• 2018-09-04 03:25:43
  • សេដ្ឋកិច្ច

តិច​អត់​ដឹង ​ប្រាសាទ​ព្រះ​វិហារ​មាន​ជណ្ដើរ​​បុរាណ ២ ២៤២​កាំ ​អាច​ឡើង​ពី​ក្រោម​ទៅ​បាន

  • 2018-09-04 03:25:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រាសាទ​ព្រះ​វិហារ​ស្ថិត​ក្នុង​ភូមិ​ស្វាយ​ជ្រំ​ ​ឃុំ​កន្ទួត ស្រុក​ជាំខ្សាន្ត ​ខេត្ត​ព្រះ​វិហារ ​នៅ​លើ​ខ្នងភ្នំ​ដងរែក។ ​ប្រាសាទ​នេះ មាន​ទំហំ​ ៨០០ គុណ​នឹង ៤០០ ម៉ែត្រការ៉េ ​ដោយ​សាងសង់​ឡើង​ក្នុង​នៅ​ចុង​សតវត្ស​ទី​៩ និង​ដើម​សតវត្ស​ទី​១០ ដោយ​ព្រះមហាក្សត្រ​៤​អង្គ​ ព្រះ​នាម​ព្រះបាទ​យសោវរ្ម័ន​ទី​១ (សាងសង់​ក្នុង​គ.ស ៨៨៩-៩១០) ព្រះបាទ​សូរ្យ​វរ្ម័ន​ទី​១​(សាងសង់​ក្នុង​គ.ស ១០០២-១០៥០) ព្រះបាទ​សូរ្យវរ្ម័ន​ទី​២ (សាងសង់​ក្នុង​គ.ស ១១១៣-១១៥០) និង​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៦ (សាងសង់​ក្នុង​គ.ស ១០៨០-១១០៩)​។

ប្រាសាទ​នេះ បច្ចុប្បន្ន​មាន​ផ្លូវ​ឡើង​ចំនួន​៣ ​ដោយ​ផ្លូវ​២​នៅ​ខាង​កម្ពុជា ​និង​ផ្លូវ​មួយ​ទៀត​ពី​ខាង​ទឹក​ដី​ថៃ​មក។ ​ភ្ញៀវ​ទេសចរណ៍​ទៅ​ពី​ខាង​កម្ពុជា​ទៅ មាន​ជម្រើស​២​អាច​ឡើង​ភ្នំ​នេះ​បាន ​ដោយ​ទី​១​ផ្លូវ​ទើប​តែ​ធ្វើ​ឡើង ​ដោយ​អាច​ជិះ​ឡាន​ឡើង​បាន ខណៈ​ដែល​ផ្លូវ​មួយ​ទៀត​គឺ​ដើរ​តាម​ជណ្ដើរ​ដែល​មាន​២២៤២​កាំ។

អ្នក​ទៅ​លេង​ប្រាសាទ​នេះ ភាគ​ច្រើន​គេ​ជ្រើសរើស​យក​ជម្រើស​ទី​១ ​អាច​ជិះ​ឡាន​ឡើង​ដល់​ប្រាសាទ​បាន​ងាយ​ស្រួល ​ចំណាយ​ពេល​តិច ​និង​មិន​សូវ​នឿយហត់​នោះ​​ទេ ត្បិត​អី​ឡាន​ដែល​ជូន​ឡើង​នោះ​អាច​នាំ​ពួកគេ​ដល់​ប្រាសាទ​តែ​ម្ដង។ ផ្ទុយ​ទៅ​វិញ សម្រាប់​ភ្ញៀវ​បរទេស​ឬ​អ្នក​ក្នុង​ស្រុក​ណា ដែល​ចូល​ចិត្ត​ដំណើរ​ផ្សងព្រេង ​បាន​មើល​ទេសភាព​ស្អាត​ៗ ​នោះ ​ពួកគេ​តែងតែ​ជ្រើសរើស​ការ​ឡើង​ភ្នំ ​ដោយ​ជណ្ដើរ។ ការ​ឡើង​ដោយ​ជណ្ដើរ​នេះ ​អាច​ឱ្យ​ពួកគេ​បាន​ទស្សនា​ទេសភាព​គ្រប់​បែបយ៉ាង ហើយ​មិន​មាន​គ្រោះ​ថ្នាក់​អ្វី​នោះ​ទេ ព្រោះ​ជណ្ដើរ​នោះ​ធ្វើ​ពី​ឈើ ​និង​មាន​ការ​ពិនិត្យ​យ៉ាង​ត្រឹមត្រូវ។

សូម​បញ្ជាក់​ថា​ប្រាសាទ​ព្រះ​វិហារ​បាន​ប្រគល់​ឲ្យ​ប្រទេស​ថៃ​ដោយ​ពួក​អាណានិគម​បារាំង ក្នុង​ឆ្នាំ​១៩៥៤ តែ​ត្រូវ​ទាមទារ​បាន​មក​វិញ​ដោយ​ការ​កាត់​សេចក្ដី​ពី​តុលាការអន្តរជាតិ​ក្រុង​ទ្បាអេ ១៥ មិថុនា ១៩៦២ ក្រោម​ព្រះ​រាជកិច្ច​ដឹកនាំ​របស់​ព្រះមហាក្សត្រ​ខ្មែរ។

ក្រោយ​មក​ទៀត​នៅ​ថៃ្ង​ទី​៧ ខែ​កក្កដា ឆ្នាំ​២០០៨ អង្គការ​ UNESCO បាន​សម្រេច​ដាក់​ប្រាសាទ​ព្រះវិហារ​របស់​កម្ពុជា​ចូល​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក ក្នុង​សម័យ​ប្រជុំ​លើក​ទី​៣២ នៅ​ក្នុង​ទីក្រុង​កេបិក ប្រទេស​កាណាដា​៕

អត្ថបទ៖ មុន្នីរម្យ

មតិយោបល់