• 2019-09-25 04:33:16
  • ព័ត៌មាន

ទស្សនា កូឡាឡាំពួរ នា​ពេល​រាត្រី និង​ឈ្វេង​យល់​ពី​ទីក្រុង​រហស្សនាម "ទី​ក្រុង​សួន​នៃ​ពន្លឺ" ទាំង​អស់​គ្នា

  • 2019-09-25 04:33:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កូឡាឡាំពួរ គឺ​ជា​ទី​ក្រុង​ពាណិជ្ជកម្ម និង​ជា​បេះដូង​របស់​ប្រទេស​ម៉ាឡេស៊ី ហើយ​នេះ​គឺ​ជា​ទីក្រុង​ដ៏​មាន​មន្ត​ស្នេហ៍​បំផុត​មួយ​ក្នុង​តំបន់​អាស៊ី និង​ជាប់​ចំណាត់​ថ្នាក់​ទី ១១ លើ​ពិភព​លោក នាម​ជា​ទីក្រុង​ដែល​មាន​សន្ទុះ​សេដ្ឋកិច្ច​ខ្លាំង​បំផុត។ ក្នុង​ហេតុផល​នេះ មាន​ក្រុមហ៊ុន​ចំនួន ៨ ក្នុង​ចំណោម​ក្រុមហ៊ុន​ធំ​ៗ​លំដាប់​ពិភព​លោក​ទាំង​ជាង ៥០០​ បាន​យក​កូឡាឡាំពួរ ធ្វើ​ជា​កន្លែង​បោះ​ទីតាំង​ការិយាល័យ​កណ្ដាល​របស់​ពួក​គេ ហើយ​១​ក្នុង​ចំណោម​នោះ គឺ​ក្រុមហ៊ុន​ចម្រាញ់​ប្រេង Petronas ដ៏​ល្បី​ល្បាញ។

ដោយ​ដាក់​រហស្សនាម​ថា“ KL” និង​នាម​ជា “ទីក្រុង​សួន​នៃ​ពន្លឺ” ទីក្រុង​កូឡាឡាំពួរ​ក៏​ស្ថិត​នៅ​លេខ ៥៥ ក្នុង​ចំណោម​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​កំពូល​ៗ នៅ​លើ​ពិភព​លោក​ផង​ដែរ។ ដូច្នេះ​ហើយ គេ​ឃើញ​មាន​អគារ​ពាណិជ្ជកម្ម​ខ្ពស់​កប់​ពពក​ឈរ​បង្អួត​រាង​ច្រូងច្រាង​រាប់​រយ ក្លាយ​ជា​ទិដ្ឋភាព​ទីក្រុង​ពេញ​ដោយ​ទំនើប​កម្ម និង​ជា​រូបភាព​សិល្បៈ​យ៉ាង​ល្អ​ប្រណិត។

របាយការណ៍​ឆ្នាំ ២០១៩ កូឡាឡាំពួរ មាន​ដង់ស៊ីតេ​ប្រជាជន​ជាង ១,៨លាន​នាក់ ទី​ក្រុង​នេះ មាន​​ច្របាច់​បញ្ចូល​គ្នា​បន្ថែម​ជាមួយ​សំណង់​ស្ថាបត្យកម្ម​អាណានិគម និង​ទីកន្លែង​ធម្មជាតិ ព្រៃ​ភ្នំ​មួយ​ចំនួន​ទៀត បូក​រួម​ផ្លូវ​ថ្នល់​ស្អាត​មើល​ស្ទើរ​មិន​ឃើញ​ធូលី ធ្វើ​ឲ្យ​កូឡាឡាំពួរ មិន​ត្រឹម​ជា​ទីកន្លែង​ពាណិជ្ជកម្ម តែ​ក៏​ជា​ទីក្រុង​មាន​ខ្យល់​អាកាស​ល្អ​បរិសុទ្ធ និង​ស្រស់ស្រាយ ដែល​អំណោយ​ផល​ដល់​ទេសចរណ៍​ថែម​ទៀត។

ដូច្នេះ​ហើយ គ្មាន​អ្វី​ចម្លែក​ទេ ដែល​ទីក្រុង​នេះ គឺ​ជា​ទីតាំង​ទាក់​ទង​ទេសចរណ៍​ដ៏​សំខាន់​របស់​ម៉ាឡេស៊ី ក៏​ដូច​ជា​ក្នុង​តំបន់​ទាំង​មូល។ នេះ​និយាយ​ជា​រួម ប៉ុន្តែ​និយាយ​ដោយ​ឡែក កូឡាឡាំពួរ មាន​តំបន់​ទាក់ទាញ​សំខាន់​ៗ​ចំនួន​៣​ធំ​ៗ ដែល​ត្រូវ​បាន​គេ​ឲ្យ​នាម​ថា​ជា​តំបន់​ត្រីកោណមាស​របស់​ក្រុង ក្នុង​នោះ​មាន Bukit Bintang, KLCC និង Chinatown។ Petronas Twin Towers ដែល​ជា​អគារ​ភ្លោះ​កម្ពស់​ខ្ពស់​ជាង​គេ​បំផុត​ក្នុង​ពិភព​លោក(the world’s tallest twin skyscrapers) ស្ថិត​ក្នុង​តំបន់ KLCC គឺ​ជា​កន្លែង​ទាក់​ទាញ​ទេសចរណ៍​ខ្លាំង​បំផុត​របស់​ក្រុង។

ក្រៅ​ពី​នេះ ផ្សារ​ទំនើប​ៗ​ដែល​មាន​ដូចជា Pavilion KL និង Suria KLCC ជា​ដើម ដែល​រមែង​មាន​ព្រឹត្តិការណ៍​លក់​ជា​ពិសេស​ញឹកញាប់​ក្នុង​១​មួយ​ឆ្នាំ​ៗ ក៏​ជា​ចំណុច​​ទាក់​ទាញ​ភ្ញៀវ​ទេសចរ ដ៏​សំខាន់​​របស់​ទីក្រុង​បន្ថែម​ទៀត​ដែរ។ ដូច្នេះ​អាច​ថា គ្រប់​គ្រាន់​សម្រាប់​ប្រិយមិត្ត​ដែល​មាន​បំណង​ធ្វើ​ទេសចរណ៍​ឆ្លង​ប្រទេស​នា​ដំណាច់​ឆ្នាំ អាច​ពិចារណា កូឡាឡាំពួរ របស់​ម៉ាឡេស៊ី​បាន។

ប៉ុន្តែ​មុន​ដល់​ពេល​នោះ តោះ...​ទៅ​ធ្វើ​ទស្សនាចរ​នា​ពេល​រាត្រី ក្នុង​ទីក្រុង "សួន​នៃ​ពន្លឺ" ជាមួយ​ក្រុម​ការងារ​យើង​ទាំង​អស់​គ្នា​សិន!

អត្ថបទ៖ ទារិកា

មតិយោបល់