- 2018-05-18 09:56:35
- ចរាចរណ៍
ដំណឹងល្អ! ដឹងពីពេលវេលា បើិកដំណើរការ ផ្លូវដែកកម្ពុជា-ថៃហើយ!
- 2018-05-18 09:56:35
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដំណឹងល្អ! ដឹងពីពេលវេលា បើិកដំណើរការ ផ្លូវដែកកម្ពុជា-ថៃហើយ!
ចន្លោះមិនឃើញ
លោក Arkhom Termpittayapaisith រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនរបស់ប្រទេសថៃ បាននិយាយថា ផ្លូវដែករវាងប្រទេសថៃ និងកម្ពុជា តាមរយៈស្រុក Aranyaprathet នៃខេត្ត Sa Kaeo ចូលមកស្ថានីយរថភ្លើងប៉ោយប៉ែត អាចត្រូវបើកដំណើរការក្នុងរយៈពេល ២ ខែទៀតប៉ុណ្ណោះ។
រដ្ឋមន្ត្រីខាងលើបានធ្វើការអត្ថាធិប្បាយ កាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីប្រតិភូរបស់ក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា បានទៅធ្វើទស្សនកិច្ចក្រសួងដឹកជញ្ជូនថៃ ដើម្បីពិភាក្សាពីផែនការរវាងប្រទេសទាំងពីរ។
លោក Arkhom បានឲ្យដឹងថា រថភ្លើងមួយក្នុងចំណោមរថភ្លើងដើរដោយម៉ាស៊ីនម៉ាស៊ូតរបស់ប្រទេសថៃ នឹងដំណើរការលើផ្លូវនេះ។ លោកបានបន្ថែមថា រថភ្លើងដឹកតែអ្នកដំណើរប៉ុណ្ណោះ ហើយមានសរុបចំនួន ៣ទូរ។
លោក Arkhom បានថ្លែងទៀតថា «គោលដៅគឺត្រូវប្រគល់ទូររថភ្លើងនៅខែក្រោយ ឬខែកក្កដា ប៉ុន្តែការចរចាលើអនុស្សរណៈនៃការយោគយល់ (MoU) រវាងថៃ និងកម្ពុជាកំពុងបន្ត។ ចំនួនរថភ្លើងដែលនឹងត្រូវរត់លើផ្លូវនេះ មិនទាន់ត្រូវបានបញ្ជាក់នៅឡើយទេ។
នៅក្នុងពិធីតភ្ជាប់ផ្លូវរថភ្លើងនេះ លោក ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រីថៃនឹងអញ្ជើញជាអធិបតីភាព។
រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនរបស់ប្រទេសថៃរូបនេះបន្ថែមថា «ព័ត៌មានលម្អិតតូចៗផ្សេងទៀត នៅតែត្រូវព្រមព្រៀងគ្នា ដូចជា ដែនសមត្ថកិច្ចក្នុងស្រុក នៅពេលត្រូវការការថែទាំ និងជួសជុលរថភ្លើងជាដើម»។
ចំណែកឯលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ធ្លាប់មានប្រសាសន៍ឲ្យដឹងដែរថា «ផ្លូវដែកកម្ពុជា បានតភ្ជាប់ជាមួយផ្លូវដែករបស់ប្រទេសថៃរួចរាល់ហើយ នៅរង់ចាំតែចុះកិច្ចព្រមព្រៀង រវាងកម្ពុជា និងថៃ ដែលមានពាក្យពេចន៍មួយចំនួនក្នុងកិច្ចព្រមព្រៀងនោះ នៅមិនទាន់ឯកភាពគ្នានៅឡើយ។ ពាក្យមួយម៉ាត់ៗក្នុងកិច្ចព្រមព្រៀងនោះ គឺសំខាន់ណាស់ អាចប៉ះពាល់ដល់បូរណភាពទឹកដី។ ដូច្នេះហើយនៅមានពាក្យពេចន៍មួយចំនួន ភាគីទាំងសងខាងនៅមិនទាន់ឯកភាពគ្នា»។
សូមបញ្ជាក់ថា គោលបំណងនៃការតភ្ជាប់ផ្លូវរថភ្លើងនេះ គឺដើម្បីតភ្ជាប់រាជធានីរបស់ប្រទេសទាំងពីរ ពោលគឺរាជធានីបាងកក និងរាជធានីភ្នំពេញ។
គួររលឹកឲ្យដឹងដែរថា នៅក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងាររបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបង្ហាញអំពីការអភិវឌ្ឍមធ្យោបាយដឹកជញ្ជូនតាមផ្លូវដែក សម្រាប់ឆ្នាំ២០១៨ដូចខាងក្រោមនេះ៖
១. ការសាងសង់ផ្លូវដែកពីស្ថានីយ ទៅព្រលានយន្តហោះអន្តរជាតិភ្នំពេញនឹងត្រូវបញ្ចប់ និងត្រូវសម្ពោធឲ្យដាក់ប្រើប្រាស់ជាផ្លូវការនៅមុនចូលឆ្នាំខ្មែរខាងមុខនេះហើយ។
២. បញ្ចប់ការជួសជុល និងស្ដារផ្លូវដែកទិសខាងជើង ភ្នំពេញ-បាត់ដំបង-ប៉ោយប៉ែត។
៣. ចរចាបញ្ចប់ និងចុះហត្ថលេខាព្រមព្រៀងបច្ចេកទេស និងនីតិវិធីដឹកជញ្ជូនតាមផ្លូវដែកកម្ពុជា-ថៃ
៤. បញ្ចប់ការសាងសង់ស្ថានីយរថភ្លើងអន្តរជាតិប៉ោយប៉ែត
៥. រៀបចំទទួលទូររថភ្លើង និងបើកការតភ្ជាប់ជារវាងផ្លូវដែកកម្ពុជា-ថៃ ជាផ្លូវការលើកដំបូងក្នុងប្រទេសកម្ពុជា
ក្រៅពីសមិទ្ធផលធំៗខាងលើនេះ ពាក់ព័ន្ធនឹងផ្លូវដែកនេះដែរមានគម្រោងផ្សេងទៀតកំពុងសាងសង់យ៉ាងសស្រាក់សស្រាំនាបច្ចុប្បន្ននេះ៖
១. ការស្ដារផ្លូវដែកពីពោធិ៍សាត់ បាត់ដំបង-ប៉ោយប៉ែត និងព្រំប្រទល់កម្ពុជា-ថៃ ប្រវែង២១៦គីឡូម៉ែត្រ
២. កំពុងសិក្សាការសាងសង់រថភ្លើងស្វ័យប្រវត្តិលើអាកាស AGT នៅរាជធានីភ្នំពេញ៕
ចុចអាន៖