• 2017-04-10 01:29:17
  • សេដ្ឋកិច្ច

សួន​ថ្ម​ដ៏​អស្ចារ្យ តាម​ពិត​កើត​ចេញ​ពី​មន្ត្រី​រដ្ឋ​ម្នាក់​លួច​ធ្វើ​ដោយ​សម្ងាត់ កាលពីជាង ៦០​ឆ្នាំ​មុន

  • 2017-04-10 01:29:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សួន​ថ្ម Rock Garden នៅ​ទី​ក្រុង Chandigarh រដ្ឋ Punjab ប្រទេស​ឥណ្ឌា កំពុង​ទាក់​ទាញ​មនុស្ស​ជា​ច្រើន​ចូល​ទស្សនា​កម្សាន្ត​រាល់​ថ្ងៃ ព្រោះ​​ទិដ្ឋភាព​ប្លែក​ភ្នែក​ដូច​ក្នុង​រឿង​និទាន។ តាម​ពិត សួន​ថ្ម​ដ៏​ធំ​នេះ ចាប់​ផ្ដើម​លេច​ចេញ​រូប​រាង​បន្តិច​ម្ដង​ៗ តាំង​ពីជាង ៦០ឆ្នាំ​មុន ដោយសារ​ស្នាដៃ​មន្ត្រី​រដ្ឋ​ម្នាក់ ដែល​ឆ្លៀត​ពេល​ទំនេរ លួច​ធ្វើ​វា​ឡើង​ដោយ​សម្ងាត់។

Rock Garden ត្រូវ​បាន​គេ​ហៅ​ឈ្មោះ​មួយ​ទៀត​ថា Nek Chand's Rock Garden ដោយ​សារ​វា​កើត​ឡើង​ចេញ​ពី​​ស្នាដៃ​របស់​លោក Nek Chand ដែល​ជា​មន្ត្រី​នៅ​នាយកដ្ឋាន​វិស្វកម្ម ​នៃ​ទី​ក្រុង Chandigarh។ ក្នុង​ឆ្នាំ១៩៥៧ លោក Nek Chand បាន​បែក​គំនិត ឆ្លៀត​យក​ពេល​ទំនេរ លួច​ធ្វើ​សួន​នេះ​ឡើង​ពី​វត្ថុ​ដែល​គេ​បោះ​បង់​ចោល​ជា​ច្រើន បូក​រួម​ទាំង​ថ្ម​គ្រប់​ម៉ូដ គ្រប់​ម៉ាក ឆ្លាក់​ចេញ​ជា​រូប​ចម្លាក់ ​យ៉ាង​ប្លែក​ភ្នែក។

លោក Nek Chand បាន​បន្ត​ធ្វើ​បែប​នេះ អស់​រយៈ​ពេល ១៨​ឆ្នាំ រហូត​សួន​ថ្ម​លេច​ចេញ​រូប​រាង​លើ​ផ្ទៃដី១២រ៉ៃ (ជិត ៥ហិកតារ)។ ក្នុង​ឆ្នាំ​១៩៧៥ អាជ្ញាធរ​ក្រុង Chandigarh បាន​ប្រទះ​ឃើញ​សួន​ថ្ម និង​មាន​គម្រោង​បំផ្លាញ​ចោល​វិញ ព្រោះ​ជា​រឿង​ខុស​ច្បាប់ ប៉ុន្តែ​ត្រូវ​បាន​មតិ​សាធារណជន​ប្រឆាំង និង​ការពារ​គំនិត​របស់​លោក Nek Chand។

ដោយ​ទទួល​បាន​គាំទ្រ​យ៉ាង​ច្រើន​លើស​លុប អាជ្ញាធរ​ក្រុង​បាន​បើក​ភ្លើង​ខៀវ​ឲ្យ​លោក Nek Chand គ្រប់​គ្រង​សួន​ដោយ​ស្រប​ច្បាប់ និង​បន្ថែម​បុគ្គលិក ៥០​នាក់ ដើម្បី​បន្ត​​គម្រោង។ នៅ​ឆ្នាំ​១៩៧៦ សួន​ថ្ម Rock Garden ត្រូវ​បាន​បើក​ឲ្យ​ទស្សនា​កម្សាន្ត​ជា​សាធារណៈ ហើយ​មក​ដល់​បច្ចុប្បន្ន​មាន​មនុស្ស​រាប់​ពាន់​នាក់​គ្រប់​ទិសទី​ទស្សនា​ជា​ប្រចាំ។ ចំណែក​ស្ថាបនិក​គឺ​លោក Nek Chand បាន​ស្លាប់​ក្នុង​ឆ្នាំ​២០១៥ នៅ​អាយុ ៩០​ឆ្នាំ។

ពេល​នេះ Rock Garden បាន​ពង្រីក​វិសាល​ភាព​លើ​ផ្ទៃ​ដី​ជាង ៤០​រ៉ៃ(ជាង ១៦ហិកតារ) ហើយ​សំណង់​ទាំង​អស់ ធ្វើ​ឡើង​ពី​វត្ថុ​ដែល​គេ​បោះ​បង់​ចោល ដូច​ជា​អំបែង​ចាន អំបែង​កែវ អំពូល​ភ្លើង ដប គ្រឿង​អគ្គិសនី ដុំ​ថ្ម។ ក្រៅ​ពី​រូប​ចម្លាក់​ប្លែកៗ ក៏​នៅ​មាន​ទឹក​ធ្លាក់​សិប្បនិម្មិត​ពី​ស្នាដៃ​មនុស្ស​យ៉ាង​ស្រស់​ត្រកាល និង​ជា​ទី​ថត​រូប​យ៉ាង​ទាក់​ទាញ។

សំបុត្រ​ចូល​ទស្សនា​សួន​ថ្ម​ដ៏​ធំ​នេះ មាន​តម្លៃ ២០​រូពី(ប្រហែល ១២០០​រៀល) សម្រាប់​មនុស្ស​ពេញ​វ័យ និង ១០​រូពី (ប្រហែល ៦០០រៀល) សម្រាប់​កុមារ។ អ្នក​ចូល​ទៅ​ទស្សនា​ភាគ​ច្រើន សុទ្ធតែ​លាន់​មាត់​​ស្រដៀង​គ្នា​ថា ហេតុ​អ្វី​បាន​ជា​មិន​គិត​យក​របស់​គ្មាន​តម្លៃ​មក​ច្នៃ​ជា​កន្លែង​ទេសចរណ៍​ដ៏​ទាក់​ទាញ​ដូច​លោក Nek Chand?

ទស្សនា​រូប​ភាព​ដោយ​ក្រុម​ការងារ Sabay៖

អត្ថបទ៖ គង់ វិសាល

មតិយោបល់