• 2017-01-12 23:15:00
  • សេដ្ឋកិច្ច

១០​​កន្លែង​​​ពេញ​និយម​បំផុត​នៅ​ទីក្រុង​កូឡាឡាំពួរ ​ឃើញ​ហើយ​ចង់​ទៅលេង

  • 2017-01-12 23:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទីក្រុង​កូឡាឡាំពួរ ​ប្រទេស​ម៉ាឡេស៊ី ត្រូវ​បាន​គេ​ចាត់​ទុក​ជា​ទីក្រុង​ដ៏​ពេញ​​និយម​មួយ​​នៅ​អាស៊ី ដែល​អ្នក​ទេសចរ​​ខ្មែរ​ និង​បរទេស​​ប្រាថ្នា​ចង់​​ទៅ​មើល​​អគារ​ភ្លោះ​​ខ្ពស់​​ជាង​គេ​បំផុត​​ក្នុង​​លោក។

ទីក្រុង​មួយ​នេះ​​ បាន​ផ្ដល់​​​ឱកាស​​ឲ្យ​​អ្នក​ទេសចរ​ស្គាល់​​ពី​វប្បធម៌​ចម្រុះ​គ្នា​ ​​អាហារ​​របស់​ជនជាតិ​​ភាគ​តិច​ និង​​សំណង់​​ស្ថាបត្យកម្ម​​ជឿន​លឿន​តាម​​បែប​​ប្រទេស​​លោក​ខាង​កើត និង​​​ខាង​លិច។ សារព័ត៌មាន​ CNN ​ធ្លាប់​​ចាត់​ថ្នាក់​​កូឡាឡាំពួរ ជា​ទីក្រុង​ល្អ​បំផុត​​មួយ​ក្នុង​លោក​​​សម្រាប់​ដើរ​ទិញ​ឥវ៉ាន់។ អាកាស​ធាតុ​​ទីក្រុង​នេះ​​អំណោយ​​ផល​ស្ទើរ​គ្រប់​រដូវ​ ​ពិសេស​​​ខ្យល់​​ត្រូពិក។ ​តោះ​​ ទស្សនា​​កន្លែង​លំហែ​​ល្បី​​ៗ​ដែល​ទទួល​​ភ្ញៀវ​ទេសចរ​​​បាន​ច្រើន​ជាង​គេ​បំផុត​​ប្រចាំ​ទីក្រុង។

១០. ស្ថានីយ​រថភ្លើង​កូឡាឡាំពួរ​

​ស្ថានីយ​​នេះ​​​ ត្រូវ​​បាន​​រចនា​ឡើង​តាម​បែប​អគារ​​អាណានិគម​លាយ​បញ្ចូល​​​វប្បធម៌​​លោក​​ខាង​កើត និង​ខាង​លិច ​រួម​ទាំង​​បែប​​ឥស្លាម និង​ឥណ្ឌា។ វា​ត្រូវ​បាន​សាងសង់​​ឡើង​​​នៅ​ឆ្នាំ​ ១៩១០ ក្នុង​​តម្លៃ​​កាល​នោះ​ ២៣ ០០០​​ដុល្លារ​ សម្រាប់​​ដឹក​​អ្នក​ដំណើរ​ទៅ​កាន់​​សិង្ហបុរី ​និង​​ប្រទេស​អាស៊ី​​​អាគ្នេយ៍​ផ្សេងទៀត។

៩. វិហារ​ Thean Hou

Thean Hou ​​ជា​វិហារ​​ពុទ្ធសាសនា​ធំ​ជាង​គេ​បំផុត​​មួយ​បែប​​ប្រពៃណី​ចិន​​នៅ​អាស៊ីអាគ្នេយ៍។ ​វិហារ​​នេះ​​បាន​​បើក​ដំណើរ​ការ​​នៅ​​ឆ្នាំ​ ១៩៨៩ ដោយ​​សហគមន៍​​​ចិន​​នៅ​ម៉ាឡេស៊ី។ លើស​​ពី​នេះ Thean Hou ​ជា​​កន្លែង​​​ដ៏​ពេញ​និយម​​សម្រាប់​ថត​អាពាហ៍ពិពាហ៍​​ដោយ​មួយ​​ឆ្នាំ​​មាន​ប្រមាណ​ ៥ ០០០​គូ​មក​រៀប​ការ​​។

