
- 2018-09-05 05:40:04
- ព័ត៌មាន
សាស្រ្តាចារ្យជនជាតិជប៉ុន ប្រើពេលទំនេររបស់ខ្លួនដើររើសសំរាមនៅតំបន់មួយជាយក្រុងភ្នំពេញ
- 2018-09-05 05:40:04
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សាស្រ្តាចារ្យជនជាតិជប៉ុន ប្រើពេលទំនេររបស់ខ្លួនដើររើសសំរាមនៅតំបន់មួយជាយក្រុងភ្នំពេញ
ចន្លោះមិនឃើញ
នៅព្រឹកព្រលឹមម៉ោងមិនទាន់ប្រាំពីរស្រួលបួលផងសាស្រ្តាចារ្យជនជាតិជប៉ុនម្នាក់បានអូសរទេះរបស់ខ្លួនដើររើស និងប្រមូលសំរាមនៅតំបន់បុរីសន្តិភាព២ ក្នុងមូលដ្ឋានសង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
លោកសា្រស្ត្រាចារ្យមានឈ្មោះថា INOUE Koji ឬហៅក្រៅថា Aibiki បង្រៀននៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម បានមករស់នៅប្រទេសកម្ពុជាជិតប្រាំមួយឆ្នាំមកហើយ។ តាមរយៈអ្នកបកប្រែ លោកមានប្រសាសន៍ថាលោកបានមើលឃើញថាក្មេងៗនៅតំបន់នោះលេងជាមួយសំរាម ហើយលោកបារម្ភថាក្មេងទាំងនោះអាចមានជំងឺ ឬគ្រោះថ្នាក់ដោយសារដែកគោល ឬវីសដែលគេបោះចោលនៅតាមផ្លូវជាដើម។
អស់រយៈពេលប្រហែល១០ខែមកហើយដែលលោក Aibiki បានធ្វើកិច្ចការនេះនៅក្នុងបុរីសន្តិភាព២ ដោយហេតុផលថា៖ «ខ្ញុំចូលចិត្តកន្លែងរស់នៅស្អាត អ៊ីចឹងអ្វីដែលខ្ញុំអាចធ្វើបានខ្ញុំចង់ធ្វើ ដូចជាការរើសសំរាម ខ្ញុំអាចធ្វើបាន អ៊ីចឹងខ្ញុំធ្វើ...ខ្ញុំជាមនុស្សសាមញ្ញម្នាក់ អ៊ីចឹងខ្ញុំធ្វើអ្វីដែលខ្ញុំអាចធ្វើបាន...ខ្ញុំគិតថាបងប្អូនទាំងអស់គ្នារវល់រៀងៗខ្លួន អ៊ីចឹងខ្ញុំមិនចង់រំខានពួកគាត់ អ៊ីចឹងខ្ញុំធ្វើដោយខ្លួនឯង...ដំបូងខ្ញុំគិតថាខ្ញុំប្រមូលសំរាមដើម្បីកុំឲ្យក្មេងឆ្លងជំងឺ និងមានរបួសអីអ៊ីចឹង»។
ដោយតំបន់នោះមានរថយន្តចូលប្រមូលសំរាមស្រាប់លោកថាប្រជាពលរដ្ឋគ្រាន់វេចខ្ជប់សំរាមទុកដាក់ឲ្យបានស្រួល ជាការស្រេច និងធ្វើឲ្យតំបន់នោះស្អាត។
លោក Aibiki បានដើររើសសំរាម ជាមួយអំបោស រនាស់ និងរទេះមួយ។ លោកបានប្រមូលសំរាមដាក់ក្នុងថង់ នឹងចងទុកស្រួលបូលសម្រាប់ឲ្យអ្នកប្រមូលសំរាមងាយស្រួលយក។ លោកបានដើរប្រមូលសំរាមនៅតាមដងផ្លូវ និងរបងផ្ទះប្រជាពលរដ្ឋ។
លោកអះអាងថាបើសិនជាមានប្រជាពលរដ្ឋច្រើនចូលរួមគ្នាធ្វើកិច្ចការនេះ តំបន់ដែលគាត់កំពុងប្រមូលសំរាមនឹងស្អាត គ្មានសំរាម។ លោកថាលោកជឿថាប្រជាពលរដ្ឋនៅទីនោះនឹងធ្វើរឿងនេះទាំងអស់ ដោយថាកន្លងមកក៏មានដែរប្រជាពលរដ្ឋពីរបីនាក់បានចូលរួមប្រមូលសំរាមជាមួយលោក។
លោកបន្ថែមថា៖ «អ្វីដែលខ្ញុំបានគិតគឺថាខ្ញុំចង់ធ្វើឲ្យពួកគាត់បានឃើញ បានយល់ បានចាប់អារម្មណ៍មកលើអ្វីដែលខ្ញុំបានធ្វើ ព្រោះពួកគាត់មិនមែនជាក្មេង បើក្មេងយើងអាចបង្រៀន តែមនុស្សធំយើងអាចឲ្យគាត់មើលឃើញ ឲ្យគាត់ចាប់អារម្មណ៍ យកខ្ញុំជាគំរូ នេះហើយជាអ្វីដែលខ្ញុំគិតឃើញ...ខ្ញុំថាអ្វីដែលខ្ញុំធ្វើនេះអាចជាគំរូខ្លះដែរ ដូចជាពេលខ្ញុំសម្អាតនៅមុខសាលាមានមនុស្សមកជួយខ្ញុំ បើមានមនុស្សបែបនេះកាន់តែច្រើនប្រទេសខ្មែរកាន់តែស្អាត»។
លោកសាស្រ្តាចារ្យជំនាញផ្នែកសុវត្ថិភាពចំណីអាហាររូបនេះបន្ថែមថាការគ្រប់គ្រងសំរាម គឺត្រូវមានការចូលរួមទាំងមន្ត្រីរដ្ឋ និងប្រជាពលរដ្ឋមូលដ្ឋាន។ លោកបន្តថានៅជប៉ុនក៏ធ្លាប់ជួបបញ្ហាសំរាមដូចនៅកម្ពុជាពេលនេះដែរ ហើយលោកថាបើកម្ពុជាចាប់ផ្តើមគិតគូរពីបញ្ហាសំរាមពីពេលនេះទៅនោះ ១០ឬ២០ឆ្នាំក្រោយកម្ពុជានឹងស្អាតដូចប្រទេសជប៉ុនដែរ។
លោកថាតាមបទពិសោធន៍ ប្រទេសជប៉ុនគឺបង្ហាត់ក្មេងៗនៅតាមសាលាឲ្យចេះទុកដាក់សំរាម និងគ្រប់គ្រងសំរាមតាំងពីថ្នាក់បឋមរហូតដល់វិទ្យាល័យ ហើយថាកម្ពុជាក៏អាចធ្វើដូចគ្នានេះបានដែរ៕