• 2019-08-17 10:13:00
  • សេដ្ឋកិច្ច

Nas Daily រើស​បុគ្គលិក​វៀតណាម​ឲ្យ​ធ្វើ​ការ​នៅ​ក្រុមហ៊ុន​សឹង្ហបុរី​របស់​ខ្លួន កំពុង​រង​ការ​ស៊ើប​អង្កេត

  • 2019-08-17 10:13:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វីដេអូ blogger ដ៏​ល្បីល្បាញ​ដែល​បាន​ផលិត​វីដេអូ​ពី​គ្រប់ទិសទី​ជុំវិញ​ពិភពលោក គឺ​លោក Nuseir Yassin ហៅ Nas Daily បាន​ប្រកាស​រើស​បុគ្គលិក​វៀតណាម​ឲ្យ​ដាក់ពាក្យ​ធ្វើការ​នៅ​ក្រុមហ៊ុន​បង្កើត​ថ្មី​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​សិង្ហបុរី។

លោក យ៉ាស់​ស៊ីន ( Yassin) ហៅ Nas Daily បាន​​សរសេរ​នៅ​លើ Facebook page Nas Daily ភាសា​វៀតណាម Nas Daily Tiếng Việt ​របស់​លោក​ដែល​មាន followers ជាង ៧៣,០០០ នាក់​ កាល​ពី​ថ្ងៃ​ទី​១២​សីហា​ថា "ខ្ញុំ​កំពុង​ស្វែង​រក​អ្នក​ផលិត​វីដេអូ​​វៀតណាម ដែល​ផលិត​វីដេអូ​បាន​ល្អ​បំផុត ឲ្យ​មក​ចូលរួម​ជា​បុគ្គលិក​ពេញ​ម៉ោង​ជាមួយ​ខ្ញុំ។ អ្នក​ត្រូវ​ចេះ​ពី​របៀប​ផលិត​វីដេអូ។ អ្នក​ត្រូវ​តែ​ជា​អ្នក​ពូកែ​ថត និង កាត់​ត"។ ​​​

The Straits Times បាន​រាយការណ៍​ថា​ក្រោយ Nas Daily បាន​បង្ហោះ​រើស​បុគ្គលិក អ្នក​ឃ្លាំ​មើល​ការអនុវត្ត​ការងារ​ប្រកប​ដោយ​ភាព​ត្រឹមត្រូវ​និង​យុត្តិធម៌ ដែល​ជា​សម្ព័ន្ធ​ត្រីភាគី របស់​ក្រសួង​ថាមពល សហជីព និង សហព័ន្ធ​និយោជិត​ជាតិ​សិង្ហបុរី (ហៅកាត់​ថា Tafep) បាន​និយាយ​ថា ក្រុមហ៊ុន​ទាំង​អស់​ត្រូវ​តែ​​គោរព​តាម​គោលការណ៍​ត្រីភាគី ស្តីពី ការ​អនុវត្ត​ការងារ​ដោយ​ស្មើភាព ដែល​អនុវត្ត​ចំពោះ​ការងារ​ទាំងអស់​ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​សិង្ហបុរី។

យោងតាម គោលការណ៍​ការ​អនុវត្ត​ការងារ​ដោយ​ស្មើភាព រាល់​ពាក្យពេចន៍ និង ឃ្លា​ក្នុង​ការ​ប្រកាស​ជ្រើសរើស​បុគ្គលិក ដែល​មិន​រាប់​បញ្ចូល​ជនជាតិ​សិង្ហបុរី ឬ រើសអើង​ជនជាតិ​សិង្ហបុរី គឺ​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ផ្សព្វផ្សាយ​ឡើយ។

អង្គភាព​ខាង​លើ​បន្ត​ថា ក្រុមហ៊ុន​ទាំង​អស់​មិន​អាច​ជ្រើសរើស​បុគ្គលិក​ដោយ​មិន​ផ្សព្វផ្សាយ​​នៅ​លើ​វេបសាយ​ការងារ Jobs Bank របស់​សិង្ហបុរី​បាន​ឡើយ ព្រោះ​​ដើម្បី​ផ្តល់​ឱកាស​ឲ្យ​បុគ្គលិក​ក្នុង​ស្រុក​អាច​​ដាក់​ពាក្យ​បាន​ដែរ។

លោក យ៉ាស់ស៊ីន វ័យ​២៧​ឆ្នាំ​គឺ​ជា​​កូនកាត់ ប៉ាឡេស្ទីន អ៊ីស្រាអែល។ លោក​បាន​ផ្លាស់​ទៅ​ប្រទេស​សិង្ហបុរី​កាល​ពី​ខែ​មេសា ហើយ​បាន​បង្កើត​ក្រុមហ៊ុន media នៅ​ទីនោះ។ ហ្វេសប៊ុក​ផេក Nas Daily មាន​អ្នក following ១៣ លាន​នាក់ ខណៈ​ដែល​ផេក​ជា​ភាសា​វៀតណាម​មាន follower ជាង៧៣,០០០ នាក់​៕

ប្រភព៖ Asiaone ប្រែ​សម្រួល៖ សុខ លាងហ៊ត

មតិយោបល់