• 2019-09-19 09:29:18
  • ព័ត៌មាន

កាកសំណល់មាន​ច្រើន​នៅ​ភ្នំពេញ តែកាកែច្នៃ​នៅ​មាន​តិចតួច​

  • 2019-09-19 09:29:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ក្រប​ខណ្ឌ​ប្រទេស​កម្ពុជាទាំង​មូល​​​ក្នុង​មួយឆ្នាំៗ​កាកសំណល់​មាន​ប្រ​ហែល​ជា​៣,៦​លាន​តោន​ឬ​ប្រហែល​ជា១ម៉ឺន​តោន​ក្នុង​មួយថ្ងៃ ហើយ​ការ​កែច្នៃ​សំរាម​នៅ​មាន​តិច​តួច​នៅ​ឡើយ​។

​បើ​និយាយ​ត្រឹម​ទីក្រុង​ភ្នំពេញ​វិញ​មន្ត្រី​ទទួល​បន្ទុក​ផ្នែកគ្រប់​គ្រង​​កាក​សំណល់រឹង​របស់​ក្រ​សួង​បរិស្ថាន​​​ឲ្យ​ដឹង​ថា​កាកសំណល់​មាន​​ប្រហែល១,​៧លាន​តោន​​ក្នុង​មួយ​ឆ្នាំ ហើយ​ថា​មាន​តែ​ប្រហែល​ជា​១០​ភាគ​រយ​នៃ​កាក​សំណល់​ទាំង​នេះ​ត្រូវ​បាន​កែច្នៃ​ឡើង​វិញ។

អង្គការKonrad ប្រចាំ​កម្ពុជា​​​នៅ​ថ្ងៃនេះ​បាន​រៀបចំ​កិច្ច​ប្រ​ជុំ​ប្រ​ចាំ​ឆ្នាំ២០១៩​​មួយ​ស្ដីពី​កាក​សំណល់​នៅកម្ពុជា។ លោក ង៉ែត បុល អនុប្រ​ធាន​នាយក​ដ្ឋាន​គ្រប់គ្រង​សំណល់រឹងរបស់ក្រ​សួង​បរិស្ថាន​ថ្លែង​ក្នុង​កម្មវិធី​នេះ​ថាការ​គ្រប់​គ្រង​សំរាម​​មិន​ទាន់​បាន​ជោគ​ជ័យ​នៅ​ឡើយ​ដោយ​ថា​ចំនួន​កែ​ច្នៃ​សំរាម​នៅមាន​តិច​តួច​។

លោក​បន្ថែមថា៖ «ធ្វើ​យ៉ាងណា​ដើម្បី​ឲ្យ​វាបាន​ជោគជ័យ​ទាល់​តែ​ការ​យក​សំរាម​ទៅ​ចាក់​នៅទីលាន​មាន​ការ​ថយ​ចុះ សំរាម​ទាំងអស់​ត្រូវបាន​កែ​ច្នៃ​រហូត​ដល់​៨០​ភាគរយ...តាម​ពិត​សំរាម​អីក៏អាច​កែច្នៃបានទាំងអស់»។

(លោក​ នួន សំណាវុធ នាយក​ទីចាត់​ការ​គ្រប់គ្រង​សំណល់ និង​បរិស្ថាន​របស់​សាលា​រាជធានី​ភ្នំពេញ​​ កំពុង​ពន្យល់ពី​ការងារ​ប្រមូល​សំរាម)

ចំណែក​លោក ​នួន សំណាវុធ​ នាយក​ទីចាត់​ការ​គ្រប់គ្រង​សំណល់ និង​បរិស្ថាន​របស់​សាលា​រាជធានី​ភ្នំពេញ​​បាន​លើកឡើង​ដែរថា​ចំនួន​សំរាម​បាន​កើន​ឡើង​ជា​ប្រចាំ​ដោយ​ថាចំ​នួន​ប្រ​ជា​ពល​រដ្ឋក្នុង​ទីក្រុង​កើនឡើងដែរ។ លោក​ឲ្យ​ដឹងថា​នៅ​​ទីក្រុងមានអ្នក​​​​រស់នៅ​អចិន្ត្រៃ​យ៍​​ចំនួន២,១លាន​នាក់ ហើយ​អ្នក​រស់​នៅ​មិន​អចិន្ត្រៃយ៍​មាន​ជាង​ប្រាំបី​សែន​នាក់​។

