• 2019-08-05 02:03:47
  • សេដ្ឋកិច្ច

សហគ្រិន​វ័យ​ក្មេង​មួយ​រូប ​បង្ហើប​តិច​និក​ចូល​ហ៊ុន​គ្នា​រក​ស៊ី​ឱ្យ​ទទួល​បាន​ជោគជ័យ ​​​

  • 2019-08-05 02:03:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មាន​អតីត​កាល​ជា​ពលករ​បម្រើ​ការងារ​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​​​ និង​​ក្រោយ​​មក​បាន​ចូល​ហ៊ុន​គ្នា​បី​នាក់​ រកផ្នែកអចលនៈទ្រព្យ​នៅ​ខេត្ត​កំពង់​ធំ​ លោក​ ផុន ​សាមាន ​ម្ចាស់​បុរី​លំនៅឋាន​បែប​ទំនើប​ សុកគា​ ស៊ីធី​ បាន​ចែក​រំលែក​នូវ ​គន្លឹះ​ មួយ​ចំនួន ​​​ដល់​ប្រិយ​មិត្ត​អ្នក​អាន​ ​ដែល​មាន​បំណង​ដាក់​ទុក​រក​ស៊ី​ជាមួយ​គ្នា​។​ បើ​តាម​លោក​ ផុន សាមាន​​ មាន​ចំណុច​សំខាន់​ៗ​ចំនួន​៣​​ ចំណុច​ ដូច​ខាង​ក្រោម​៖​​

ទី១​ភាព​ស្មោះត្រង់​៖ ​ការ​រក​ស៊ី​អាច​ទទួល​ជោគជ័យ​ទៅ​បាន​អាស្រ័យ​ ដោយ​មាន​ការ​​ទំនុក​ចិត្ត​​ និង​​ស្គាល់​ចិត្ត​ ស្គាល់​​ថ្លើម​គ្នា​ច្បាស់ ​ទើប​អាច​រក​ស៊ី​ជាមួយ​គ្នា​​បាន​។​ ភាព​ស្មោះ​ត្រង់ ​នឹង​បំបាត់​អស់​នូវ​ភាព​ភ័យ​ខ្លាច​ ការងារ​រលូន​ទៅមុខ​ ពេល​ជួប​បញ្ហា​​នឹង​អាច​រក​ដំណោះ​ស្រាយ​ទាំង​អស់​គ្នា​។ ​ភាព​ស្មោះ​ត្រង់​ជា​ឫស​គល់​នៃ​ភាព​​ជោគជ័យ។​ ការ​រក​ស៊ី ​មិន​ថា ​រកស៊ី​តូច​ ឬ​ធំ​នោះ​ទេ ​នឹង​មិន​អាច​គង់​វង្ស​យូរ​អង្វែង​បាន​ឡើយ​បើ​គ្មាន​ភាព​ស្មោះ​ត្រង់​។​

ទី២ ​ផល​ប្រយោជន៍​រួម​៖​ ​ក្រុម​លោក​​ មិន​ដែល​ស្គាល់​ពី​មុន​មក​ទេ ​តែ​បាន​ស្វែង​យល់​ពី​គ្នា​ទៅ​វិញ​ទៅ​មក​ និង​ផ្ដោត​លើ​ផល​ប្រយោជន៍​រួម ​​ជា​ជាង​ប្រយោជន៍​​ផ្ទាល់​ខ្លួន​។ ​​ក្រុម​ខ្លួន​​សុទ្ធ​សឹង​​កូន​អ្នក​ក្រ តាំង​ចិត្ត​ សហការ​គ្នា​​ធ្វើ​យ៉ាង​ណា​ឱ្យ​ទទួល​ជោគជ័យ​​​ដើម្បី​ខ្លួន​ឯង​ ​កូន​ចៅ​ជំនាន់​ក្រោយ ​និង​យុវជន​ដទៃ​ទៀត​ឱ្យ​ចេះ​រក​ស៊ី​ កុំ​គិត​តែ​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន​​។

