• 2019-06-25 08:34:46
  • ព័ត៌មាន

បីលំហាត់ សម្រាប់​លត់ដំខួរក្បាលយើងកុំឲ្យពូកែខ្ជិល!

  • 2019-06-25 08:34:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

  • ប្រែសម្រួល៖ Sokcheng Seang
  • សហការជាមួយ wapatoa.com

សួស្តី! ស្វាគមន៍ជាថ្មីម្តងទៀតមកកាន់កំរងអត្ថបទ #ឆន្ទៈ របស់យើង ដែលយើងព្យាយាមរៀនឲ្យយល់ថាឆន្ទៈគឺជាអ្វី ហើយធ្វើម៉េចទើបយើងអាចគ្រប់គ្រងខ្លួនឯងបានល្អជាងមុន! ក៏គួរដឹងផងដែរថា ស្មេរអាចសរសេរកំរងអត្ថបទនេះបានក៏ដោយសារមានគុណបុណ្យពីសៀវភៅ សភាវគតិនៃឆន្ទៈ និពន្ធដោយអ្នកនាងខេលី មីកហ្គនីហ្គល (The Willpower Instinct by Kelly McGonigal) ទេ!

នៅក្នុងវគ្គ ១ យើងបានរៀនច្បាស់ណាស់ថាឆន្ទៈជាអ្វី ហើយតើវាមានឥទ្ធិពលយ៉ាងម៉េចខ្លះលើខ្លួនប្រាណ និងខួរក្បាលយើង ក៏ដូចជាមូលហេតុអ្វីបានជាពេលខ្លះយើងហាក់ដូចជាមិនអាចគ្រប់គ្រងខ្លួនយើងបានសោះ!

ឯវគ្គ ២វិញ យើងបានរៀនបំពាក់អាវុធទីមួយដើម្បីប្រហារភាពខ្ជិល នោះគឺការដឹងខ្លួន ដោយហាត់ផ្តោតអារម្មណ៍ និងពង្រឹងស្មារតី។

នៅវគ្គ ៣ យើងបានងាកមកមើលខ្លួនយើងវិញម្តង ហើយបានដឹងថាការញ៉ាំ ការដេក និងការហាត់ប្រាណមានឥទ្ធិពលយ៉ាងខ្លាំងលើកំលាំងចិត្តរបស់យើង!

ឯវគ្គ ៤ វិញ យើងបានរៀនពីវិធីកាត់ស្ត្រេស ព្រោះងាពេលយើងស្ត្រេសខ្លាំង នោះឆន្ទៈរបស់យើងនឹងចុះខ្សោយតាមនោះដែរ!

ក្នុងវគ្គនេះផ្ទាល់ យើងនឹងរៀនពីបីវិធីក្នុងការហាត់ខួរក្បាល ដើម្បីឲ្យសាច់ដុំឆន្ទៈក្នុងខួរក្បាលយើងឲ្យកើនមាឌ រឹងមាំជាងមុន!

ខួរក្បាលយើងនៅតែផ្លាស់ប្តូររហូតហ្នឹង!

តាំងពីដើមអើយណាស់មកហើយ អ្នកវិទ្យាសាស្ត្រភាគច្រើនធ្លាប់ជឿថា តែមនុស្សយើងពេញវ័យភ្លាម នោះខួរក្បាលយើងលែងអាចប្រែប្រួលបានទៀតហើយ។ ពោលគឺ ពេលយើងពេញវ័យ នោះយើងមិនអាចកែចរិតឬកពារ ឬចំណេះយើងបានទៀតឡើយ បើយើងជាមនុស្សខ្ជិល នោះយើងនឹងខ្ជិលរហូតហើយ។ បើយើងប្រឡងធ្លាក់គណិត នោះយើងនឹងខ្សោយខាងគណិតពេញមួយជីវិត។ តែតាមពិតទៅ ពួកគាត់យល់អញ្ចឹង យល់ខុសទាំងស្រុងនោះទេ!

សំណាងហើយដែលប៉ុន្មានសិបឆ្នាំចុងក្រោយនេះ មានអ្នកវិទ្យាសាស្ត្រជាច្រើនបានចាប់អារម្មណ៍ស្រាវជ្រាវផ្នែកខួរក្បាលរបស់យើង។

តាមរយៈពិសោធន៍បន្តបន្ទាប់របស់ពួកគាត់ យើងបានរកឃើញថា ទោះមនុស្សយើងមានអាយុចាស់ប៉ុណ្ណាក៏ដោយ ឲ្យតែយើងនៅរស់ នោះខួរក្បាលរបស់យើងតែងផ្លាស់ប្តូរស្របតាមជីវិតយើងជានិច្ច។ និយាយឲ្យខ្លីទៅ​ គឺមនុស្សយើងនៅអាចសូនខួរក្បាល (brain plasticity) យើងដរាបណាយើងនៅរស់!

