- 2018-08-29 10:08:38
- សេដ្ឋកិច្ច
ល្អណាស់! ក្រោយមានតម្រូវការរាប់តោនទៅផ្សារអ៊ីអន អ្នកស្វាយរៀងបង្កើនផលិតបន្លែសុវត្ថិភាពថែមទៀត
- 2018-08-29 10:08:38
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ល្អណាស់! ក្រោយមានតម្រូវការរាប់តោនទៅផ្សារអ៊ីអន អ្នកស្វាយរៀងបង្កើនផលិតបន្លែសុវត្ថិភាពថែមទៀត
ចន្លោះមិនឃើញ
បន្ទាប់ពីបានផ្គត់ផ្គង់បន្លែសុវត្ថិភាពរាប់តោនទៅកាន់ទីផ្សាររួចមក ជាពិសេសផ្សារទំនើបទាំងនៅរាជធានីភ្នំពេញ និងក្រុងបាវិត មន្ទីរកសិកម្មខេត្តស្វាយរៀងមានឆន្ទៈថា នឹងបង្កើនការផលិតបន្លែសុវត្ថិភាពបន្ថែមទៀត ដើម្បីឆ្លើយតបទីផ្សារ។ នេះបើតាមប្រសាសន៍ លោក ថាច់ រតនា ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀង បានថ្លែងប្រាប់ sabay។
បន្លែសុវត្ថិភាពគឺជាពពួកបន្លែទាំងឡាយណា ដែលត្រូវបានផលិតតាមស្តង់ដារកសិកម្មល្អតាមរយៈគម្រោងផលិតកម្មស្បៀង ដែលគាំទ្រថវិកា ដោយរាជរដ្ឋាភិបាល អនុវត្តដោយក្រសួងកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទចាប់ពីឆ្នាំ ២០១៦ ដល់ឆ្នាំ ២០១៩។
លោក ថាច់ រតនា បានបន្ថែមថា កាលពីឆ្នាំ២០១៧ កន្លងមកសហគមន៍ផលិតបន្លែសុវត្ថិភាពខេត្តស្វាយរៀងបានផ្គត់ផ្គង់បន្លែសុវត្ថិភាពទៅផ្សារជាច្រើន ក្នុងនោះរាប់បញ្ចូលទាំងផ្សារទំនើបអ៊ីអនម៉លផង មានប្រមាណ ៦០ តោន ខណៈមានសុវត្ថិភាពមាន់ចំនួន ៦ ២២០ក្បាល។
ខេត្តស្វាយរៀងមានទាំងសហគមន៍ផលិត និងសហគមន៍ផ្គត់ផ្គង់ស្ទើរគ្រប់ស្រុកទាំងអស់ទូទាំងខេត្តស្វាយរៀង។ ចំពោះសហគមន៍ផ្គត់ផ្គង់បន្លែទៅរាជធានីភ្នំពេញ និងក្រុងបាវិត មានចន្លោះពី ៣០០ ទៅ ៤០០កន្លែង ដោយពួកគាត់ត្រូវចំណាត់ថ្នាក់ វេចខ្ចប់ អនាម័យ និងបិទស្លាកសញ្ញាសំគាល់បន្លែសុវត្ថិភាព។
“បន្លែហ្នឹងមានស្ទើរគ្រប់មុខទៅតាមរដូវកាល ក្នុងនោះរួមបញ្ចូលទាំងបន្លែយកមើម និងបន្លែយកផ្លែ។ អញ្ចឹងយើងមានទីផ្សារទាំងក្នុងខេត្តដូចជានៅតាមកាស៊ីណូក្រុងបាវិត យើងបានផ្គត់ផ្គង់ក្នុងមួយថ្ងៃចន្លោះពី ១តោន ទៅជិត ២ តោន ចំណែកនៅភ្នំពេញគឺយើងមានផ្សារទំនើបចំនួន៦កន្លែង ដែលត្រូវផ្គត់ផ្គង់ចន្លោះពី ១តោនទៅ ១ តោនជាងក្នុងមួយជើង”។
លោកបានបន្ថែមថា បន្ទាប់ពីមានតម្រូវការកើនឡើង ផ្ទៃដីដាំដុះបន្លែសុវត្ថិភាពត្រូវបានពង្រីកពីសួនបន្លែ ទៅជាចម្ការបន្លែ ដែលមានផ្ទៃដីដាំដុះកាន់តែធំជាងមុន ខណៈការធ្វើកសិកម្មគឺធ្វើតាមបទដ្ឋានបច្ចេកទេសយ៉ាងត្រឹមត្រូវ មានដូចជាដាំក្នុងរោង ដាំជារង ដាំគ្របប្លាស្ទីក ជាមួយនឹងប្រព័ន្ធផ្គត់ផ្គង់ទឹកបានយ៉ាងល្អ។ "អញ្ចឹងមន្ទីរកសិកម្មខេត្តកំពុងបន្តផ្សព្វផ្សាយពីបច្ចេកទេសដើម្បីអាចពួកគាត់អាចដាំដុះពេញមួយឆ្នាំ ដើម្បីបង្កើតប្រាក់ចំណូលក្នុងគ្រួសារ"។
ទន្ទឹមនឹងនេះ ការចិញ្ចឹមមាន់ក៏មានទីផ្សារល្អដែរ ខណៈការចិញ្ចឹមនេះតាមលក្ខណៈបច្ចេកទេសជីវសុវត្ថិភាព។ កសិករមានសហគមន៍ចិញ្ចឹមមាន់ និងបណ្ដាញផ្សេងៗ ដើម្បីផ្គត់ផ្គង់ទៅកាន់ទីផ្សារ។ នេះបើតាម លោក ថាច់ រតនា។
តំណាងផ្នែកទទួលទិញបន្លែសុវត្ថិភាព នៃផ្សារទំនើបអ៊ីអនម៉លសុំមិនបញ្ចេញឈ្មោះបានថ្លែងថា ជាការពិតផ្សារទំនើបអ៊ីអនមិនមែនបញ្ជាទិញបន្លែសុវត្ថិភាព តែពីសហគមន៍កសិករនៅខេត្តស្វាយរៀងមួយទេ ប៉ុន្តែមានសហគមន៍ផ្គត់ផ្គង់បន្លែជាច្រើនទៀតក៏បានទិញយកមកលក់អ៊ីអនម៉លដែរ។ ដោយមិនបញ្ជាក់ពីបរិមាណតម្រូវការបន្លែសុវត្ថិភាព និងចំនួនសហគមន៍ផ្គត់ផ្គង់ លោកថា បន្លែទាំងអស់គឺមានការធានាច្បាស់លាស់ ជាប្រភេទបន្លែសុវត្ថិភាព៕