• 2018-08-11 03:06:04
  • សេដ្ឋកិច្ច

វីដេអូខ្លី៖ របរប​ចិញ្ចឹម​ចង្រិត​ដំបូង​គេបង្អស់​ នៅ​ខេត្ត​តាកែវ

  • 2018-08-11 03:06:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ ញឿក ភារម្យ អាយុ​២៨ឆ្នាំ ជា​ម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​ចង្រិត នៅ​ភូមិ​ត្រពាំង​ឫស្សី ឃុំ​បារាយ ស្រុក​ដូនកែវ ខេត្ត​តាកែវ។ ដោយ​រាប់​ទាំង​សាខា​នៅ​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន​ផង បច្ចុប្បន្ន លោក​មាន​អាង​ចិញ្ចឹម​ចង្រិត​ចំនួន​៤០០​អាង លោក​ក៏​មាន​ទទួល​ទិញ​ចង្រិត​ពី​កសិដ្ឋាន​នានា ដើម្បី​យក​ទៅ​លក់​បន្ត​ផង​ដែរ។

ទស្សនាវីដេអូ

ដើម្បី​ជោគជ័យ​ដូច​រាល់ថ្ងៃ​នេះ តើ​នរណា​ជឿ​បាន​ថា លោក ភារម្យ មិន​ដែល​បាន​ឆ្លង​កាត់​ការ​បណ្ដុះបណ្ដាល​ពី​បច្ចេក​ទេស​ចិញ្ចឹម​ចង្រិត​នៅ​សាលារៀន​ណា​មួយ​ឲ្យ​ជាក់​លាក់​នោះ​ ។

លោក​ភារម្យ បាន​ស្គាល់​ហើយ​ចាប់​ផ្ដើម​រៀន​ចិញ្ចឹម​ចង្រិត​តាម​ប្រព័ន្ធ​អ៊ីនធឺណិត និង​យូធូប មុន​នឹង​ដាច់​ចិត្ត​ឈប់​ធ្វើ​ការងារ​ ដែល​មាន​ប្រាក់​ខែ ៨០ដុល្លារ ហើយ​បោះ​ទុន​ធ្វើ​អាង​ចិញ្ចឹម​ចង្រិត​ដោយ​ខ្លួនឯង។

លោក ញឿក ភារម្យ អាយុ​២៨ឆ្នាំ ជា​ម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​ចង្រិត​ នៅ​ភូមិ​ត្រពាំង​ប្ញស្សី ឃុំ​បារាយណ៍ ស្រុក​ដូនកែវ ខេត្ត​តាកែវ​

ការ​ចាប់​ផ្ដើម​ដំបូង​នៅ​ឆ្នាំ ២០១១ លោក​ប្រមែប្រមូល​អស់​ហើយ​ប្រាក់​សន្សំ​បាន​សរុប ១ពាន់ដុល្លារ ដើម្បី​យក​ទៅ​ប្រកប​របរ​ចិញ្ចឹម​ចង្រិត បើ​ទោះ​បីជា​ក្រុម​គ្រួសារ​របស់​លោក មិន​ចង់​ឲ្យ​លោក​ធ្វើ​ក៏ដោយ។

ប៉ុន្តែ​ដោយ​ចិត្ត​ពុះ​កញ្ជ្រោល​ចង់​ធ្វើ​ទៅ​ហើយ លោក​ភារម្យ ដាក់​គំនិត​ថា​លែង​ខ្វល់​ពី​ពាក្យ​សម្ដី​របស់​អ្នក​នៅ​ជុំវិញ​ខ្លួន ហើយ​ប្ដេជ្ញា​ចាប់ផ្ដើម​អាជីវកម្ម​នេះ​ដោយ​ខ្លួនឯង​រហូត​ចិញ្ចឹម​ចង្រិត​លក់​បាន​ជោគជ័យ និង​មាន​ទុន​ពង្រីក​អាជីវកម្ម​ព្រម​ទាំង​អាង​ចិញ្ចឹម​ចង្រិត​របស់​លោក បាន​ដល់​ទៅ ៤០០អាង។

ទៅ​ថ្ងៃ​មុខ លោក ញឿក ភារម្យ មិន​ត្រឹម​តែ​ចង់​ចិញ្ចឹម​ចង្រិត​សម្រាប់​លក់​ប៉ុន​ណោះ​ទេ។ លោក​មាន​ផែន​ការ​ខ្ចប់​ចង្រិត​លក់​ឲ្យ​ក្មេងៗ​នៅ​តាម​សាលា យ៉ាង​ហោច​ណាច់​ឲ្យ​បាន​៣​លាន​កញ្ចប់​នៅ​ក្នុង​១ខែ។ ក្រៅពីនោះ លោក​ក៏​មាន​គម្រោង​ផលិត​ម្សៅ​ចង្រិត​សម្រាប់​នាំចេញ​ទៅ​ក្រៅ​ប្រទេស ដោយ​សហការ​ជាមួយ​ដៃគូ នៅ​ប្រទេស​កាណាដា និង​អង់គ្លេស​ជាដើម។

សម្រាប់​យុវជន​ដែល​ចង់​ធ្វើ​អាជីវកម្ម​ដោយ​ខ្លួនឯង លោក​ ភារម្យ​ផ្ដល់​យោបល់​ថា គួរ​កុំ​ស្ទាក់​ស្ទើរ មាន​ប្រាក់តិច ធ្វើ​តាម​តិច មាន​ច្រើន​ធ្វើ​តាម​ច្រើន។ សំខាន់​គួរ​សិក្សា​ឲ្យ​បាន​ច្រើន  ហើយ​មិន​ត្រូវ​ខ្លាច​បរាជ័យទេ។ លោក​ថា បរាជ័យ​គឺជា​រឿងល្អ ព្រោះ​វា​ជា​គន្លឹះ​ទៅ​កាន់ជោ​គជ័យ៕

ចុចអានព័ត៌មានខាងក្រោម

   

អត្ថបទ៖ ក្រុមការងារផ្លូវទៅស្រុក

មតិយោបល់