• 2018-08-31 05:50:00
  • សេដ្ឋកិច្ច

ប្លែក! មកដឹង ៤ចំណុច ពីផ្សាររាត្រីថ្មី១ទៀត សង់យ៉ាងប្រណិត តាមរចនាបថខ្មែរ ក្រោមជំនួយជប៉ុន

  • 2018-08-31 05:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗ​នេះ ផ្សារ​រាត្រី​ថ្មី១​ទៀត​ របស់​កម្ពុជា​ទើប​បាន​​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ហើយ ដែល​មាន​ទីតាំង​ក្នុង​ក្រុង​បាត់ដំបង នៃ​ខេត្ត​បាត់ដំបង។

ផ្សារ​កម្សាន្ត​ពេល​យប់​១នេះ បាន​សាងសង់​យ៉ាង​ស្អាត​ តាម​រចនាបថ​ប្រណិត​បែប​ខ្មែរ ក្រោម​ហិរញ្ញប្បទាន​ឥត​សំណង ពី​រដ្ឋាភិបាល​ នៃ​ប្រទេស​ជប៉ុន។

(រូបភាពផេកហ្វេសប៊ុក ​រដ្ឋបាល​ខេត្ត​បាត់ដំបង​)

ឯកឧត្ដម ងួន រតនៈ អភិបាល នៃ​គណៈ​អភិបាល​ខេត្ត​បាត់ដំបង និង​ថ្នាក់​ដឹក​នាំ​សំខាន់​ផ្សេង​ទៀត ​បាន​ចូលរួម​សម្ពោធ និង​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ផ្សារ​រាត្រី​នេះ។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​ របស់​ទំព័រ​ហ្វេសប៊ុក ​រដ្ឋបាល​ខេត្ត​បាត់ដំបង​។

ឯកឧត្ដម ងួន រតនៈ (រូបភាពផេកហ្វេសប៊ុក ​រដ្ឋបាល​ខេត្ត​បាត់ដំបង​)

តាមទំព័រ​ហ្វេសប៊ុក ដដែល បានសរសេរបន្ត ពីចំណុចសំខាន់ៗ អាចបញ្ជាក់ថា នេះមិនមែន​គ្រាន់​តែ​ជា​ផ្សារ​លក់​ដូរ​ពេល​យប់​ធម្មតា ប៉ុន្តែ​ផ្សារ​រាត្រី​ នៃ​ខេត្ត​ទេសចរណ៍​ធំ​មួយ​នេះ ត្រូវ​បាន​សាងសង់​ឡើង​យ៉ាង​ប្រណិត ក្រោម​លក្ខណៈ​ពិសេស ៤​ចំណុច​នេះ។

(រូបភាពផេកហ្វេសប៊ុក ​រដ្ឋបាល​ខេត្ត​បាត់ដំបង​)

១. ទីតាំង​ពិសេស

ផ្សារ​រាត្រី​ថ្មី​នេះ​ មាន​ទីតាំង​អំណោយ​ផល​ល្អ​សម្រាប់​អាជីវករ និង​អ្នក​ទេសចរណ៍ ទីតាំង​ស្ថិត​នៅ​ក្នុង​សង្កាត់​ស្វាយ​ប៉ោ និង​នៅ​ចំ​កណ្ដាល ​ក្រុង​បាត់ដំបង នៅ​ចន្លោះ​រវាង​សាលាខេត្ត និង​ដង​ស្ទឹង​សង្កែ ។

២. លក្ខណៈ​ពិសេស​ជួយ​អាជីវករ​ក្រីក្រ

គម្រោង​នេះ​មាន​ គោល​បំណង​សាកល្បង​ ក្នុង​ការ​អភិវឌ្ឍ​ទីផ្សារ​ ដែល​ជា​វិធីសាស្ត្រ​មួយ ដើម្បី​លើកស្ទួយ​ជីវភាព​រស់នៅ​ របស់​ប្រជាជន​តាម​ទន្លេ​មេគង្គ។ ក្រុម​អាជីវករ​ ផ្សារ​ក្រីក្រ​ មាន​ចំនួន ១៥២នាក់ ស្រី​មាន ១៣៧នាក់ បាន​ចងក្រង​ជា​សមាគម​អាជីវករ​ ដោយ​ទទួល​ការ​បណ្ដុះបណ្ដាល និង​ថវិកា​សម្រាប់​អាជីវកម្ម​ក្រោម​ការ​គ្រប់គ្រង​ ដោយ​គណៈកម្មការ​គ្រប់គ្រង​ផ្សារ​រាត្រី។

៣. ការ​សាង​សង់ និង​ថវិកា​ចំណាយ

(រូបភាពផេកហ្វេសប៊ុក ​រដ្ឋបាល​ខេត្ត​បាត់ដំបង​)

ការ​សាងសង់​ដឹកនាំ​ ដោយ​អភិបាល​ក្រុង និង​គណៈកម្មាធិការ​គ្រប់គ្រង​ផ្សារ ក្រោម​ការ​ចំណាយ​ថវិកា​អស់ ជាង​ ៣០០,០០០ ដុល្លារ (៣០ម៉ឺនដុល្លារ) នៅ​លើ​ទំហំ​ផ្ទៃដី ៣,០៦៤ ម៉ែត្រក្រឡា។

៤. ស្ថិត​ក្នុង​គម្រោង​អភិវឌ្ឍន៍​សំខាន់​១

ផ្សារ​រាត្រី​ថ្មី​ នៃ​ក្រុង​បាត់ដំបង គឺ​ស្ថិត​នៅ​ក្នុង​មហា​អនុ​តំបន់​ទន្លេ​មេគង្គ​ ដែល​ជា​គម្រោង​អភិវឌ្ឍន៍​ក្រុង​របៀង សម្រាប់​លើក​ស្ទួយ​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ នៅ​តាម​អនុ​តំបន់​ទន្លេ​មេគង្គ ខេត្ត​បាត់ដំបង ដែល​ត្រូវ​បាន​ផ្ដល់​ហិរញ្ញប្បទាន​ឥត​សំណង​ ដោយ​មូលនិធិ​ជប៉ុន​ ដើម្បី​កាត់​បន្ថយ​ភាព​ក្រីក្រ។

សូម​បញ្ជាក់​ថា ផ្សារ​រាត្រី​ក្នុង​ក្រុង​បាត់ដំបង​នេះ បានសម្ពោធ និង​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ នៅថ្ងៃទី ៣០ ខែសីហា ឆ្នាំ២០១៨។

ក្រៅពី​ក្រុង​បាត់ដំបង​ ប្រទេស​កម្ពុជា​ក៏​មាន​ផ្សារ​​លក់រាត្រីដ៏​សកម្ម​ នៅតាមទីតាំង​តំបន់​ទេសចរណ៍​ធំៗ ៤ទៀត មាន​ដូចជា ខេត្ត​សៀមរាប ក្រុងភ្នំពេញ ក្រុងព្រះសីហនុ និង​ខេត្ត​កំពត។

អត្ថបទ៖ ពៅ រក្សា

មតិយោបល់