មិនថាអ្នកអាយុដប់ជាង ម្ភៃជាង សាមជាង សែជាង ហាជាង ឬហុក ចិតជាងនោះទេ ប្រសិនបើអ្នកប្រើឲ្យខួរអ្នកដោះស្រាយលំហាត់គណិតរាល់ថ្ងៃ នោះខួរក្បាលរបស់អ្នកនឹងពូកែខាងគណិត។ បើយើងឧស្សាហ៍ប្រើឲ្យខួរយើងបារម្ភរឿងនេះរឿងនោះគ្រប់បែបយ៉ាង នោះវានឹងពូកែបារម្ភដល់ថ្នាក់មិនមានបញ្ជាពីយើង ក៏វាចាប់ផ្តើមដោយខ្លួនឯងបានដែរ។ ដូចគ្នាផងដែរ ប្រសិនបើយើងប្រើឲ្យខួរក្បាលយើងតាំងចិត្ត ពង្រឹងស្មារតីរាល់ថ្ងៃនោះ យើងនឹងមានស្មារតីខ្ពស់​ អាចផ្ចង់អារម្មណ៍ក្នុងការងារល្អជាងមុននោះឯង!

តើខួរក្បាលយើងអាចធ្វើរឿងដ៏អស្ចារ្យនេះបានតាមណាទៅ? តាមពីររបៀប! ទីមួយគឺវាប្តូរមុខនាទីរបស់ណឺរ៉ូនចាស់ៗ ដើម្បីធ្វើការងារថ្មី ឲ្យស្របតាមសកម្មភាព ឬគំនិតដែលយើងឧស្សាហ៍ធ្វើជាប្រចាំ។ ឯវិធីទីពីរវិញគឺវាពង្រឹងចំណងរបស់ណឺរ៉ូនផ្សេងៗដែលមានស្រាប់ហើយ។

រូបភាពបានមកពី៖ បាវីន កូតេឆា (Bavin Kotecha)

សូមបកស្រាយចំណុចទីមួយបន្តិច។ គ្រប់ណឺរ៉ូនដែលមានក្នុងខួរយើងនាពេលនេះ វាតែងមានមុខងាររបស់វានីមួយៗ។ តែបើយើងមិនសូវប្រើមុខងារនោះ យូរៗវានឹងប្តូរខ្លួនទៅកាន់មុខងារផ្សេងដែលយើងឧស្សាហ៍ប្រើវិញជាមិនខាន។ ឧទាហរណ៍ថា ពីដើមឡើយណឺរ៉ូន «ក» គឺសំរាប់ការបារម្ភ ឯណឺរ៉ូន «ខ» គឺសំរាប់ញញឹម។ តែស្រាប់តែយើងសំរេចចិត្តចង់ផ្លាស់ប្តូរទំលាប់ ឈប់បារម្ភរឿងដែលអត់បានការ ហើយចាប់ផ្តើមញញឹមឲ្យច្រើនជាងមុន។ ពេលធ្វើអញ្ចឹងបានយូរៗទៅ ដោយសារយើងមិនសូវបារម្ភទៀត ណឺរ៉ូន «ក» នឹងអត់ការងារធ្វើ ហើយណឺរ៉ូន «ខ» នឹងត្រូវការជំនួយបន្ថែម! ម្តងបន្តិចៗ ណឺរ៉ូន «ក» នឹងបំលែងមុខងារខ្លួនពីការងារបារម្ភ មកជាការងារញញឹមជាមិនខាន!

ឧទាហរណ៍ជាក់ស្តែងមួយទៀតគឺ ក្នុងពិសោធន៍មួយនោះ អ្នកវិទ្យាសាស្ត្របានឲ្យមនុស្សពេញវ័យមួយក្រុមរៀនត្រែះរបស់បីក្នុងពេលតែមួយ (ដូចរូបខាងក្រោម)។ ពេលដែលពួកគាត់ឧស្សាហ៍ហាត់ត្រែះរាល់ថ្ងៃទៅ គេតែងស្កេនខួរក្បាលគាត់ដើម្បីធ្វើការប្រៀបធៀបជានិច្ច។ ចុងក្រោយ គេរកឃើញថា ផ្នែកខួរក្បាលដែលគាត់ប្រើសំរាប់ចំណាំទីតាំងរបស់វត្ថុអ្វីមួយ ស្រាប់តែមានណឺរ៉ូនច្រើនជាងមុន បើប្រៀបធៀបជាមួយក្រុមដែលមិនបានរៀនត្រែះសោះ។ អ្នកអាចអានពីរបាយការណ៍ពិសោធន៍នេះនៅទីនេះ។

