• 2018-08-09 02:05:09
  • សេដ្ឋកិច្ច

វិស័យ​ឧស្សាហកម្ម​​ ផ្ដល់​ប្រាក់ចំណូល​ប៉ុន្មាន​ ដល់​អ្នក​ខេត្ត​ស្វាយ​រៀង​?

  • 2018-08-09 02:05:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្វី​បើ​សណ្ឋាន​ដី​មិន​សូវ​​អំណោយ​ផ​ល​ចំពោះ​វិស័យ​កសិកម្ម​បន្តិច​មែន​ ប៉ុន្តែ​បើ​ក្រឡេក​មើល​​ការ​វិនិយោគ​នៅ​ក្នុង​ខេត្ត ពិសេស​​វិស័យ​កាត់​ដេរ​ និង​ដេរ​ស្បែក​ជើ​​ង​​នៅ​​ខេត្ត​​ស្វាយ​រៀង​បាន​​​ផ្ដល់​ប្រាក់​ចំណូល​យ៉ាង​ច្រើន​​​ដល់​ប្រជាពលរដ្ឋ​​​ក្នុង​មួយ​ខែ​ៗ។

ឯកឧត្ដម​ ម៉ែន វិបុល អភិបាលខេត្ត​ស្វាយ​រៀង​បាន​ថ្លែង​ឱ្យ​ដឹង​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា វិស័យ​ឧស្សាហកម្ម​កាត់​ដេរ និង​ ដេរ​ស្បែក​ជើង​នៅ​ក្នុង​ខេត្ត​ស្វាយ​រៀង​បាន​ផ្ដល់​ប្រាក់ចំណូល​ប្រមាណ ១២​លាន​ដុល្លារ​អាមេរិក​ក្នុង​ខែ និង​ផ្ដល់​ការងារ​​ដល់​កម្មករ-កម្មការិនី​​ជាង​៦​ម៉ឺន​នាក់​ ខណៈ​​ខេត្ត​មាន​តំបន់​សេដ្ឋកិច្ច​ចំនួន​១១ កន្លែង ៨​​កន្លែង​កំពុង​ដំណើរការ​ និង​រោង​ចក្រ​សហគ្រាស​ចំនួន ១៧៥​កន្លែង។

កាលពី​ឆ្នាំ​២០១៣ ស្វាយ​រៀង​មាន​តំបន់​សេដ្ឋកិច្ច​ត្រឹម​តែ​៣​កន្លែង​ប៉ុណ្ណោះ រោង​ចក្រ​ សហគ្រាស​ឯកជន​មាន​៨៤​កន្លែង និង​មាន​កម្មករ​-កម្មការិនី​បម្រើ​ការងារ​ត្រឹម​ ៣ម៉ឺន​នាក់​ប៉ុណ្ណោះ បច្ចុប្បន្ន​គឺ​បាន​​កើន​ឡើង​ដល់​៦​ម៉ឺន​នាក់​ គឺ​មាន​ការ​កើន​ឡើង​លើស​ពី​៥០% ដែល​នេះ​គឺជា​ជោគជ័យ​មួយ​ក្នុង​អាណត្តិ​ទី​៥​នេះ”។

ខេត្ត​ស្វាយរៀង​កំពុង​ពង្រីក​វិសាល​​ភាព​ផ្នែក​សេដ្ឋកិច្ច​របស់​ខ្លួន​ ខណៈ​ខេត្ត​នេះ​មាន​ប៉ូល​សេដ្ឋកិច្ច​ធំ​ចំនួន​ពីរ​កន្លែង​គឺ​ក្រុង​ស្វាយ​រៀង​ និង​ក្រុង​បាវិត​ ដែល​ជា​ច្រកចេញ​ចូល​យ៉ាង​សំខាន់​សម្រាប់​ការ​ដឹក​ជញ្ជូន​ទំនិញ​គ្រប់​​ប្រភេទ​ ​ភ្ញៀវ​ទេសចរ​ជាតិ​ និង​អន្តរជាតិ​ និង​ទាក់ទាញ​ការ​វិនិយោគ​​តំបន់​សេដ្ឋកិច្ច​ពិសេស​។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​ឯក​ឧត្ដម​ ម៉ែន វិបុល។

  តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​បាវិត​ក៏​បាន​ទាក់ទាញ​ប្រភេទ​ឧស្សាហកម្ម​ធន់​ធ្ងន់​ដូច​ជា​ការ​ ដំឡើង​សម្ភារៈ​អេឡិចត្រូនិក គ្រឿង​ដង្គុំ​អគ្គិសនី​ គ្រឿង​បន្លាស​រថយន្ត​ ពិសេស​រោងចក្រ​ឡើង​រថយន្ត​​របស់​ក្រុមហ៊ុន​កូរ៉េ ដែល​បាន​ផ្ដល់​ការងារ​ដល់​ប្រជាពលរដ្ឋ​ខ្ទង់​ម៉ឺន​នាក់។

  ក្រៅពី​​តំបន់​​សេដ្ឋ​កិច្ច​​ពិសេស ​ខេត្ត​​មាន​សណ្ឋាគារ​ និង​​ភោជនីយដ្ឋាន​ចំនួន​​២៥ កាស៊ីណូ​២៣ គ្រឹះ​ស្ថាន​​ធ​​នាគា​​រ ​និង​​ មីក្រូហិរញ្ញវត្ថុ​៥៥ ក្រុម​ហ៊ុន​​អចលន​ទ្រព្យ​៣ ក្រុម​ហ៊ុន​សំណង់​៤ ក្រុមហ៊ុន​សន្តិសុខ​៤ ក្រុមហ៊ុន​​ដឹក​ជញ្ជូន​៣​ និង​សិប្ប​កម្ម​ផ្ទះសំណាក់​​ផ្សេង​ៗ​សរុប​​៤​៥។​ ​ឯកឧត្ដម​​ ម៉ែន វិបុល ឱ្យ​ដឹង​ទៀត​ថា ទាំង​​អស់​នេះ​ហើយ​ បាន​ធ្វើ​​ឲ្យ​ប្រជាពលរដ្ឋ​ខេត្ត​ស្វាយរៀង​ កំពុង​​ទទួល​បាន​ផលប្រយោជន៍​ដោយ​​ផ្ទាល់ ​និង​ប្រយោល​​យ៉ាង​ច្រើន​​ពី​​ការ​​វិនិយោគ​​​ទាំង​នេះ៕

អត្ថបទ៖ សុផល

មតិយោបល់