• 2018-07-16 00:00:00
  • សេដ្ឋកិច្ច

ព្រលានយន្តហោះថ្មីនៅខេត្តសៀមរាបនឹងចាប់ផ្ដើមសាងសង់ ក្រោយបោះឆ្នោតរួច

  • 2018-07-16 00:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Zou Yuhui អគ្គនាយករង​ក្រុមហ៊ុន​វិនិយោគ​អាកាសយានដ្ឋាន​អន្តរជាតិ​អង្គរ​ ដែល​ទទួល​ខុសត្រូវ​លើការ​រៀបចំប្លង់​គម្រោង​សាងសង់​អាកាសយានដ្ឋាន​ អន្តរជាតិ​ថ្មី ​នៅ​ខេត្ត​សៀមរាប​បាន​ឲ្យ​ដឹង​ថា តាម​កិច្ច​ព្រមព្រៀង​រវាង​រាជ​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំងពីរ​ កម្ពុជា-ចិន បាន ​ចុះ​ហត្ថលេខា​ព្រមព្រៀង​គ្នា​ ក្នុង​ការ​សាងសង់​​អាកាសយាន​ដ្ឋាន​ថ្មី​នៅ​ខេត្ត​សៀមរាប​ ស្ថិតនៅក្នុងភូមិសាស្ត្រឃុំតាយ៉ែក ស្រុកសូទ្រនិគម នៅលើផ្ទៃដី១.៧០០ហិកតា ដែល​គ្រោង​នឹងបើក​ការ​ដ្ឋាន​សាងសង់​ជាផ្លូវ​ការ​ បន្ទាប់​ពី​ការ​បោះ​ឆ្នោត​រួច​។

លោក Zou Yuhui

ក្នុងជំនួបពិភាក្សាការងារជាមួយឯកឧត្តម ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប កាលពីព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៨ លោក Zou Yuhui បានបញ្ជាក់ថា ក្នុងផ្ទៃដី សម្រាប់ធ្វើការសាងសង់ព្រលានយន្តហោះនេះ គឺមាន៧០០ហិកតា និងផ្ទៃដីនៃតំបន់ សេដ្ឋកិច្ចពិសេសចំនួន១ពាន់ហិកតា។

រូបគម្រូ

ក្រុមហ៊ុន កំពុងធ្វើការរៀបចំ និងកសាងផែនការមេព្រមទាំងបានធ្វើប្រឡាយកំណត់ព្រំដី និងធ្វើផ្លូវចូល ទៅក្នុងការដ្ឋានទៀតផង។ លោកបានបន្តថា ការសាងសង់អាកាស យានដ្ឋានថ្មីនេះ ជាហេដ្ឋារចនាសម្ព័ន្ធ មួយដ៏សំខាន់នៅពេលអនាគតព្រមទាំងបានលើកស្ទួយ និងបង្កើន សមត្ថភាព លើវិស័យអាកាសចរណ៍ និងជួយដល់ គោលការណ៍អភិវឌ្ឍន៍វិស័យទេសចរណ៍ នៅខេត្តសៀមរាប ឱ្យកាន់តែមានសក្តានុពលបន្ថែមទៀត។

ការសាងសង់ចំណាយពេលចាប់ពី ៣ឆ្នាំ ទៅ៥ឆ្នាំ ទើបចប់រួចរាល់ ហើយគ្រោងនឹងចំណាយថវិកាប្រមាណ៩០០លានដុល្លារ។ លោកZou Yuhui ក៏សំណូមពរដល់អាជ្ញាធរខេត្តសៀមរាបសូមកុំឲ្យមានការសាងសង់លំនៅឋានខ្ពស់ៗ បង្គោលភ្លើង ព្រមទាំងសុំគម្រោងផែនការមេលើកិច្ចអភិវឌ្ឍន៍ខេត្ត ដើម្បីការធានាដល់សុវត្ថិភាពដល់ព្រលានយន្តហោះ។

ឯកឧត្តម ឃឹម ប៊ុនសុង

ឯកឧត្តម ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាបបានមានប្រសាសន៍ថា អាជ្ញាធរខេត្តសាទរពីកិច្ចចាប់ដំណើរការ សាងសង់អាកាសយានដ្ឋានថ្មីដ៏ធំ នៅលើទឹកដី ខេត្តសៀមរាប ដែលជាគោលដៅនៃការអភិវឌ្ឍលើវិស័យទេសចរណ៍ រវាងប្រទេសទាំងពីរ ហើយត្រូវបានរដ្ឋាភិបាល នៃប្រទេសទាំងពីរបានធ្វើកិច្ចព្រមព្រៀងនឹងគ្នានាពេលកន្លងមក។

ឯកឧត្តមក៏បានបញ្ជាក់ជូន ដល់ក្រុមហ៊ុនវិនិយោគអាកាសយានដ្ឋានអន្តរជាតិអង្គរ ដែលចង់ទទួលបានពីព័ត៌មានផ្សេងៗ ដើមី្បក្នុងកិច្ចសហប្រតិបត្តិការក្នុងកិច្ចការសាងសង់នេះ ដើម្បីបានដំណើរការទៅដោយរលូន អាជ្ញាធរខេត្តមានមន្ត្រីនៃមន្ទីរជំនាញមានការពាក់ព័ន្ធ ដែលជាសមាជិកគណៈកម្មការនេះស្រាប់ និងរង់ចាំនូវរាល់សំណូមពរ របស់ក្រុមហ៊ុនគ្រប់ពេលវេលា ហើយសូមឱ្យខាង ក្រុមហ៊ុន មកធ្វើកិច្ចសហប្រតិបត្តិការឱ្យបានល្អផងដែរ៕

ប្រភព៖ AKP ប្រែ​សម្រួល៖ ស៊ិន សាវ៉េត

មតិយោបល់