- 2018-08-12 01:00:00
- សេដ្ឋកិច្ច
៥សន្លឹក បង្ហាញពីមុខរបរសិប្បកម្មផលិតរនាំងឈើ នៅខេត្តកំពង់ចាម
- 2018-08-12 01:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៥សន្លឹក បង្ហាញពីមុខរបរសិប្បកម្មផលិតរនាំងឈើ នៅខេត្តកំពង់ចាម
ចន្លោះមិនឃើញ
ថ្ងៃនេះក្រុមការងារផ្លូវទៅស្រុក សូមបង្ហាញមុខរបរមួយទៀត នៅខេត្តកំពង់ចាម គឺសិប្បកម្មផលិតរនាំងឈើ។ ចង់ដឹងមុខរបរនេះ មានដំណើរការដូចម្ដេច និង មានទីផ្សារយ៉ាងណានោះ សូមតាមដានទស្សនារូបភាព អមដោយការរៀបរាប់ខាងក្រោមនេះ៖
១. លោក ម៉ៅ វណ្ណនី អាយុ៣៥ឆ្នាំ ជាម្ចាស់សិប្បកម្មផលិតរនាំងឈើ នៅក្នុងភូមិស្លែង ឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។ លោកចាប់ផ្តើមប្រកបរបរនេះ តាំងពីឆ្នាំ ២០០៧មកម្ល៉េះ ដោយកាលណោះ លោកធ្វើរនាំងតែម្នាក់ឯងប៉ុណ្ណោះ។ ដោយសារគុណភាព និង ការរចនារូបភាពលើរនាំងរបស់លោកមានភាពស្រស់ស្អាតល្អ លោកទទួលបានការបញ្ជាទិញកាន់តែច្រើនៗ ពីមួយឆ្នាំទៅមួយឆ្នាំ។ បច្ចុប្បន្នលោកម៉ៅ វណ្ណនីមានកូនជាង ៧នាក់ ដើម្បីផលិតរនាំងបំពេញតម្រូវការអតិថិជន។
២. ឈើផ្តៀក គឺជាវត្ថុធាតុដើម ដែលលោកម៉ៅ វណ្ណនី តែងយកមកប្រើដើម្បីធ្វើ រនាំង។ លោក តែងទិញឈើប្រភេទនេះ ពីដេប៉ូលក់ឈើនៅក្នុងខេត្ត ដោយក្នុង មួយម៉ែត្រគូបមានតម្លៃជិត ២លានរៀល។ ក្នុងមួយឈើ១ម៉ែត្រគូប លោកអាច ផលិតជារនាំងបានពី៥ ទៅ ៦ផ្ទាំង។ នៅក្នុងរូបនេះ លោកម៉ៅ វណ្ណនី កំពុងតែ ច្រៀកឈើផ្ដៀកជាចម្រៀកតូចៗប៉ុន២ធ្នាប់ដៃ និង មានកម្រាស់ប្រហែល ៣ មីលី្លម៉ែត្រ។
៣. ចម្រៀកឈើដែលច្រៀករួចហើយ ត្រូវយកទៅហាលថ្ងៃប្រហែល២ ទៅ ៣ម៉ោង ដើម្បីឱ្យឈើស្រពាប់។ បន្ទាប់មក កម្មកររបស់លោកយកចម្រៀកឈើទាំងនោះ ទៅតភ្ញាប់គ្នាដោយកន្លាស់ធ្វើពីសសៃលួសរឹងមាំ។ ក្នុងមួយថ្ងៃ កម្មករម្នាក់អាចដំឡើងជារនាំងបានចំនួន២។ នៅក្នុងរូបនេះ កម្មករម្នាក់របស់ លោក ម៉ៅ វណ្ណនី កំពុងអង្គុយដំឡើងរនំាងនៅក្នុងរោងជាង។
៤. រនាំងឈើដែលដំឡើងរួចហើយ នឹងត្រូវយកទៅហាលថ្ងៃឱ្យស្ងួតល្អ ដោយប្រើពេលពី២ ទៅ ៥ថ្ងៃ តាមអាកាសធាតុ។ ហាលស្ងួតហើយ កម្មករនឹងកាត់តម្រឹមរនាំងឈើនៅតាមខ្នាតដែលគេចង់បាន។ បន្ទាប់មកគេយករនាំងឈើរនោះ ទៅបាញ់ថ្នាំពណ៌ជារូបគំនូរផ្សេងៗ។ នៅក្នុងរូបនេះ លោក ម៉ៅ វណ្ណនី កំពុងបាញ់ថ្នាំពណ៌ឱ្យចេញជារូបប្រាសាទអង្គរវត្តនៅលើរនាំងឈើរបស់លោក។
៥. រនាំងឈើរបស់លោក ម៉ៅ វណ្ណនី មានទីផ្សារនៅក្នុងខេត្តកំពង់ចាម ត្បូងឃ្មុំ ។ ក្រៅពីនេះ ក៏មានអ្នកភ្នំពេញ រតនគិរី បាត់ដំបង និងប៉ោយប៉ែត ផងដែរ។ រនាំងឈើភាគច្រើនធ្វើឡើងតាមការបញ្ជាទិញរបស់អតិថិជន បន្ទាប់ពីលោក ម៉ៅ វណ្ណនី ចុះទៅដល់គេហដ្ឋានដើម្បីបញ្ចុះបញ្ចូល និង ចរចារឿងតម្លៃ។ រនាំងឈើដែលមានទំហំ ២.៨ម៉ x ៣ម៉ មានតម្លៃប្រមាណពី ១៣០$ ទៅ ១៦០$៕