- 2018-08-28 04:59:22
- ព័ត៌មាន
កសិករបង្វែរស្ថានការណ៍ពីទឹកលិចស្រូវ មកបង្កើតរបររកចំណូល
- 2018-08-28 04:59:22
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កសិករបង្វែរស្ថានការណ៍ពីទឹកលិចស្រូវ មកបង្កើតរបររកចំណូល
ចន្លោះមិនឃើញ
កសិករជាច្រើនគ្រួសារនៅឃុំគោកពោធិ៍ ស្រុកបុរីជលសារ ខេត្តតាកែវ នាំគ្នាចេញនេសាទក្តាមនៅតាមបឹងនានាក្បែរភូមិដើម្បីលក់ឲ្យឈ្មួញកណ្តាលប្រមូលលក់បន្តទៅឈ្មួញវៀតណាម ខណៈទឹកបឹងឡើងធំលិចលង់ដីស្រែអស់មួយចំនួន។
លោកខៀវ សំណាង ជាអ្នកទទួលទិញក្តាមទៅលក់ឲ្យឈ្មួញវៀតណាមបានប្រាប់ Sabayថាប្រជាពលរដ្ឋនៅតំបន់ខាងលើភាគច្រើននាំគ្នាប្រកបរបរនេសាទដោយប្រើឧបករណ៍លបដាក់ យកក្តាមដើម្បីរកចំណូលបន្ថែមផ្គត់ផ្គង់ជីវភាពគ្រួសារ។
លោកថាក្នុងមួយថ្ងៃលោកទិញបានក្តាមប្រមាណជាង២០០គីឡូក្រាម។ លោកថាក្តាមនៅរដូវវស្សាងាយរកតែតម្លៃត្រឹម៤០០០រៀលក្នុងមួយគីឡូក្រាម សម្រាប់ក្តាមឈ្មោល និង១០០០រៀលសម្រាប់ក្តាមញី។ ចំណែកនៅរដូវប្រាំងវិញលោកថាក្តាមឈ្មោលបានថ្លៃ៨០០០រៀល ឯក្តាមញីបានថ្លៃ៤០០០រៀល ក្នុងមួយគីឡូក្រាមដូចគ្នា ដោយថានៅរដូវប្រាំងក្តាមសម្បូរខ្លាញ់ និងពិបាករកជាងរដូវវស្សា។
បើតាមលោកសំណាង ក្តាមតូចៗវៀតណាមយកទៅកិនច្នៃធ្វើចំណីត្រីស៊ីឆាប់ធំធាត់បានលឿនជាងចំណីផ្សេងទៀតដោយឡែកចំពោះក្តាមធំៗនិងក្តាមឈ្មោលដង្កៀបធំយកទៅធ្វើម្ហូបនៅតាមហាងអាហារនានា។
ងាកមកលោកទឹម ទាបកសិករវ័យ៥៨ឆ្នាំនៅភូមិព្រៃមូលប្រាប់ថាឆ្នាំនេះទឹកបឹងឡើងធំជាងបណ្តាឆ្នាំមុនៗ និងបានធ្វើឲ្យលិចលង់ដីស្រែមួយចំនួននៅជិតៗបឹង។ លោកថាស្រែខ្លះមានស្រូវជិតប្រមូលផល និងខ្លះមិនទាន់នៅឡើយ។
ទោះយ៉ាងណាលោកថាទឹកលិចនេះក៏បានបង្កើតមុខរបរដល់កសិករដែរ ដោយការដាក់លបយកក្តាមលក់។ លោកថាមុខរបរដាក់លបយកក្តាមរបស់លោកហាក់បីដូចគ្រាន់បើដែរដោយថាក្នុងមួយយប់លោកទទួលបានក្តាមប្រមាណជា២០ទៅ៣០គីឡូក្រាម។
បុរសវ័យកណ្តាលរូបនេះបន្តថាលោកមានទូកមួយនិងលបជាង២០០ដាក់យកក្តាមដោយប្រើនុយខ្យងដំឲ្យហ្មត់ដាក់ចូលក្នុងលប។ លោកបន្តថា៖«ដាក់លបពេលព្រឹកស្អែកឡើងដើប្រមូលក្នុង១ថ្ងៃៗខ្ញុំចំណាយពេលស្ទើរតែ១០ម៉ោងក្នុងបឹងក្នុងជម្រៅទឹក២ម៉ែត្រ...ព្រោះតែគ្មានមុខរបរអ្វីផ្សេងហើយកម្រៃទទួលបានចន្លោះពីបួនទៅប្រាំម៉ឺនរៀលប៉ុណ្ណោះហើយបើសិនជាដាក់ដល់ទឹកជម្រៅ៣ម៉ែត្រ...រិតតែសម្បូរក្តាមច្រើនតែប្រឈមគ្រោះថ្នាក់បន្តិច»។
ចំណែកលោកអ៊ុន ឈួន វ័យ៥៦ឆ្នាំ បានឲ្យដឹងថ្វីបើតម្លៃក្តាមពុំសូវជាបានថ្លៃក៏ដោយក៏ការងារនេះអាចជួយសម្រួលជីវភាពគ្រួសារបានមួយកម្រិតដែរ៕