រូបភាពបានមកពី៖ ភីកស៊ីស (Pixies)

នោះបានន័យថា គ្រាន់តែរៀនត្រែះសោះអាចធ្វើឲ្យខួរក្បាលរបស់យើងបង្កើនចំនួនណឺរ៉ូនសំរាប់ចំណាំវត្ថុ! បើយើងមានណឺរ៉ូនច្រើនផ្នែកណា នោះយើងនឹងពូកែផ្នែកនោះ យើងនឹងធ្វើបានលឿនជាងមុនជាមិនខាន។

ឯចំណុចទីពីរវិញ គឺថាធម្មតា ពេលដែលយើងធ្វើសកម្មភាពអ្វីមួយឬគិតពីអ្វីមួយ យើងមិនមែនប្រើតែណឺរ៉ូនតែមួយនោះទេ គឺយើងប្រើរាប់សិប ឬរាប់រយផង រាប់ពាន់ក្នុងពេលតែមួយផង! ពេលយើងកើតមកដំបូង ណឺរ៉ូនប្រមាណចំនួន ១០០ ពាន់លានក្នុងខួរយើងគឺមិនទាន់ភ្ជាប់គ្នានោះទេ។ តែពេលយើងរៀនធ្វើនេះធ្វើនោះ ឧទាហរណ៍ពេលយើងរៀនដើរ នោះណឺរ៉ូនសំរាប់ការដើរនឹងចាប់ផ្តើមភ្ជាប់គ្នាខ្លាំងទៅៗ រហូតដល់ចំណងរបស់វារឹងមាំ នាំឲ្យពួកវាធ្វើការបានរលូន ដល់ថ្នាក់យើងអាចដើរដោយមិនបាច់គិត ហើយមិនបាច់ប្រឹងដូចឥលូវអញ្ចឹង។

ដូចគ្នាផងដែរ ទោះយើងអាយុចាស់ប៉ុណ្ណាក៏ដោយ ចំណងរបស់ណឺរ៉ូននៅតែបន្តរឹតបន្តឹង ឬបន្ធូរបន្ថយ តាមសកម្មភាពដែលយើងធ្វើជាប្រចាំ។ ប្រសិនបើយើងឧស្សាហ៍តាំងសមាធិ នោះក្រុមណឺរ៉ូនសំរាប់ការតាំងសមាធិនឹងភ្ជាប់គ្នាខ្លាំងទៅៗ ធ្វើឲ្យសកម្មភាពនេះស្រួលធ្វើទៅៗនៅថ្ងៃមុខ។ ដូចគ្នាផងដែរ ប្រសិនបើយើងឈប់ធ្វើសកម្មភាពណាមួយដូចជាយើងចេះជិះឡាន តែមិនដែលបានជិះរាប់ឆ្នាំមកហើយ នោះចំណងសំរាប់ការជិះឡាននឹងខ្សោយទៅៗ រហូតដល់យើងអាចភ្លេចវាផងក៏ថាបាន។

ស្មេរអាចសន្មត់បានដូចនេះ ក៏ដោយសារមានការពិសោធន៍ជាច្រើនដែលរកឃើញដូចនេះផងដែរ។

ឧទាហរណ៍ជាក់ស្តែងមួយនោះគឺ គេធ្លាប់ពិសោធឲ្យមនុស្សធំពេញវ័យយើងហ្នឹង សាកលេងហ្គេមទាក់ទងនឹងការចងចាំឲ្យបាន ២៥ នាទីក្នុងមួយថ្ងៃ។ ពេលលេងយូរៗទៅ​ គេស្កេនខួរក្បាលរបស់ពួកគាត់ ហើយក៏បានរកឃើញថា ក្រុមណឺរ៉ូនដែលគាត់ប្រើសំរាប់ការចងចាំ និងការផ្ចង់អារម្មណ៍មានទំនាក់ទំនងរឹងមាំជាងមុន បើប្រៀបធៀបជាមួយក្រុមដែលមិនបានលេងហ្គេម!

