• 2019-10-13 01:30:00
  • ព័ត៌មាន

គួរឲ្យសរសើរ! នាយករដ្ឋមន្ត្រី​ឥណ្ឌា​ដើរ​រើស​សំរាម​តាម​ឆ្នេរសមុទ្រ ខណៈ​ធ្វើ​ជា​ម្ចាស់​ផ្ទះទទួល​មេដឹកនាំ​ចិន

  • 2019-10-13 01:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នាយករដ្ឋមន្ត្រី​ឥណ្ឌា លោក ណារិ​នដ្រា ម៉ូ​ឌី បាន​ដើរ​រើស​សំរាម​នៅ​ថ្ងៃ​សៅរ៍​ទី​១២ ខែ​តុលា​នៅ​រមណីយដ្ឋាន​ឆ្នេរ​សមុទ្រ​មួយ​កន្លែង​ដែល​លោក​ធ្វើជា​ម្ចាស់ផ្ទះ​ទទួល​ជួបប្រធា​នា​ធិប​​តី​ចិន លោក ស៊ី​ជិន​ពីង​។​

​លោក ណារិ​នដ្រា ម៉ូ​ឌី និង​លោក ស៊ី ជីន​ពីង ជួបជុំគ្នា​នៅ​ទីក្រុង​មហា​ឡា​ពូ​រ៉ា​ម​ជា​កន្លែង​មាន​ប្រាសាទបុរាណ​ច្រើន ដែល​មាន​អាយុកាល​ជាច្រើន​សតវត្សរ៍ និង​មាន​ប្រជាប្រិយ​​ភាព​ផងដែរ​សម្រាប់​ភ្ញៀវទេសចរ​។​ ​ប៉ុន្តែ លោក ម៉ូ​ឌី បាន​ធ្វើឱ្យ​មាន​ការភ្ញាក់ផ្អើល ដោយ​បញ្ចេញ​វីដេអូ​អំពី​ខ្លួន​លោក​ផ្ទាល់ ដើរ​និង​រត់​ហាត់ប្រាណ​ជាមួយនឹង​ការ​រើស​សំរាម​ផងដែរ​នៅតាម​ឆ្នេរសមុទ្រ​នៅ​ខាង​​ក្រៅ​រមណីយដ្ឋាន​ប្រណីត​របស់លោក កាលពី​ព្រឹក​ថ្ងៃ​សៅរ៍​ទី​១២​តុលា​។​ ​លោក​បាន​ប្រមូល​សំរាម​ដែល​មាន​ដូចជា​សំបក​ដប​ជ័រ​ប្លា​ស្ទិក សំ​បក​ចេក និង​សំរាម​ល្អិតៗ​ផ្សេង​ទៀត​ដាក់​ក្នុង​ថង់​ធំ​មួយ នៅក្នុង​កិច្ច​ខំ​ប្រឹងប្រែង​ចុងក្រោយ​បំផុត​របស់​លោក​​ដើម្បី​បង្ហាញ​នូវ​ការខ្វះខាត​ការសម្អាត​នៅតាម​ទី​សាធារណៈ​នៅ​ឥណ្ឌា​។​

​លោក​បាន​សរសេរ​បង្ហោះ​នៅលើ​បណ្តាញ​ទំនាក់ទំនង​សង្គម​ទ្វី​ត​ធឺ​ថា "ខ្ញុំ​ប្រមូល​សំរាម​នៅ​តាម​ឆ្នេរសមុទ្រ​នៅ​ទីក្រុង​មហា​ឡា​ពូ​រ៉ា​ម ខណៈ​ដែល​ដើរ​ហាត់ប្រាណ ហើយ​បាន​ប្រគល់​សំរាម​នោះ​ទៅ​ឱ្យ​បុគ្គលិក​សណ្ឋាគារ​ម្នាក់​នៅ​តំបន់​ឆ្នេរសមុទ្រ​នោះ​​។​" ​លោក​បាន​សរសេរ​បន្ត​ថា “​ចូរ​យើង​ធានា​ថា​ទី​សាធារណៈ​របស់​យើង​ស្អាត​ហើយ​មាន​សណ្តាប់ធ្នាប់​។​យើង​ត្រូវ​ធានា​ថា​យើង​រស់​នៅ​មាន​សុខភាព​ល្អ​”​។ ​ទីក្រុង​នានា​របស់​ឥណ្ឌា​មាន​កម្រិត​បំពុលបរិយាកាស​ខ្ពស់​បំផុត​នៅលើ​ពិភពលោក​និង​មាន​ភាពកខ្វក់​បំផុត​ផងដែរ ដោយ​មាន​គំនរ​សំរាម​នៅ​តាម​មជ្ឈមណ្ឌល​ធំៗ​នៃ​ទីក្រុង​​ទាំងនោះ ដូចជា​នៅ​ទីក្រុង​ញូវដែលី និង​ទីក្រុង​មុំ​បៃ​ជា​ដើម ដោយសារ​កំណើន​ទីក្រុង​លឿន​និង អភិបាលកិច្ច​មិនល្អ​។​

​លោក​ណារិន​ដ្រា​ម៉ូឌី បាន​អំពាវនាវ​ឱ្យ​បញ្ឈប់​ការប្រើប្រាស់​ជ័រ​ប្លា​ស្ទិច​ដែល​ប្រើ​បាន​តែ​មួយ​លើក​ហើយ​បោះចោល នៅ​ត្រឹម​ឆ្នាំ​២០២២​តទៅ ៕​

ប្រភព ៖ rasmeinews

មតិយោបល់