៨. ទីលាន Berjaya Times Square

​វា​​គឺ​​ជា​​​បរិវេណ​​ដ៏​ធំ​​​មួយ​​មាន​​​ផ្សារ​ទំនើប ​និង​សណ្ឋាគារ​​ផ្កាយ​ប្រាំ​​ចំនួន​ពីរ។ ស្ថិត​​នៅ​លើ​​ផ្ទៃ​​ដី​​ ៧០​ម៉ឺន​ម៉ែត្រ​ការ៉េ វា​​ជា​​​សំណង់​អគារ​​ធំ​បំផុត​​លំដាប់​​ទី​​៥​លើ​លោក។ ​​ក្នុង​ផ្សារ​ទំនើប​មាន​​តូប​​លក់​បន្ត​​ជាង​ ១០០០​កន្លែង ហាង​លក់​ម្ហូប​អាហារ​ ៦៥​កន្លែង​ និង​​កន្លែង​​បែប​កម្សាន្ត​ជា​ច្រើន​ផ្សេង​ទៀត។

៧. សារមន្ទីរ​ Islamic Arts Museum Malaysia

ជា​សារមន្ទីរ​​​​​បែប​សិល្បៈ​​ឥស្លាម​​ធំ​ជាង​​គេ​បំផុត​​នៅ​​អាស៊ីអាគ្នេយ៍ និង​បើក​​ដំណើរ​​ការ​​នៅ​​ឆ្នាំ​ ១៩៩៨ ដែល​មាន​​​ស្នាដៃ​​សិល្បៈ​ជាង​ ៧០០០​ផ្ទាំង រាប់​ចាប់​តាំង​​ពី​​គ្រឿង​អលង្ការ ​រហូត​​ដល់​​វិហារ​ឥស្លាម​​​​ចម្លង​ពី​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត។ ​មិន​​ត្រឹម​​តែ​មាន​​ស្នាដៃ​​សិល្បៈ​​ពី​មជ្ឈិមបូព៌ា និង​ម៉ាឡេស៊ី​ទេ ​តែ​ថែម​ទាំង​​ពី​វប្បធម៌​ចិន ​និង​​ឥណ្ឌា​​ទៀត​ផង​ជា​មួយ​សាល​១២​​បន្ទប់។

៦. ប៉ម​ Menara KL Tower

ប៉ម​​នេះ​មាន​កម្ពស់​​ ៣៣៥​ម៉ែត្រ សម្រាប់​​បម្រើ​​គោល​បំណង​​ពីរ​​ ទី​មួយ​គឺ​​ជា​ប៉ម​ទំនាក់​ទំនង និង​ទី​ពីរ​​សម្រាប់​​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ ដោយ​​មាន​​ភោជនីយដ្ឋាន​​ និង​​សម្រាប់​ឡើង​​មើល​​សម្រស់​​ទីក្រុង​កូឡាឡាំពួរ។

៥. ឧទ្យាន​ KL Bird Park

​វា​ជា​​កន្លែង​​កម្សាន្ត​បែប​អេកូ​ទេសចរណ៍​ដែល​មាន​​​សត្វ​បក្សី​​ជាង​ ៣០០០​ក្បាល​​ចំនួន​​ ២០០​ប្រភេទ​។ បក្សី​ទាំង​​នោះ​​ទៀត​សោត​ ត្រូវ​បាន​បែង​ចែក​ជា​៤​ប្រភេទ ដោយ​៣​ប្រភេទ​​អាច​ហោះ​ហើរ​បាន​​ដោយ​សេរី ​និង​មួយ​ទៀត​​បក្សី​ក្នុង​ទ្រុង។ ចំណែក​ប្រតិបត្តិ​ករ​ឧទ្យាន​​ ​និយាយ​ថា​​បក្សី​​នៅ​ទីនេះ​​មាន​​​សត្វ​ហោះហើរ​​បាន​ដោយ​សេរី​ធំ​ជាង​គេ​ក្នុង​លោក​។