សរុបទៅ យើងគួរតែអរទៅដែលខួរក្បាលយើងនៅអាចកែបាន បើមិនអញ្ចឹងទេ ពួកអ្នកដែលខ្ជិលច្រអូសដេកទ្រមក់ដូចស្មេរនឹងគ្មានត្រើយ គ្មានសង្ឃឹមអាចកែខ្លួនបានឡើយ! ត្រូវចាំថា ទោះជាឥលូវយើងខ្ជិល យើងមិនចេះគ្រប់គ្រងខ្លួន មិនចេះផ្ចង់អារម្មណ៍ ឬមានចរិតមិនល្អណាមួយដែលយើងមិនចូលចិត្តក៏ដោយ វាកើតឡើងក៏ដោយសារ យើងបានផុងខ្លួនធ្វើសកម្មភាពនេះដដែលរហូតដល់វាក្លាយជាទំលាប់នោះទេ។ តែប្រសិនបើយើងចាប់ផ្តើមហ្វឹកហាត់បញ្ឈប់សកម្មភាព ឬគំនិតបែបនេះ មិនយូរមិនឆាប់ យើងនឹងអាចកែប្រែចរិត ផ្នត់គំនិត និងអាកប្បកិរិយារបស់យើងជាមិនខាន!

ប្រសិនបើអ្នកចង់ដឹងលំអិតពីភាពងាយសូននៃខួរក្បាល ហើយនឹងវិធីសូនខួរមួយដែលអ្នកចង់បាន អាចអានអត្ថបទនេះបាន!

វិធីបង្ហាត់ឲ្យខួរយើងចេះគ្រប់គ្រងខ្លួនយើងខ្លាំងជាងមុន

រូបភាពបានមកពី៖ វីលគូ ដាយ៉ាណា (Vilcu Diana)

វិធីពង្រឹងសាច់ដុំឆន្ទៈ ទី១៖ ប្រើប្រាស់ចំណង់

គ្មានអ្វីបង្រៀនឲ្យយើងឈ្នះចំណង់ជាងចំណង់គ្នាវានោះទេ។ មានការស្រាវជ្រាវជាច្រើនបានរកឃើញបន្តកន្ទុយគ្នាថា ពេលដែលយើងរៀនបង្ខំឲ្យខ្លួនឯងផ្តាច់ចិត្តពីចំណង់ឬទំលាប់ណាមួយ ទោះវាជារឿងតូចតាចប៉ុណ្ណាក្តី គឺវាអាចនាំឲ្យកំលាំងឆន្ទៈរបស់យើងរឹងមាំជាងមុនបានប្រាកដណាស់។

សាកគិតទៅមើល… បើយើងចង់ឲ្យមានសាច់ដុំដៃ គឺយើងចាប់ផ្តើមទៅលើកដុំដែកតូចមួយសិន រហូតដល់សាច់ដុំយើងរីកធំ ទើបអាចលើកដុំដែកធ្ងន់ជាងហ្នឹងបាន។ ដូចគ្នាផងដែរ ពេលដែលយើងហាត់ទប់អារម្មណ៍ជាមួយចំណង់តូចៗ វាធ្វើឲ្យសាច់ដុំឆន្ទៈយើងខ្លាំងម្តងបន្តិចៗរហូតដល់យើងអាចទប់ចំណង់ និងគ្រប់គ្រងខ្លួនក្នុងកិច្ចការធំៗផងដែរ។

ដូច្នេះហើយ យើងគួរចាប់ផ្តើមហ្វឹកហាត់ដោយប្រើប្រាស់រឿងតូចតាច ដែលយើងស្រួលទប់អារម្មណ៍សិនទៅ។ ឧទាហរណ៍ថា យើងភាគច្រើនតែងប្រើដៃស្តាំច្រើនជាងដៃឆ្វេង យើងប្រើវាដើម្បីសរសេរ ដើម្បីបើកទ្វារ ឬកាន់ទូរស័ព្ទជាដើម… ចុះថ្ងៃនេះសាកទប់ចំណង់ក្នុងការប្រើដៃស្តាំ ហើយសាកប្រើដៃឆ្វេងដើម្បីដុសធ្មេញ បើកទ្វារ ឬកាន់ទូរស័ព្ទវិញនោះ វារាងពិបាកក៏ពិតមែន តែយើងអាចធ្វើបាន!

