• 2017-06-24 02:39:49
  • ព័ត៌មាន

ទុក្ខ​ស្រី ប្ដី​កាន់​លុយ

  • 2017-06-24 02:39:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លុយ​ជា​បញ្ហា​ជម្លោះ​យ៉ាង​ខ្លាំង​នៅ​ក្នុង​សង្គម​គ្រួសារ ដោយសារ​តែ​វា​ជា​វត្ថុ ដែល​យើង​ត្រូវការ​ប្រើ​ប្រាស់​​​រាល់​ថ្ងៃ​ជាចាំបាច់ ដោយសារ​តែ​បញ្ហានេះ ធ្វើឱ្យ​គ្រួសារ​មួយ​ចំនួន​មាន​ជម្លោះ​ទាស់ទែង​គ្នា​រហូតដល់​បែក​​​បាក់​គ្រួសារ​ក៏​មាន​ បញ្ហា​នេះ​អាច​បណ្ដា​មក​ពី​ការ​មិន​យល់​ចិត្ដ​គ្នា​រវាង​ស្វាមី និង​ភរិយា​នៅ​ក្នុង​គ្រួសារ។

ជា​យូរ​មក​ហើយ​នៅ​ក្នុង​សង្គម​ខ្មែរ នៅ​ពេល​​ដែល​បុរស​ជា​ប្ដី​រក​បាន ត្រូវតែ​ឱ្យ​ប្រពន្ធ​ជា​អ្នក​ទុកដាក់។ ប៉ុន្ដែ​នៅ​សម័យ​ទំនើប បច្ចុប្បន្ន​នេះ ការ​ទុក​ដាក់លុយ​កាក់​មាន​ការ​ខុស​ប្លែក​គ្នា​បន្តិច ដោយ​អ្នក​ខ្លះ​គេនិយម​តាម​ប្រពៃណី​បរទេស ដែល​ប្ដី និង​ប្រពន្ធ​ទុកដាក់​លុយ ផ្សេងៗ​គ្នា។ បញ្ហា​នេះ គឺ​អាស្រ័យ​ទៅ​លើការ​និយម​របស់​​គ្រួសារ​នីមួយៗ។

ជាក់ស្ដែង​មាន​គ្រួសារខ្លះ ដំបូង​គាត់​ឱ្យ​ប្រពន្ធ​ទុក​ដាក់លុយ ប៉ុន្តែ​ប្រពន្ធ​គាត់​មិនសូវ​ចេះ​ទុកដាក់​លុយទេ។ នៅ​ពេល​ដែល​​ប្ដី​រកបាន មក​ទុក​ឱ្យប្រពន្ធ ប្រពន្ធ​​បែរ​ជាចាយ​វាយ​អស់ ឬ​គាត់យក​ទៅលេង​ល្បែង​ផ្សេងៗ​អស់ នាំ​ឱ្យ​បុរស​ជា​ប្ដី ត្រូវតែ​ជា​អ្នក​កាន់​កាប់​លុយ​ដោយខ្លួនឯង​វិញ​ម្ដង។

មាន​ករណី​ខ្លះ ប្រពន្ធ​ជា​អ្នកធ្វើការ ស្វាមី​ក៏ជា​អ្នកធ្វើការ​ដែរ ប៉ុន្តែ​ស្វាមី​រក​ប្រាក់​បាន​តិច​ជាង​ប្រពន្ធ។ ប្ដី​មាន​ការ​ច្រណែន ដោយសារ​ឃើញ​ប្រពន្ធ​មាន​លុយ​ច្រើន ហើយ​គាត់​មិន​ឱ្យ​លុយ​ប្រពន្ធ​គាត់​ទេ គាត់​ទុក​សម្រាប់​ខ្លួន​គាត់។ ដូច្នេះ​ការ​ចំណាយ​ទាំង​ប៉ុន្មាន គឺ​នៅ​លើ​ប្រពន្ធ គាត់​ទាំងអស់។ ករណី​ទាំងនេះ គឺវា​អាស្រ័យ​​ទៅតាម​ប្រភេទ​គ្រួសារ​នីមួយៗ ដែលគេ​ស្រុះស្រួល​គ្នា។

តាម​ការ​សង្កេតឃើញ គ្រួសារ​ដែល​មាន​ស្វាមី​ជា​អ្នក​កាន់លុយ ភរិយា​ច្រើន​តែ​គ្មាន​សេចក្ដី​សុខ​ទេ ដោយ​សារ​បុរស​ជា​ប្ដី​មិន​ដឹងថា ប្រពន្ធ​ត្រូវ​ចំណាយ​លើ​អ្វី​ខ្លះ គាត់​ឱ្យ​លុយទៅ​ប្រពន្ធ​ចាយ​មានកម្រិត ​ ប្រការ​នេះ​ធ្វើ​ឱ្យ​ប្រពន្ធ​កើតទុក្ខ​មិន​សុខចិត្ត នាំ​ឱ្យ​មានរឿង​រកាំរកូស​នៅ​ក្នុង​គ្រួសារ ដោយសារ​ប្រពន្ធ​យល់ ថាខ្លួន ឯងមិន មែន​ជាអ្នក​កាន់លុយ ចង់​ទិញ​របស់​អ្វី​មិន​បាន​ដូច​ចិត្ដ។​

ប្រសិនបើ​ប្រពន្ធ​ជា​អ្នកកាន់លុយ និង​មិនមាន​គំនិត​ចង្អៀត​ចង្អល់ ហើយ​ប្រពន្ធ​ចេះរៀបចំ ការ​ចាយ​វាយ​បាន​ត្រឹមត្រូវ ដឹង​​ថា​អ្វី​ដែល​ត្រូវចាយ និង​អ្វីដែល​មិន​ត្រូវ​ចាយ។ ប្រពន្ធ​ចេះ​ធ្វើការ​ប្រៀបធៀប​ប្រាក់ ចំណូល ​ដែល​ប្ដី​រកបាន និង ការ​ចំណាយ។ ហើយ​គាត់​ជា​ប្រពន្ធ​ចេះគិតគូរ​សន្សំ​ទុកដាក់​ប្រាក់​មួយ​ចំណែក​សម្រាប់​ពេល​កូន​ឈឺ និង​តម្រូវការ​ផ្សេងៗ​ទៀត​ជាដើម។ បែបនេះ​គ្រួសារ​នោះ ពិតជា​មាន​សេចក្ដីសុខ៕

អត្ថបទ៖ ហេង នាង (CCJ)

មតិយោបល់