
- 2018-03-03 01:16:14
- ព័ត៌មាន
ស្មានមិនដល់ អ្នករើសអេតចាយក៏មានតំបន់កាន់កាប់ដែរ
- 2018-03-03 01:16:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្មានមិនដល់ អ្នករើសអេតចាយក៏មានតំបន់កាន់កាប់ដែរ
ចន្លោះមិនឃើញ
របររើសអេតចាយមានអ្នកប្រកបមិនតិចទេនៅទីក្រុងភ្នំពេញ ហើយអ្នកប្រកបរបរនេះខ្លះដើររើសពេលថ្ងៃ និងខ្លះដើររើសពេលយប់។ ទោះយ៉ាងណាអ្នករើសអេតចាយមិនមែនចេះដែរដើររើសបានគ្រប់កន្លែងដែលខ្លួនចង់នោះទេ។ នេះបើតាមការលើកឡើងរបស់អតីតអ្នករើសអេតចាយម្នាក់។
លោក គង់ សុខលីម បានបោះបង់របររើសអេតចាយប្រាំបីឆ្នាំមកហើយ ក្រោយពីលោកបានទទួលការងារនៅក្នុងសហគ្រាសសង្គមមួយនៅម្តុំស្ទឹងមានជ័យ។ លោកថារបររើសអេតចាយមិនបានផ្តល់ចំណូលទៀងទាត់ដល់លោកនោះទេ ដោយថាពេលខ្លះលោករកបានតែ១៥ ០០០រៀលប៉ុណ្ណោះក្នុងមួយថ្ងៃ។
លោកបន្ថែមថាៈ «របរហ្នឹងអត់ទៀង ជួនរកបាន ជួនអត់ ពេលខ្លះបាន១៥ ០០០រៀល បើថ្ងៃមានបុណ្យទាន គេរើផ្អះអីគេចេះតែឲ្យយើង បានដល់៥ម៉ឺនរៀល»។
លោកឲ្យដឹងទៀតថាលោកចេញរើសអេតចន្លោះពីម៉ោង៥ល្ងាចទៅដល់ម៉ោង១២យប់ ឬទល់ភ្លឺក៏មាន។ ចំពោះការដើររើសនេះទៀតសោតលោកថាមិនមែនចេះតែដើររើសនោះទេ ពោលគឺមិនអាចដើរចូលតំបន់អ្នកដទៃនោះទេ។
លោកឲ្យដឹងថាៈ «បើដើរលើផ្លូវធំបាន តែផ្លូវតូចអត់ទេ គេស្តីឲ្យ(អ្នករើសអេតចាយដូចគ្នា) ផ្លូវគេធ្លាប់ដើរ មានផ្លូវរបស់គេ យើងមិនចេះតែទៅរើសទេ...មិនមានអ្នកកំណត់ទេ តែផ្លូវគេធ្លាប់រើស»។
ដោយសារតែរបរនេះមិនអាចទ្រទ្រង់ជីវភាពបាន លោក គង់ សុខលីម បានសម្រេចឈប់ប្រកបរបរនេះ នៅពេលត្រូវបានសហគ្រាសសង្គមមួយជ្រើសរើសឲ្យមកធ្វើជាបុគ្គលិកផលិតធ្យូងអនាម័យនៅម្តុំស្ទឹងមានជ័យ៕