មានការស្រាវជ្រាវខ្លះគេឲ្យមនុស្សដែលមានទំលាប់ដើរកោងខ្នង ឲ្យមកដើរ ដេក ឈរ អង្គុយឲ្យត្រង់វិញ ខ្លះទៀតគេឲ្យមនុស្សដែលមិនធ្លាប់កត់ត្រាចំណាយប្រចាំថ្ងៃ ឲ្យចាប់ផ្តើមកត់មិនដែលខានមួយថ្ងៃឡើយ… ហើយលទ្ធផលក្នុងការពិសោធន៍ទាំងនេះគឺដូចគ្នា ពោលគឺពេលដែលពួកគាត់ឧស្សាហ៍ធ្វើសកម្មភាពថ្មីទាំងនោះបានប៉ុន្មានអាទិត្យទៅ គាត់ក៏ចាប់ផ្តើមមានកំលាំងឆន្ទៈខ្លាំងជាងមុន អាចយកឈ្នះភាពខ្ជិល ហើយអាចគ្រប់គ្រងខ្លួនដើម្បីសំរេចគោលដៅដែលខ្លួនបានកំណត់ជាងមុនពិតមែន!

តែកុំជឿតែពិសោធន៍ យើងអាចយកខ្លួនធ្វើកណ្តុរពិសោធន៍ ហើយសាកខ្លួនឯងពីថ្ងៃនេះទៅបាន! សាកពិសោធជាមួយវត្ថុ ឬទំលាប់តូចៗណាមួយដែលអ្នកឧស្សាហ៍ធ្វើ តែដឹងខ្លួនច្បាស់ណាស់ថាខ្លួនមិនគួរធ្វើវានោះទេ។

ឧបមាថាអ្នកចង់ឈប់ផឹកភេសជ្ជៈដែលមានជាតិស្ករច្រើនដូចជា Viger ជាដើម… រាល់ដងឲ្យតែអង្គុយរៀន ឬអង្គុយធ្វើការ ដឹងតែផឹកគ្រូកៗអស់ទាំងកំប៉ុងៗ។ ចុះឥលូវនេះសាកយកវាជាដុំដែកហាត់សាច់ដុំឆន្ទៈយើងទៅមើល។

ពេលអ្នកអង្គុយរៀនឬធ្វើការ ដាក់ Viger មួយកំប៉ុងនៅពីមុខតែម្តង។ តែប្រាប់ខ្លួនឯងថា ទោះឃ្លានស្រក់ទឹកមាត់ប៉ុណ្ណាក៏មិនអាចប៉ះវាបានដែរ! តែក៏ត្រូវចាំផងដែរថា ពេលអ្នកទើបចាប់ផ្តើមហាត់ដំបូង គួរតែមានម៉ោងកំរិត ព្រោះទោះពេលហាត់ប្រាណ ក៏មិនដែលមាននរណាគេលើកដុំដែក ២៤ ម៉ោងនោះដែរ!

ឧទាហរណ៍ថា អ្នកអាចដាក់ម៉ោងកំរិត ៣ ម៉ោងសំរាប់ Viger អ្នក។ អញ្ចឹងបើអ្នកចាប់ផ្តើមរៀនម៉ោង ៨ នោះពីម៉ោង ៨ ដល់ម៉ោង ១១ អ្នកមិនអាចប៉ះវាជាដាច់ខាត។ លុះត្រាតែចប់ម៉ោង ទើបអាចក្រេបវាបាន! ត្រូវដឹងផងដែរថា ពីដំបូងៗ ឆន្ទៈយើងមិនខ្លាំងដល់ថ្នាក់អាចកាត់ផ្តាច់អ្វីមួយទាំងស្រុងនោះទេ។ សាកគិតទៅមើល បើយើងទៅហាត់ប្រាណលើកដុំដែកធ្ងន់ហួសកំរិត ឬលើកវាយូរពេកនោះ អាចធ្វើឲ្យថ្លោះដៃ បង្កឲ្យមានរបួសស្នាមដល់សាច់ដុំយើងជាមិនខាន។ ដូចគ្នាផងដែរ ពេលហាត់សាច់ដុំឆន្ទៈរបស់យើង គួរណាទៅម្តងបន្តិចៗ កុំបង្ខំឲ្យខ្លួនផ្តាច់ចំណង់អ្វីមួយប៉ាច់ៗលឿនពេក!

