• 2019-12-16 05:32:39
  • ព័ត៌មាន

នេះជា​វិធី​បង់​ប្រាក់ថ្លៃប្រមូល​សំរាម ដឹងឲ្យ​ហើយ​កុំ​ឲ្យ​រក​កន្លែង​បង់​មិន​ឃើញ​

  • 2019-12-16 05:32:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សាលារាជធានី​ភ្នំពេញ​ឲ្យ​ដឹងថា​ចាប់ពី​ថ្ងៃទី​១ ខែមករា​ ឆ្នាំ​២០២០ តទៅ​នឹង​មិនមាន​ថ្លៃ​សេវា​សំរាម​នៅលើ​វិក្កយបត្រ​អគ្គិសនី​ដូច​រាល់ដង​ទៀតនោះទេ ហើយអតិថិជន​ទាំងអស់​ត្រូវ​ប្ដូរ​មក​បង់​ប្រាក់​នៅ​តាម​ប្រព័ន្ធ​ទូទាត់​ប្រាក់​អេឡិចត្រូនិច ឬ​តាម​ភ្នាក់​ងារ​បង់​ប្រាក់​របស់​ក្រុម​ហ៊ុន​មួយ​ចំនួន​ទៀត។

សាលារាជធានីភ្នំពេញ​នៅ​ថ្ងៃនេះ បាន​ចេញសេចក្ដីណែនាំ​​មួយ​ដោយ​បញ្ជាក់ថាអតិថិជន​បង់​ថ្លៃ​សំរាម​ទាំងអស់ ចាប់ពី​ខែមករា ឆ្នាំ២០២០ តទៅនឹង​ត្រូវ​បង់​តាម​ប្រ​ព័ន្ធ​អេឡិច​ត្រូវនិចតាម​ទូរសព្ទ​ដៃ ឬតាម​ធនាគារ ឬតាម​ទីភ្នាក់​ងារ​ទូទាត់​ប្រាក់​ផ្សេងទៀតដូចជា​ធនាគារអេស៊ីលីដា eMoney True Money និង​Dara Pay ជាដើម​។​

សាលា​រាជធានី​បញ្ជាក់ថា​អតិថិជន​ត្រូវ​បង់​ថ្លៃ​សំរាម​ប្រចាំខែ​នៅ​ថ្ងៃទី​១ ដល់ទី​១៥ នៃ​ខែបន្ទាប់ មាន​ន័យថា​បើ​អិតិថិជន​បង់​ថ្លៃ​សំរាម​សំរាប់​ខែ​មករា គឺ​ត្រូវ​បង់​ថ្លៃសំរាម​ចន្លោះពីថ្ងៃ១ដល់ថ្ងៃទី១៥ ខែ​កុម្ភៈ។ សាលារាជធានី​ភ្នំពេញ​ឲ្យ​ដឹងថា​ការខក​ខាន​មិន​បាន​បង់​តាម​កាល​កំណត់​​១៥​ថ្ងៃ នឹង​ត្រូវ​ចាត់ទុក​ជា​​បំណុល ដែលកម្មវត្ថុ​នៃការ​ផាកពិន័យ​តាម​ច្បាប់​។

ដើម្បី​បង់​ថ្លៃ​សេវាសំរាមនេះ អតិថិជន​ត្រូវ​បង់​តាម​ចំនួន​ទឹក​ប្រាក់​ដែល​បាន​បង់​កាលពី​ខែ​តុលា ឆ្នាំ២០១៩ ជាមូល​ដ្ឋាន។ វិធី​បង់ប្រាក់​គឺ​អតិថិជន​ត្រូវ​ប្រើ​ID របស់​ខ្លួន​ដែលមាន​នៅ​លើ​វិក្កយបត្រ​អគ្គិសនី​កាលពី​ខែ​តុលា ឆ្នាំ២០១៩ កន្លង​មក។

សាលា​រាជធានី​អះអាងថា​ក្រុម​ហ៊ុន​សិនទ្រី នៅ​តែបន្ត​ប្រមូល​សំរាម​ដដែល​ក្នុង​រយៈពេល​អន្តរកាល​នេះ ប៉ុន្តែ​ក្រុម​ហ៊ុន​មិន​ប្រ​មូល​ប្រាក់នោះទេ៕

អត្ថបទ៖ ជំនោរ

មតិយោបល់