• 2018-06-21 00:50:00
  • សេដ្ឋកិច្ច

ធ្វើលិខិតឆ្លងដែន អត្តសញ្ញាណប័ណ្ណ ប័ណ្ណបើកបរនៅផ្សារអ៊ីអន២ ងាយស្រួលបំផុត

  • 2018-06-21 00:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រាជរដ្ឋាភិបាល បានពង្រីកសេវាសាធារណៈសំខាន់ៗ​ចំនួនបី សម្រាប់​ប្រជាពលរដ្ឋ​កាន់​តែ​ងាយ​ស្រួល ​អាច​មក​ធ្វើ​អត្ត​សញ្ញាណ​ប័ណ្ណ​ ប័ណ្ណបើកបរ ​និង​លិខិតឆ្លងដែន ​នៅ​ផ្សារ​ទំនើប​អ៊ីអន២ នៅ​ខណ្ឌ​សែនសុខ។ សូម​អាន​ព័ត៌មាន​លម្អិត​ខាង​ក្រោម​ អំពី​ទីតាំង ​តម្លៃ​សេវា ​និង​លិខិត​តម្រូវ​ផ្សេងៗ។​​​​​​​

មជ្ឈមណ្ឌលផ្ដល់សេវាប័ណ្ណបើកបរ

មជ្ឈ​មណ្ឌល​ផ្ដល់​សេវាប័ណ្ណ​បើកបរ ​នៅ​ជាន់​ទី២ នៃផ្សារអ៊ីអន២​សែនសុខ​ លោក​អ្នក​អាច​​ធ្វើ​​ប័ណ្ណ​បើកបរ​ដែល​មាន​សភាព​ចាស់​ទក់ ឬ ប័ណ្ណ​បើកបរ​ដែល​ជិត​​ផុត​កំណត់​ អាច​ធ្វើ​ការ​ស្នើ​សុំ​ប័ណ្ណ​បើកបរ​ថ្មី​​នៅ​តាម​មជ្ឈមណ្ឌល​ផ្ដល់​សេវា​ប័ណ្ណ​បើកបរ​របស់​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន។ ​

​ ក្នុង​ការ​ស្នើ​សុំ​ប័ណ្ណ​បើកបរ​ថ្មី​ តម្រូវ​ឲ្យ​មាន​ភ្ជាប់​នូវ​​ឯកសារ​សំខាន់ៗ​ដូច​ជា​ប័ណ្ណ​បើកបរ​ចាស់ រួម​ជា​មួយ​អត្តសញ្ញាណប័ណ្ណ​​ច្បាប់​​ដើម​។ ​បន្ថែម​ពី​នេះ​ត្រូវ​បង់​ថ្លៃ​សេវាកម្ម​ដែល​មាន​តម្លៃ​ ៤០ ០០០ រៀល និង​រង់ចាំ​ប្រមាណ ​កន្លះម៉ោង នឹង​ទទួល​បាន​ភ្លាម។​​

ស្នាក់ការផ្ដល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ

​ស្នាក់​ការផ្ដល់​អត្តសញ្ញាណ​ប័ណ្ណសញ្ជាតិខ្មែរ​នៅ​ជាន់​ទី២ នៃ​ផ្សារ​ដដែល​ ​មាន​ទទួល​ធ្វើ​អត្តសញ្ញាណ​ប័ណ្ណ​សញ្ជាតិ​ខ្មែរ​ ​សម្រាប់​អ្នក​ដែល​សុំ​ធ្វើ​ថ្មី ​​បាត់​ ខូច​ឬ​រហែក ​ដោយ​មិន​គិត​ថ្លៃ និង​ប្រើ​ពេល​ត្រឹម​តែ ៣០ថ្ងៃនៃ​ថ្ងៃ​ធ្វើការ ​​អាច​មក​យក​​បាន​។ ​។

មន្ត្រី​បាន​បញ្ជាក់​ថា ​ប្រជាពលរដ្ឋ​មក​ពី​គ្រប់​បណ្ដា​ខេត្ត ​និង​រាជធានី​ អាច​មក​ធ្វើ​អត្តសញ្ញាណ​ប័ណ្ណ​​នៅ​ផ្សារ​អ៊ីអន​២​​នេះ ​ត្រូវ​ភ្ជាប់​មក​ជា​មួយ​សៀវភៅ​គ្រួសារ ​និង​សំបុត្រ​កំណើត​របស់​ខ្លួន ​។ ​​​​​​​​ ទីស្នាក់ការផ្ដល់លិខិតឆ្លងដែន

​ទីស្នាក់​ការ​ផ្ដល់​លិខិត​ឆ្លង​ដែន ​នៅ​ជាន់​ទី៣ ​មាន​ទទួល​ធ្វើ​លិខិត​ឆ្លង​ដែន​ថ្មី​សម្រាប់​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស​ ប៉ុន្តែ​តម្រូវ​ឲ្យ​មាន​​​​អត្តសញ្ញាណ​ប័ណ្ណ​សញ្ជាតិ​ខ្មែរ​ ឬ​សេចក្ដី​ចម្លង​សំបុត្រកំណើត​ ឬ​សេចក្ដី​ចម្លង​សំបុត្រ​បញ្ជាក់​កំណើត​ និង​សៀវភៅ​គ្រួសារ ឬ​សៀវភៅ​ស្នាក់​នៅ​ ឬ​លិខិត​បញ្ជាក់​ទីលំនៅ ហើយ​សម្រាប់​ពាក្យ​ស្នើសុំ តម្រូវ​ឲ្យ​បង់ថ្លៃ​ចំនួន​ ១៦ ០០០រៀល។

​សាម៉ី​ខ្លួន​ត្រូវ​មក​ផ្ទាល់​ផ្ដិត​ម្រាមដៃ​ ថតរូប​ និង​សម្ភាសន៍​នៅ​នាយកដ្ឋាន ឬ​សាខា​លិខិត​ឆ្លង​ដែន​​​ប្រចាំ​ខេត្ត។ ​​

មន្ត្រី​បញ្ជាក់​ថា ​សម្រាប់​អ្នក​ធ្វើបាត់ ឬ​ខូច​លិខិត​ឆ្លង​ដែន( Passport) មិន​អាច​ធ្វើ​នៅ​ស្នាក់​ការ​អ៊ីអន២​នេះ​បាន​ឡើយ​ ដោយ​ត្រូវ​ទៅ​ផ្ទាល់​នៅ​នាយកដ្ឋាន ឬ​សាខា​លិខិត​ឆ្លង​ដែន​​​ប្រចាំ​ខេត្ត។

ចុចអាន ដើម្បីដឹងតម្លៃ និងរយៈពេល ​​​​​​

អត្ថបទ៖ ស៊ិន សាវ៉េត

មតិយោបល់