រូបភាពបានមកពី៖ ហ្គ្វេន ផេន (Gwen Penn)

ពីដំបូងប្រហែលជាអ្នកអាចទ្រាំកាត់បានបីម៉ោង។ ប៉ុន្មានថ្ងៃក្រោយមក សឹមសាកដំឡើងវាឲ្យទៅជាបួនម៉ោង។ ហើយប៉ុន្មានថ្ងៃទៀតទើបឡើងដល់ប្រាំម៉ោង ប្រាំមួយម៉ោង មួយថ្ងៃ បីថ្ងៃ មួយខែ មួយឆ្នាំ មួយជីវិតអញ្ចឹងទៅ។

តែអ្នកប្រហែលឆ្ងល់ថា យើងម្នាក់ៗមានបញ្ហាធំៗសឹងអី អ្នកខ្លះមានបញ្ហាខ្ជិលរៀន អ្នកខ្លះមិនអាចគ្រប់គ្រងស្ត្រេសខ្លួនបាន ខ្លះទៀតមិនចេះបិទគំរបមាត់យើងកុំឲ្យនិយាយដើមគេបានទេ ខ្លះដេកមិនលក់ ក្រោកមិនទាន់… តើមកហាត់ជាមួយ Viger មួយមួយកំប៉ុងហ្នឹងបានការដែរ?

តែត្រូវចាំថា អ្នកហាត់ប្រាណក៏គេមិនដែលចាប់ផ្តើមភ្លាមដោយលើកដុំដែក ៥០ គីឡូដែរ! ដំបូងៗ ពេលដែលសាច់ដុំដៃយើងដូចសសៃមី យើងលើកបានត្រឹម ៥ គីឡូអីហ្នឹងជាការប្រសើរណាស់ហើយ។ ប៉ុន្មានអាទិត្យក្រោយមក ពេលវារីកមាឌធំ មានកំលាំងជាងមុនបន្តិចហើយ ទើបយើងរំកិលទៅលើកគីឡូធំជាងនេះបន្តិចបាន។ ដូចគ្នាផងដែរ ពេលយើងចាប់ផ្តើមហាត់សាច់ដុំឆន្ទៈរបស់យើងដំបូងៗ គួរយកចំណង់ណាដែលងាយស្រួលទប់ ហើយទើបរំកិលទៅចំណង់ធំទៅៗតាមហ្នឹងទៅ។

ម៉្យាងវិញទៀត មិនខុសអ្វីពីការដែលយើងអាចប្រើសាច់ដុំដែលយើងបានពីការលើកដុំដែក ទៅលេងកីឡាផ្សេងៗ និងសកម្មភាពផ្សេងៗបាននោះ កំលាំងឆន្ទៈដែលយើងបានមកពីការទប់ចំណង់ញ៉ាំផឹក Viger នេះ ក៏អាចជួយយើងទប់ចំណង់ប្រភេទផ្សេងៗទៀតទៅថ្ងៃមុខផងដែរ!

អញ្ចឹង សរុបឡើងវិញ នេះជាជំហានដើម្បីឲ្យអ្នកអាចហាត់សាច់ដុំឆន្ទៈដោយប្រើប្រាស់ចំណង់៖

១. រើសចំណង់តូចមួយ

២. ចាប់ផ្តើមទប់វាដោយមានពេលកំណត់ អាចកំណត់ថា ៣០ នាទី ឬ មួយម៉ោង មួយព្រឹក ឬមួយថ្ងៃពេញក៏បាន

៣. ខំប្រឹងទប់វាឲ្យអស់ពីចិត្ត! បើមិនខំ នោះសាច់ដុំយើងមិនធំនោះទេ! តែក៏ត្រូវដឹងដែរថា យើងចាប់ផ្តើមដំបូងៗប្រាកដជាមានពេលភ្លាត់ស្នៀតជាមិនខាន។ កុំបន្ទោសខ្លួនឯងខ្លាំងពេកអី បើភ្លាត់ថ្ងៃនេះ ថ្ងៃស្អែកព្យាយាមម្តងទៀតទៅបានហើយ!

វិធីហាត់សាច់ដុំឆន្ទៈ ទី២៖ ឧស្សាហ៍រំលឹកខ្លួនឯង

សម្រាប់​ទំលាប់ខ្លះ មិនមែនថាយើងខ្ជិលឬធ្វើមិនកើតទេ តែគឺយើងតែងភ្លេចធ្វើវាឲ្យឈឹងតែម្តង។ ឧទាហរណ៍ថា យើងចង់មានទំលាប់ផឹកទឹកឲ្យបានគ្រប់គ្រាន់ ចង់ញ៉ាំអាហារឲ្យបានទៀងពេល ឬចង់កត់ត្រាចំណាយយើងឲ្យបានរាល់ថ្ងៃអញ្ចឹងទៅ។ មិនមែនថាវាពិបាកដល់ថ្នាក់ធ្វើមិនបានទេ តែគ្រាន់តែយើងភ្លេច!