លោក​បន្ថែមថាការ​មិន​ទាន់​បាន​ញែក​សំរាមទៅ​តាម​ប្រ​ភេទ​ក៏​ជា​បញ្ហា​ប្រ​ឈម​ក្នុង​ការ​យក​សំរាម​ទៅ​កែ​ច្នៃ​ផង​ដែរ។ លោក​បន្ថែមថា៖ «ទៅ​ថ្ងៃអនាគតយើង​ត្រូវគិត​ទៅ​លើ​ការកែច្នៃ​...​ខ្ញុំ​គិតថា​យើង​ត្រូវ​រុញ​ការ​កែច្នៃ​ហ្នឹង​ឲ្យ​ខ្លាំង​ យើងទាញ​ផល​ប្រ​យោជន៍​ពី​សំរាម តាម​រយៈការដុត​យកអគ្គីសនី និង​ជីវឧស្ម័ន​ជា​ដើម។

ក្នុង​កម្មវិធីនេះ​ក៏មាន​ដែរ​អ្នក​បាន​ធ្វើការ​លើ​វិស័យ​កែ​ច្នៃ​សំរាម​នេះចូល​រួម​និង​បាន​លើ​កឡើង​ថា​ក្រុម​ហ៊ុន​មិន​អាច​រកប្រាក់ចំណេញ​ពី​ការ​កែច្នៃ​សំរាមនេះ​បាន​ទេ​ ដោយ​ហេតុថា​មិន​ទាន់​មាន​ការ​ការ​ជួយជ្រោមជ្រែង​ច្រើន​ពី​រដ្ឋាភិបាល​លើ​ការកែច្នៃសំរាមនេះ​។ អ្ន​កចូល​រួម​លើក​ឡើងថា​នៅប្រទេស​សិង្ហ​បុរី រដ្ឋ​បាន​ជួយ​ដល់​ក្រុម​ហ៊ុន​កែច្នៃសំរាម​ប្រហែលជា​៣០​ដុល្លារ​សិង្ហបុរី​ក្នុង​សំរាម​មួយ​តោន​។

ទាក់ទង​នឹង​ការលើក​ឡើងនេះ​ទាំង​មន្ត្រី​សាលារាជធានី​ភ្នំពេញ និង​មន្ត្រី​មកពី​ក្រ​សួង​បរិស្ថាន​បាន​អះអាង​ថា​រដ្ឋាភិបាល​មាន​ក្រុមការងារ​កំពុង​គិត​គូរ​ពី​កិច្ច​ការ​នេះ និង​កំពុង​ព្រាង​ច្បាប់​ទាក់ទង​នឹង​រឿង​នេះ​ផងដែរ។

ទន្ទឹម​នឹង​ការ​កែច្នៃ​សំរាម​មិន​ទាន់​មាន​ជាលក្ខណៈធំ​ដុំ អ្នក​ធ្វើ​ការ​លើ​ការ​ប្រមូល​សំរាម និង​គ្រប់គ្រង​សំរាម​ថា​ការ​ចូល​រួមពី​គ្រប់ភាគីពាក់ព័ន្ធ​ទាំងប្រ​ជា​ពល​រដ្ឋ អាជ្ញាធរ ក្រុម​ហ៊ុន​ប្រ​មូល​សំរាមនឹង​អាចជួយ​ឲ្យ​ការ​ប្រមូល​សំរាម​ធ្វើ​ទៅ​បាន​ដោយ​រលូន និង​កាន់តែ​ល្អ​ប្រ​សើរ៕

អត្ថបទ៖ ទូច សុខា

មតិយោបល់
អត្ថបទពេញនិយម