ទី៣ មហិច្ឆតា​ធំ៖ ​ការ​រក​ស៊ី​ចូល​គ្នា​ បើ​គ្មាន​មហិច្ឆតា ​និង​ក្ដី​សុបិន​ធំ​ក៏​មិន​​អាច​ដំណើរ​ការ​​ទៅ​បាន​វែង​ឆ្ងាយ​នោះ​ដែរ​។ មហិច្ឆតា​ ក្នុង​ការ​ជួយ​ខ្លួន​ឯង​ និង​សង្គម​តាម​រយៈ​ការ​ផ្ដល់​ការងារ​ និង​សម្ភារៈ​ផ្សេង​ៗ​​។ ទស្សនៈ​មួយ​បាន​លើក​ឡើងថា ​បើ​ចង់​ដើរ​លឿន​ត្រូវ​ដើរ​ម្នាក់​ឯង ​តែ​បើ​ចង់​ដើរ​ឆ្ងាយ​ត្រូវ​ដើរ​ជា​ក្រុម​។ ​ត្រលប់​មកវិញ​បើ​រក​ស៊ី​ម្នាក់​ឯង​មាន​ខួរ​ក្បាល​តែ​មួយ​នោះ​ទេ​ តែ​បើ​រក​ស៊ី​ចូល​គ្នា​ប្រើ​ខួរក្បាល​ច្រើន​ ដើម្បី​ត្រិះ​រិះ​ពិចារណា​ ហើយ​ក៏​មិន​​ខុសគ្នា​នឹង​ថ្មពិល​នោះ​ដែរ​ ថ្មពិល​បើ​គេ​ប្រើ​មួយ​គ្រាប់​ថាមពល​​មាន​កំណត់​ តែ​បើ​គេ​ប្រើ​ថ្ម​ពិល​១០ ​គ្រាប់​ ថាមពល​នឹង​មាន​ចំនួន​ច្រើន​។ ​ដូច្នេះ​នៅ​ពេល​មាន​បញ្ហា​គឺ​យើង​អាច​រក​ដំណោះ​ស្រាយ​បាន​យ៉ាង​ល្អ ​និង​ទទួល​បាន​ផល​ច្រើន​។

លោក​បាន​បន្ថែម​ថា ​ក្រុមហ៊ុន​ធំ​ៗ​ជា​ច្រើន​លើ​ពិភព​លោក​​ដូច​ជា​ហ្វេសបុក​​ជាដើម​រក​ស៊ី​ជោគជ័យ​ទៅ​បាន​​​មិន​អាច​ចាប់​ផ្ដើម​ ដោយ​​ម្ចាស់ក្រុមហ៊ុន​តែ​ម្នាក់​ឯង​នោះ​ទេ ​ពោល​គឺ​ត្រូវ​មាន​ការ​សហការ​​​​គ្នា​ច្រើន​​។ ចំពោះ​លោក​ក៏​មិន​ខុស​គ្នា​ប៉ុន្មាន​ដែរ ​ខណៈ​ដើមឡើយ​ ជា​កូន​អ្នក​ក្រ រក​ព្រឹក​ខ្វះ​ល្ងាច ​និង​ធ្លាប់​បាន​បម្រើ​​ការងារ​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​។ ​ចុង​ក្រោយ​លោក​បាន​លើក​ទឹកចិត្ត​ឱ្យ​យុវជន​ចេះ​សហការ​គ្នា​រក​ស៊ី ​ដើម្បី​ខ្លួនឯង​ និង​សង្គម​ទាំង​មូល​មាន​ភាព​រីកចម្រើន​។ កុំ​ចាំ​ដល់​ចាស់ ​ឬ​មាន​លុយ​ច្រើន​ចាំ​រក​ស៊ី​​។​ ​បើ​យើង​ចាប់​​ផ្ដើម​នៅ​ក្មេង បើ​បរាជ័យ​​គឺ ​យើង​នៅ​មាន​ពេល​វេលា កម្លាំង​កាយ ​ហើយ​អ្វី​ដែល​ទទួល​បាន​ច្រើន​ ​គឺ​ចំណេះ​ ដឹង​ និង​បទ​ពិសោធន៍​ ដើម្បី​បន្ត​ដំណើរ​ទៅ​មុខ​ទៀត ​។​ផ្ទុយ​​មក​វិញ​បើ​យើង​ចាំ​ចាស់​ ឬ​ចាំ​មាន​លុយ​ ច្រើន​ចាំ​រក​ស៊ី ​ករណី​បរាជ័យ​​គឺ​យើង​មាន​ពេល​វេលា​តិច​តួច​ណាស់​ដើម្បី​បន្ត​ដំណើរ​ទៅមុខ​ទៀត ​ហើយ​អ្វី​ដែល​សំខាន់​គឺ​ត្រូវ​រែក​ពន្ធ​បំណុល​​គ្រួសារ​ជា​ច្រើន​ ។​​ ពេល​វេលា​ក៏​តិច​ កម្លាំង​កាយ​ក៏​ចុះ​ខ្សោយ​៕

អត្ថបទ៖ សុផល

មតិយោបល់