រូបភាពបានមកពី៖ អាល់ហ្វ្រ៊ី ដាវីឡា (Alfrey Davilla)

ដូច្នេះ អាចពង្រឹងសាច់ដុំឆន្ទៈក្នុងការធ្វើសកម្មភាពទាំងនេះ ដោយរំលឹកខ្លួនឯងជានិច្ច។ អ្នកអាចប្រើប្រាស់វិធីផ្សេងៗគ្នាដើម្បីរំលឹកខ្លួនឯង មានទាំងដាក់ម៉ោងរោទិ៍ ឬផ្តាំឲ្យមិត្តភក្តិ និងសង្សារឲ្យជួយរំលឹក អ្នកក៏អាចប្រើប្រាស់សៀវភៅប្រតិទិនផែនការជីវិត និងតារាងតាមដានទំលាប់ប្រចាំថ្ងៃអីក៏បានដែរ។

ឧទាហរណ៍ថា ដើម្បីកុំឲ្យភ្លេចផឹកទឹក អ្នកអាចដាក់ម៉ោងរោទិ៍ក្នុងទូរស័ព្ទពីរម៉ោងម្តងឲ្យផឹកតឹក។ ប្រសិនបើមិនចង់ភ្លេចកត់ចំណូលចំណាយរបស់អ្នកជារៀងរាល់ថ្ងៃទេ អ្នកអាចមានតារាងមួយសំរាប់តាមដានទំលាប់ប្រចាំថ្ងៃយើងបាន។

ឥលូវស្មេរសុំលើកឧទាហរណ៍ជាក់ស្តែងមួយចុះ! កាលពីកន្លះឆ្នាំមុន ស្មេរចាប់ផ្តើមចុកឆ្អល់ពោះជាប្រចាំ ក៏ដោយសារកាលនោះមិនសូវជាញ៉ាំបាយបានទៀងទាត់នោះទេ។ ដោយសារហេតុនេះហើយ ស្មេរក៏បានដាក់ម៉ោងរោទិ៍បីក្នុងទូរស័ព្ទ មួយនៅម៉ោង ៩ ព្រឹក មួយទៀតនៅម៉ោង ១២ ថ្ងៃត្រង់ ហើយមួយនៅម៉ោង ៧ យប់។ ឲ្យតែម៉ោងរោទិ៍ គឺត្រូវរកបាយញ៉ាំ បើបាយមិនទាន់ឆ្អិន គឺត្រូវរកអ្វីមួយមកទ្រាប់ក្រពះឲ្យបាន។ ធ្វើអញ្ចឹង ប្រហែលបានបីបួនអាទិត្យទៅ ពោះក៏វិលមករកសភាពធម្មតា លែងកូរដូចខ្យល់ព្យុះទៀតទៅ។

អញ្ចឹង សរុបឡើងវិញ នេះជាជំហានដើម្បីឲ្យគ្នាយើងអាចហាត់សាច់ដុំឆន្ទៈដោយប្រើប្រាស់ការរំលឹក៖

១. រើសសកម្មភាពមួយដែលអ្នកចង់ធ្វើឲ្យបានជាប្រចាំ៖ ផឹកទឹក ញ៉ាំបាយ ស្រោចផ្កា ធ្វើលំហាត់…

២. សាកប្រើវិធីរំលឹកមួយសិនទៅ ហើយសង្កេតទៅមើល តើវាមានប្រសិទ្ធិភាពឬអត់។ អ្នកអាចប្រើ

ម៉ោងរោទិ៍

អាចសរសេរលើក្រដាសបិតលើជញ្ជាំង

អាចសរសេរលើសៀវភៅកំណត់ហេតុ

ប្រើប្រតិទិនផែនការជីវិត៖ អានអត្ថបទនេះដើម្បីរៀនបង្កើតប្រតិទិនជីវិតអ្នកផ្ទាល់!

ប្រើតារាងតាមដានទំលាប់ប្រចាំថ្ងៃ៖ អាចអានអត្ថបទនេះដើម្បីរៀនបង្កើតតារាងតាមដានទំលាប់ប្រចាំថ្ងៃ!

៣. សាកប្រើវិធីមួយ បើមិនមានប្រសិទ្ធិភាពទេ សាកមួយផ្សេងទៀត រហូតដល់រកឃើញរបៀបរំលឹកដែលបានការជាងគេ!

