- 2018-08-01 10:30:00
- ព័ត៌មាន
៣ខេត្ត រងជំនន់ លិចលង់ផុងកៃ ខណៈ ខេត្ត១ រាំងស្ងួត បូមទឹកដាក់ស្រែ
- 2018-08-01 10:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៣ខេត្ត រងជំនន់ លិចលង់ផុងកៃ ខណៈ ខេត្ត១ រាំងស្ងួត បូមទឹកដាក់ស្រែ
ចន្លោះមិនឃើញ
គិតមកទល់ថ្ងៃទី១ សីហានេះ ដែលជាថ្ងៃដំបូង បើកឆាកខែថ្មី ស្ថានភាពទឹកជំនន់ និងជំនន់ទឹកភ្លៀង បាននឹងកំពុងបន្តលិចលង់ខេត្តចំនួន៣ ខណៈខេត្ត១ រាំងស្ងួត ខ្វះទឹកធ្វើស្រែ។
បើតាមព័ត៌មានពីទំព័រហ្វេសប៊ុកផ្លូវការ របស់ក្រសួងធនធានទឹក និងឧតុនិយមបានចុះផ្សាយថា ខេត្តទាំង៣នោះ គឺស្ថិតនៅតាមដងទន្លេមេគង្គ មានដូចជា ខេត្តកំពង់ចាម ត្បូងឃ្មុំ និងខេត្តស្ទឹងត្រែង កំពុងរងទឹកជំនន់លិចលង់បូមទឹកចេញពីខេត្ត ក្រុង។
ចំណែកឯ ខេត្តកំពង់ស្ពឺ បែរជារងគ្រោះរាំងស្ងួត បូមទឹកបញ្ចូលស្រែ ដើម្បីសង្គ្រោះស្រូវ។
ប្រភពព័ត៌មានពីទំព័រហ្វេសប៊ុកផ្លូវការ របស់ក្រសួងធនធានទឹក និងឧតុនិយមបានបញ្ជាក់ពីស្ថានភាពទឹកជំនន់នៅក្នុងខេត្តចំនួន៣ បន្តលិចលង់ ដល់កម្រិតប្រកាសអាសន្ន ខណៈខេត្ត១ បែរជាខ្វះទឹកធ្វើកសិកម្ម ដែលមានដូចជា
១. ខេត្តកំពង់ចាម
ទ្វារទឹកព្រែកដើមចាន់ នៅចំណុចសង្កាត់សំបួរមាស ក្រុងកំពង់ចាម ត្រូវបានបិទ ឯម៉ូទ័របូមទឹក ចំនួន ០២ គ្រឿង ត្រូវបានដំណើរការបូម ទប់ស្កាត់ការជន់លិចក្រុងកំពង់ចាម ខណៈទឹកទន្លេមេគង្គ បានបន្តកើនដល់ កម្ពស់ ១៤,៩៧ ម នាម៉ោង ៣:៣០ នាទីរសៀលថ្ងៃទី ០១ ខែសីហា នេះ ។
២. ខេត្តត្បូងឃ្មុំ
ស្ថានភាពទឹកនៅស្រុកចំនួន២ ស្រុកត្បូងឃ្មុំ និងស្រុកក្រូចឆ្មារ ប្រភពពីឯកឧត្ដម ថោ ជេដ្ឋា រដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម បានចុះពិនិត្យស្ថានភាពទឹកជំនន់តាមដងទន្លេមេគង្គ ក្នុងភូមិសាស្ត្រខាងលើ។
គិតត្រឹមម៉ោង ១១ព្រឹកថ្ងៃទី ០១ ខែសីហា ឆ្នាំ ២០១៨ នេះ ទឹកទន្លេមេគង្គ ក្នុងខេត្តត្បូងឃ្មុំ បានកើនឡើងដល់កម្ពស់ ១៤,៨៩ ម ខណៈកម្រិតប្រកាសឱ្យប្រុងប្រយ័ត្នមានកម្ពស់ ១៥,២០ ម ។
ទឹកបានលិចចូលតំបន់ទំនាប និងតំបន់មួយចំនួនទៀត ដែលនៅអមសងខាងដងទន្លេ ។
៣. ខេត្តកំពង់ស្ពឺ
ម៉ាស៊ីនបូមទឹកចល័តខ្នាតមធ្យម (៦៥ សេះ) សរុបចំនួន ០៥ គ្រឿង ត្រូវបានដាក់ឲ្យដំណើរការបូមទឹកសង្គ្រោះដំណាំស្រូវវស្សា ដែលជួបការខ្វះខាតទឹក របស់បងប្អូនប្រជាកសិករនៅក្នុងខេត្តកំពង់ស្ពឺ ។
ផ្ទៃដីដំណាំស្រូវវស្សាជួបការខ្វះខាតទឹក និងកំពុងត្រូវបានសង្គ្រោះខាងលើ សរុបមានប្រមាណ ៤០០ ហិតារ នៅក្នុងស្រុក ក្រុង ចំនួន ០៣ មាន
៤. ខេត្តស្ទឹងត្រែង
ដោយសារស្ថានភាពទឹកនៅបន្តលិច ដូច្នេះអាជ្ញាធរបានដាក់ដំណើរការ ម៉ាស៊ីនបូមទឹកចល័តខ្នាតមធ្យមចំនួន ០២ គ្រឿង បន្ថែមទៀត។
មន្ត្រីបច្ចេកទេសរបស់ក្រសួងធនធានទឹក និងឧតុនិយម បានរៀបចំដំឡើង ដើម្បីជួយអន្តរាគមន៍បូមរំដោះជំនន់ទឹកភ្លៀង ចេញពីក្រុងស្ទឹងត្រែង។
សរុបមកដល់ពេលនេះ ការអន្តរាគមន៍បូមទឹកភ្លៀងចេញពីក្រុងស្ទឹងត្រែង បានប្រើប្រាស់ម៉ាស៊ីនបូមទឹកខ្នាតមធ្យម សរុប ចំនួន ០៣ គ្រឿង នៅលើ ០៣ ទីតាំងផ្សេងៗគ្នា ក្នុងនោះ
ទីតាំងទី ១ ស្ថិតនៅចំណុចភូមិកណ្ដាល សង្កាត់ស្ទឹងត្រែង ។
ទីតាំងទី ២ ស្ថិតនៅចំណុចភូមិដំណាក់ សង្កាត់ស្ទឹងត្រែង ។
ទីតាំងទី ៣ ស្ថិតនៅចំណុចភូមិបាចុង សង្កាត់ព្រះបាទ ។
សូមបញ្ជាក់ថា ខណៈមានការគំរាមកំហែងពីទឹកជំនន់ទន្លេមេគង្គលើ ក្រោយមហន្តរាយបាក់ទំនប់វារីអគ្គិសនីនៅប្រទេសឡាវ តំបន់មួយចំនួនក្នុងក្រុងស្ទឹងត្រែង ក៏កំពុងរងការលិចលង់ ដោយជំនន់ទឹកភ្លៀងផងដែរ ។
បច្ចុប្បន្ន ទឹកទន្លេមេគង្គខេត្តស្ទឹងត្រែង បានបន្តកើនឡើងលិចចូលភូមិឋានប្រជាពលរដ្ឋនៅក្នុងឃុំសាមឃួយ ស្រុកសេសាន បន្ថែមទៀត ទឹកទន្លេមេគង្គ ក្នុងខេត្តស្ទឹងត្រែង កំពុងស្ថិតក្នុងកម្រិតប្រកាសអាសន្ននៅ ឡើយ។