• 2019-06-11 03:15:31
  • ព័ត៌មាន

ក្រសួង​ការងារ​​ហាម​ក្មេង​ចូល​ទៅ​ក្នុង​បរិវេណ​ខ្សែ​សង្វាក់​ផលិតកម្ម​ នៃ​សិប្បកម្ម​ផលិត​ឥដ្ឋ

  • 2019-06-11 03:15:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួង​ការងារ​ និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ បាន​ដាក់​វិធានការ​តឹងរ៉ឹង​លើ​ម្ចាស់​សិប្បកម្ម​ផលិត​ឥដ្ឋ​ឲ្យ​គោរព​តាម​ច្បាប់​ ជាពិសេស​ហាម​ក្មេង​ចូល​ទៅ​ក្នុង​បរិវេណ​ខ្សែ​សង្វាក់​ផលិត​កម្ម​ នៃ​សិប្បកម្ម​ផលិត​ឥដ្ឋ បើ​ពុំ​ដូច​នេះ នឹង​ប្រឈម​នឹង​ការ​ផាក​ពិន័យ​ ការ​បិទ​អាជីវកម្ម និង​ទោស​ព្រហ្មទណ្ឌ។ ការ​ណែនាំ​នេះ​ធ្វើ​ឡើ​តាមរយៈ​លិខិត​មួយ​ច្បាប់​ដែល​ចុះ​ហត្ថលេខា​ដោយ​ លោក អ៊ិត សំហេង រដ្ឋមន្រ្តី​ក្រសួង​ការងារ​និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ។

នៅ​ក្នុង​លិខិត​ចុះ​ថ្ងៃ​ទី ០៥ មិថុនា ២០១៩ ដែល​ទើប​បង្ហោះ​នៅ​លើ​ផេក​ក្រសួង​ការងារ​បាន​ឲ្យ​ដឹង​ថា ដើម្បី​បញ្ចៀស​នូវ​ឧបទ្ទវហេតុ​ដែល​អាច​មាន​ជាយថាហេតុ​ចំពោះ​ក្មេង​នៅ​ក្នុង​សិប្បកម្ម​ផលិត​ឥដ្ឋ ក្រសួង​សូម​ធ្វើ​ការ​ណែនាំ​ដល់​​លោក​ប្រធាន​មន្ទីរ​ការងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជា​ជីវៈ រាជធានី ខេត្ត ទាំង​អស់​ ចុះ​ធ្វើ​ការ​ណែនាំ ដល់​ម្ចាស់​ ឬ​នាយក​សិប្បកម្ម​ផលិត​ឥដ្ឋ​នៅ​មូលដ្ឋាន​របស់​ខ្លួន​ឲ្យ​អនុវត្ត​ដូច​ខាង​ក្រោម៖

រូបភាព​របស់​ អគ្គស្នង​ការនគរបាលជាតិ

១. រៀប​ចំ​ដាក់​ស្លាក​សញ្ញា​ធំៗ និង​ងាយ​មើល​ឃើញ​ដូចជា៖

  • ហាម​ក្មេង​ចូល​ទៅ​ក្នុង​បរិវេណ​ខ្សែ​សង្វាក់​ផលិតកម្ម
  • ជន​ណា​ដែល​នាំ​ក្មេង​ចូល​ទៅ​ក្នុង​បរិវេណ​ខ្សែ​សង្វាក់​ផលិត​កម្ម​ អាច​ប្រឈម​នឹង​បទ ល្មើស​ព្រហ្មទណ្ឌ
  • ការ​ប្រើប្រាស់​ពលកម្ម​កុមារ​នៅ​សិប្បកម្ម​ផលិត​ឥដ្ឋ គឺអាច​ប្រឈម​នឹង​បទ​ល្មើស​ព្រហ្ម​ទណ្ឌ។

២. ហាម​ឃាត់​ដាច់​ខាត​ការ​ប្រើប្រាស់​ទសភាព​បំណុល​ ដើម្បី​ដាក់​បន្ទុក​សេរីភាព​ការងារ​កម្មករ

៣. ត្រូវ​មាន​អ្នក​ឃ្លាំមើល​ជាប្រចាំ និង​ហាម​ក្មេង​ចូល​ក្នុង​បរិវេណ​ខ្សែ​សង្វាក់​ផលិតកម្ម​ ឬ​ធ្វើ​ការ​នៅ​ក្នុង​សិប្បកម្ម​ផលិត​ឥដ្ឋ។

៤. ត្រូវ​រៀប​ចំ​កន្លែង​ស្នាក់​នៅ​ឲ្យ​ឃ្លាត​ឆ្ងាយ​ពី​ខ្សែ​សង្វាក់​ផលិត​កម្ម​​ និង​ត្រូវ​មាន​របង​ការពារ​សុវត្ថិភាព​ ដែល​ខណ្ឌ​ចែក​បរិវេណ​ខ្សែ​សង្វាក់​ផលិតកម្ម​ និង​កន្លែង​ស្នាក់​នៅ។

៥. ហាម​ឃាត់​ដាច់ខាត​រាល់​ទម្រង់​នៃ​ការ​កេងប្រវ័ញ្ច​ពលកម្ម​លើ​កុមារ និង​ការ​បង្ខំ​ឲ្យ​កុមារ​ធ្វើ​ការ​ដើម្បី ដោះស្រាយ​បំណុល។

ម្ចាស់​ ឬ​នាយក​សិប្បកម្ម​ផលិត​ឥដ្ឋ​ទាំង​ឡាយ​ណា ដែល​ខកខាន​ក្នុង​ការ​អនុវត្ត​តាម​សេចក្ដី​​ណែនាំ​ទាំង​នេះ​ នឹង​ត្រូវ​ទទួល​រង​ការ​ផាក​ពិន័យ​ ឬ​អាច​ឈាន​ទៅ​ដល់​ការ​បិទ​អាជីវកម្ម​ ឬ​អាច​ប្រឈម​នឹង​បទ ល្មើស​ព្រហ្មទណ្ឌ៕

សូមអានសេចក្ដីណែនាំ​ទាំងស្រុង​របស់​ក្រសួង​ការងារ​ ខាង​ក្រោម​នេះ៖

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

មតិយោបល់
អត្ថបទពេញនិយម