៤. សង្កាត់ Bukit Bintang

​ជា​​កន្លែង​​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​ខ្លាំង​បំផុត​មួយ​​នៅ​កូឡាឡាំពួរ ​ព្រោះ​វា​​​មាន​​ហាង​លក់​ដូរ​ ​តូប​លក់​អាហារ​តាម​ចិញ្ចើម​​ផ្លូវ​បែប​ជនជាតិ​ចិន និង​​មជ្ឈមណ្ឌល​​កម្សាន្ត​​ជា​ច្រើន​។

៣. ទីលាន Merdeka Square

ទីលាន​នេះ​​ជា​បេះ​ដូង​នៃ​​ទីក្រុង​កូឡាឡាំពួរ ឬ​ជួន​កាល​គេ​ហៅ​​ទី​លាន​ឯករាជ្យ ព្រោះ​ទង់​ជាតិ​​ម៉ាឡេស៊ី​​បង្ហូត​នៅ​ទី​នេះ​លើក​ដំបូង​នៅ​​ឆ្នាំ​ ១៩៥៧។ វាល​​ស្មៅ​​ដ៏​ខៀវ​ខ្ចី​​ស្ទើរ​គ្រប់​រដូវ និង​ហ៊ុមព័ទ្ធ​​​ដោយ​សំណង់​អគារ​​ជុំវិញ ក៏​ដូច​ជា​​សារមន្ទីរ​ប្រវត្តិសាស្ត្រ​ ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​ទៅ​លេង​ឥត​ដាច់។

២. រូង​ទី​សក្ការ​ Batu Caves

Batu Caves ​ជា​កន្លែង​គោរព​បូជា​ បួង​សួង​បែប​សាសនា​ហិណ្ឌូ​ដ៏​ពេញ​និយម​​បំផុត​​នៅ​ម៉ាឡេស៊ី។ ​​អ្នក​ប្រតិបត្តិ​​​សាសនា​ហិណ្ឌូ​​រាប់​​ម៉ឺន​នាក់​ បាន​ជួប​ប្រជុំ​គ្នា​​​​រាល់​ឆ្នាំ​​​ដើម្បី​ប្រារព្ធ​ពិធី​ Thaipusam ដោយ​អ្នក​សម្ដែង​​​លី​សែង​​របស់​ធំ​ៗ​ដូច​ជា ថូ និង​យក​​ដែក ឬ​ម្ជុល​មុត​ស្រួច​​ចាក់​លើ​​​មុខមាត់​ ដង​ខ្លួន​ គួរឲ្យ​​​ស្រៀវ​សាច់។ ជណ្ដើរ​ឡើង​​មាន​​ចំនួន​ ២៧២​កាំ។

១. អគារ​ភ្លោះ​ Petronas Twin Towers

​អ្នក​ទេសចរ​​ជា​ច្រើន ​ចង់​ទៅ​មើល​​អគារ​ភ្លោះ​កម្ពស់​ ៤៩១​ម៉ែត្រ​ ជា​មួយ​ទេសភាព​​ជុំវិញ​ដ៏​ស្រស់​ស្អាត​ និង​​ឡើង​​ស្ពាន​ឆ្លង​​អគារ​កម្ពស់​ ១៧០​ម៉ែត្រ។ អគារ​នេះ​​​បាន​ចំណាយ​ពេល​សាងសង់៧​​ឆ្នាំ​​ប៉ុណ្ណោះ៕

ប្រភព៖ Touropia ប្រែ​សម្រួល៖ ឡេង ភារុណ

មតិយោបល់