​ត្រូវ​​បាន​គេ​ប្រសិទ្ធិនាម​ថា​ជា​ដែនដី​​ដ៏​មាន​សុភមង្គល​បំផុត​លើ​លោក

អាន៖ ព្រលានយន្ដហោះគ្រោះថ្នាក់បំផុតនៅប៊ូតាន់ មានពីឡុតមិនដល់ ២០នាក់ហ៊ានចុះចត

ប្រភព៖ ABC News ប្រែ​សម្រួល៖ សុខ លាងហ៊ត

មតិយោបល់