វិធីហាត់សាច់ដុំឆន្ទៈ ទី៣៖ តាំងសមាធិ ហើយរស់នៅដោយមានព្រលឹងក្នុងខ្លួន

ឲ្យតែយើងនិយាយពីបញ្ហាជីវិត គឺតែងឃើញថា ការតាំងសមាធិ និងការរស់នៅដោយមានស្មារតីចេញមុខជាដំណោះស្រាយរហូត! នោះក៏មកពីការស្រាវជ្រាវជាច្រើន បានរកឃើញថា ការតាំងសមាធិតែប៉ុន្មាននាទីប៉ុណ្ណោះក្នុងមួយថ្ងៃ អាចជួយយើងឲ្យមានឆន្ទៈខ្ពស់ជាងមុន មានការផ្ចង់អារម្មណ៍មុតជាងមុន ពូកែប្រឡេះស្ត្រេសជាងមុន ហើយថែមទាំងដឹងពីខ្លួនឯងជាងមុនផងដែរ! ស្តាប់ទៅដូចថ្នាំទិព្វអញ្ចឹង!

រូបភាពបានមកពី៖ ឡូលី ផូលី (Loli Polli)

មិនត្រឹមតែប៉ុណ្ណឹងទេ គេថែមទាំងបានស្កេនខួរក្បាលអ្នកដែលមានប្រវត្តិតាំងសមាធិជាប្រចាំជាយូរឆ្នាំណាស់មកហើយទៀតផង! លទ្ធផលដែលធ្វើឲ្យអ្នកវិទ្យាសាស្ត្រភ្ញាក់ផ្អើលនោះគឺ អ្នកដែលតាំងសមាធិជាប្រចាំទាំងអស់សុទ្ធមានសារធាតុប្រផេះ (grey matter) នៅក្នុងសម្បកខួរខាងមុខបំផុតនៃថតមុខខួរគាត់ (prefrontal cortex) ច្រើនជាងអ្នកធម្មតាដែលមិនដែលតាំងសមាធិ។ ហើយផ្នែកនេះហើយ ជាផ្នែកដែលជួយឲ្យមនុស្សយើងយល់ដឹងពីខ្លួនឯង និងមានស្មារតីច្រើនក្នុងខ្លួន មិនងាយធ្វេសប្រហេសនោះ!

តែសំណួរសំខាន់នោះគឺ តើយើងគួរចាប់ផ្តើមពីណាទៅ បើយើងចង់ចេះតាំងសមាធិ និងរស់នៅដោយមានស្មារតីក្នុងខ្លួនជាងមុននោះ? សំណាងល្អហើយដែលយើងមិនចាំបាច់ទៅបួស ឬទៅនៅអាស្រមក្នុងព្រៃដើម្បីធ្វើវាបាននោះទេ ហើយក៏មិនបាច់លាចាកតណ្ហាសត្វលោក និងទុក្ខាទាំងឡាយផងដែរ! នរណាៗក៏អាចចាប់ផ្តើមបានដែរ ឲ្យតែម្នាក់នោះមានដង្ហើមចេញចូល ហើយមានពេលប៉ុន្មាននាទីក្នុងមួយថ្ងៃដើម្បីធ្វើវាហ្នឹងឯង! អូខេ ច្បាស់ហើយថាខ្លួនមានដង្ហើម ហើយមានពេល? អញ្ចឹងអាចបន្តទៅអាន បួនវិធីងាយៗដើម្បីឲ្យយើងមានសតិស្មារតីក្នុងការរស់នៅជាងមុន នេះទៅ!

អញ្ចឹងសរុបសេចក្តីចុងក្រោយតែម្តង ដើម្បីអាចហ្វឹកហាត់សាច់ដុំឆន្ទៈយើងឲ្យមានកំលាំងជាងមុនបាន យើងគួរចាប់ផ្តើមហាត់ជាមួយចំណង់តូចៗជាមុនសិន ក៏អាចរំលឹកខ្លួនឯងជានិច្ច ហើយជាចុងក្រោយ អាចឧស្សាហ៍តាំងសមាធិ និងរៀនរស់នៅដោយមានស្មារតីក្នុងខ្លួន!

អត្ថបទនេះ គឺមកពីវ៉ិបសាយវប្បធម៌ Wapatoa.com ជាវិបសាយ​ផ្តោត​លើ​ចំណេះ​ដឹង​ចិត្ត​វិទ្យា សិល្បៈ និងការ​អភិវឌ្ឍ​ខ្លួន

បើចង់អានអត្ថបទល្អៗដូចនេះទៀត សូមចូលទៅកាន់៖ wapatoa.com

អត្ថបទ៖ Sokcheng Seang

មតិយោបល់