• 2020-02-28 10:07:39
  • ព័ត៌មាន

កម្ពុជាត្រៀមកោះប្រជុំក្រុមការងារពិសេស ត្រៀមអនុវត្តផ្ទាល់ការពារ​ពីវីរ៉ុសកូរ៉ូណា នៅកូរ៉េខាងត្បូង

  • 2020-02-28 10:07:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្អែកនេះ​ស្ថានទូតកម្ពុជានឹងកោះអញ្ជើញក្រុមការងារពិសេសរបស់យើង ដើម្បីបន្តយកធាតុចូលទាំងឡាយហើយដាក់ចេញជាវិធានការអនុវត្តជាក់ស្ដែងដល់មូលដ្ឋានទាំងអស់ដែលមានប្រជាពលរដ្ឋខ្មែររស់នៅ។ នេះបើយោងតាម​ លោក ឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសកូរ៉េខាងត្បូង បាន​សរសេរ​​នៅ​លើ​គណនី​របស់​ខ្លួន កាល​ពី​រសៀល​ថ្ងៃទី ២៨ ខែកុម្ភៈ ២០២០។

ការប្រកាស​អំពី​ស្ថានទូត​កោះប្រជុំ​ក្រុមការងារ​ពិសេស​របស់​ខ្លួន​នេះ ធ្វើឡើង​បន្ទាប់​ពី បណ្ដា​ទូតមក​ពី​ប្រទេសអាស៊ានទាំងអស់រួមទាំងទីម័រខាងកើត បានរួមប្រជុំគ្នាជាមួយអនុរដ្ឋមន្ត្រីការបរទេសកូរ៉េ ដើម្បីបន្តតាមដានស្ថានភាពបច្ចុប្បន្ននៃការវិវត្តរីករាលដាលជំងឺឆ្លង covid19 ដើម្បី​ពិភាក្សារកវិធានការសហការគ្នាជាមួយអាជ្ញាធរកូរ៉េ និងយល់ពីវិធានការ ដែលបានដាក់ចេញដោយរដ្ឋាភិបាលកូរ៉េ ក៏ដូចជាពីរដ្ឋាភិបាល នៃបណ្តាប្រទេសអាស៊ាន។

កូរ៉េខាងត្បូង ត្រូវបានរាយការណ៍ពីករណីឆ្លងវីរុសកូរ៉ូណាចំនួន ២៥៦ករណីទៀត គិតត្រឹមថ្ងៃសុក្រ ទី២៨ កុម្ភៈ ឆ្នាំ២០២០ នេះ ធ្វើឲ្យចំនួនសរុបកើនឡើងដល់ ២ ០២២នាក់ ខ្ពស់បំផុតលើពិភពលោកសម្រាប់ប្រទេសក្រៅពីចិន។ នេះបើតាមការឲ្យដឹងពីមជ្ឈមណ្ឌលកូរ៉េសម្រាប់ការគ្រប់គ្រង និងបង្ការជំងឺ។

បច្ចុប្បន្ន ពលរដ្ឋ​ខ្មែរ​ប្រមាណ​ជា​៦ម៉ឺន​នាក់ កំពុង​រស់​នៅ និង​ធ្វើ​ការ​នៅ​កូរ៉េ​ខាង​ត្បូង​។ យ៉ាងណាមិញ លោក ឡុង ឌីម៉ង់ ឯក​អគ្គ​រាជ​ទូត​កម្ពុជា​ប្រចាំ​ប្រទេស​កូរ៉េ​ខាង​ត្បូង ក៏បាន​ប្រាប់​វិទ្យុបារាំង​ កាលពីថ្ងៃទី ២៦ កុម្ភៈ កន្លងទៅ​នេះថា រហូត​មក​ដល់​ពេល​នេះ ​មិន​មាន​ពលរដ្ឋ​ខ្មែរ​ណា​ម្នាក់​បាន​ឆ្លង​មេរោគ Covid-19 នេះ​ទេ ខណៈ​មាន​ពលរដ្ឋ​ខ្មែរ​ជា​ច្រើន​បាន​រស់​នៅ​ក្នុង​តំបន់ ​ដែល​ឆ្លង​ជំងឺ​ររលាក​ផ្លូវ​ដង្ហើម​មួយ​នេះ​។ ទោះ​យ៉ាង​ណា លោក ឡុង ឌីម៉ង់ បញ្ជាក់​ថា​ ស្ថាន​ទូត​កម្ពុជា​បាន​ត្រៀម​លក្ខណៈ​រួច​រាល់​ហើយ ដើម្បី​អន្តរា​គមន៍ ប្រសិន​បើ​មាន​ករណី​ជាយ​ថា​ហេតុ​ណា​មួយ​កើត​ឡើង​ចំពោះ​ពលរដ្ឋ​ខ្មែរ​៕

អត្ថបទ៖​ Art

មតិយោបល់
អត្ថបទថ្មី