• 2019-05-11 07:25:17
  • សេដ្ឋកិច្ច

ក្រុមហ៊ុនព្រីនស៍ បាន​បរិច្ចាក​ថវិកា​ចំនួន ៦០ ម៉ឺនដុល្លារ​អាមេរិក ជូនកាកបាទ​ក្រហម​កម្ពុជា

  • 2019-05-11 07:25:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​ព្រីន​ស៍​ រៀល​អ៊ីស្ទេត គ្រុប បាន​បរិច្ចាគ​ថវិកា​ចំនួន ៦០​ម៉ឺន​ដុល្លារ​អាមេរិក​សម្រាប់​គាំទ្រ​ដល់​កិច្ចការ​មនុស្ស​ធម៌​របស់​កាកបាទ​ក្រហម​កម្ពុជា។ ការ​បរិច្ចាគ​នេះ​ធ្វើ​ឡើង​នៅ​ក្នុង​ពិធី​អបអរខួប​លើក​ទី ១៥៦ ទិវា​ពិភពលោក​កាកបាទក្រហម អឌ្ឍចន្ទ​ក្រហម​ ក្រោម​ប្រធាន​បទ​ «ខ្ញុំ​ស្រឡាញ់​កាកបាទ​ក្រហម​កម្ពុជា» កាល​ពី​ថ្ងៃ​ទី​ ០៨ ខែ​ឧសភា ឆ្នាំ ២០១៩។ ទិវា​ដ៏​មាន​សារ​សំខាន់​ខាង​លើ​នេះ បាន​ធ្វើ​ឡើង​ក្រោម​វត្តមាន​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​អគ្គមហាសេនា​បតី​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្ដ្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៉ុន រ៉ានី ហ៊ុនសែន។

នៅ​ក្នុង​កម្មវិធី​នេះ លោក ឈាវ គួរស៊ីញ ប្រធាន​ប្រតិបត្តិ​ក្រុមប្រឹក្សាភិបាល​នៃក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប និងលោក លី មីញ នាយកប្រតិបត្តិនៃក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប បាន​ទទួល​ការ​ជួប​សំណេះសំណាល​យ៉ាង​រាក់ទាក់ ក៏ដូចជា​ការ​ថត​រូប​ជុំគ្នា​ជាមួយ​សម្ដេច​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្ដ្រី​​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង សម្តេច​កិត្តិព្រឹទ្ធ​បណ្ឌិត ប៉ុន រ៉ានី ហ៊ុនសែន។

សម្តេច​តេជោ ហ៊ុន សែន   ក៏​បាន​កោត​សសើរ​ពី​ការ​បរិច្ចាគ​ដោយ​មិន​គិត​ពី​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន​របស់​ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប។ បន្ទាប់​មក លោក​ប្រធាន ឈាវ គួរស៊ីញ និង​លោក​នាយក លី មីញ បាន​ប្រគល់​ថវិកា​បរិច្ចាគ​ជូន​ដល់​កាក​បាទ​ក្រហម​កម្ពុជា។

ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប ក៏​បាន​បរិច្ចាក​ថវិកា​ជូន​ដល់​កាក​បាទ​ក្រហម​កម្ពុជា តាម​រយៈ​សាលា​រាជ​ធានី​ភ្នំពេញ ចំនួន ៥ម៉ឺន​ដុល្លារ​អាមេរិក និង​សាលា​ខេត្ត​ព្រះសីហនុ​ចំនួន ៥ម៉ឺន​ដុល្លារ​អាមេរិក  ដែល​ទឹក​ប្រាក់​សរុប នៃ​ការ​បរិច្ចាគ​មាន​ចំនួន ៦០ ម៉ឺន​ដុល្លារ​អាមេរិក។

កាក​បាទ​ក្រហម​កម្ពុជា​ជា​អង្គការ​មនុស្សធម៌​ធំ​ជាងគេ​បំផុត​នៅ​កម្ពុជា និង​ជា​ស្ថាប័ន​សាធារណៈ​ដែល​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ទទួល​ស្គាល់​ជាផ្លូវ​ការ​ថា​ជាស្ថាប័ន​បម្រើសេវា​មនុស្សធម៌​នៅ​កម្ពុជា។

ទិវា​ពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ត្រូវ​បាន​ប្រារព្ធ​ធ្វើ​ឡើង​ជារៀងរាល់ឆ្នាំ ក្នុង​គោល​បំណង​ផ្សព្វផ្សាយ​អំពី​សមិទ្ធិផល​សម្រេច​បាន និង​កៀរគរ​រក​មូលនិធិ ដើម្បី​បន្ដ​ប្រតិបត្ដិការ​មនុស្សធម៌ ជួយ​ប្រជាពលរដ្ឋ​រង​គ្រោះ​គ្មាន​ទីពឹង​ពាក់​នៅ​ទូទាំង​ប្រទេសកម្ពុជា។

ភាព​ជោគជ័យ​តែង​សម្រេច​បាន​ដោយ​សារ​ភាព​សប្បុរស។ ចាប់​តាំង​ពី​ក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប បង្កើត​ឡើង  ក្រុមហ៊ុន​បាន​បង្កើត​ឡើង​នូវ​អង្គការ​មូលនិធិ​សប្បុរសធម៌​ព្រីនស៍ រៀល អ៊ីស្ទេត។ យោង​តាម​ទស្សនៈ​វិស័យ នៃ​ការ​អភិវឌ្ឍ «ការ​យក​ចិត្ត​ទុក​ដាក់  និរន្តរភាព មិត្តភាព ភាព​សុខដុម​រមនា» ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប បាន​អនុវត្ត​យ៉ាង​សកម្ម​នូវ​ទំនួល​ខុស​ត្រូវ​សង្គម ការ​កាត់​បន្ថយ​ភាព​ក្រីក្រ  ការ​ជួយ​សង្គ្រោះ​ក្មេង​កំព្រា និង​ជនពិការ  ព្រមទាំង​ការ​បរិច្ចាគ​ថវិកា​ជួយ​ដល់​ការ​សិក្សា​ផងដែរ។  គិត​មក​ដល់​បច្ចុប្បន្ន  អង្គការ​មូលនិធិ​សប្បុរសធម៌​ព្រីនស៍ រៀល អ៊ីស្ទេត បាន​សម្រេច​សកម្មភាព​សប្បុរសធម៌​ជាង ២០០ កន្លែង ដែល​បាន​ឧបត្ថម្ភ​ជា​សម្ភារៈ និង​ថវិកា​ចំនួន ៦ លាន​ដុល្លារ​អាមេរិក និង​ផ្តល់​អត្ថប្រយោជន៍​ដល់​ប្រជាជន​ជាង ១៥ ម៉ឺននាក់។      

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

មតិយោបល់
អត្ថបទថ្មី