- 2018-09-09 04:51:44
- សេដ្ឋកិច្ច
អ្នកខ្លាចខ្ពស់កុំសាក! ចិនធ្វើទោងកម្ពស់ ៣២០ ម៉ែត្រ ឃើញហើយផឺតពោះ (វីដេអូ)
- 2018-09-09 04:51:44
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកខ្លាចខ្ពស់កុំសាក! ចិនធ្វើទោងកម្ពស់ ៣២០ ម៉ែត្រ ឃើញហើយផឺតពោះ (វីដេអូ)
ចន្លោះមិនឃើញ
ប៉ុន្មានឆ្នាំចុងក្រោយនេះ ចិនល្បីល្បាញបំផុតក្នុងការទាក់ទាញភ្ញៀវទេសចរទៅទស្សនាប្រទេសរបស់ខ្លួនតាមរយៈការទាញយកសក្ដានុពលធម្មជាតិដើម្បីកែច្នៃទៅជាកន្លែងកម្សាន្តដ៏ទាក់ទាញ មានតាំងពីស្ពានកញ្ចក់ដែលខ្ពស់ និង ស្ញើបបំផុតនៅខេត្តហ៊ូណាន រូបសំណាកគួនអ៊ីដ៏ធំបំផុត កន្លែងឡើងភ្នំដ៏គ្រោះថ្នាក់បំផុត តែទេសភាពស្អាតដូចឋានសួគ៌នៅភ្នំហួសានជាដើម។
ថ្មីៗនេះចិនកំពុង សាងសង់ទោងលើអាកាសនៃជម្រាលភ្នំហ្វូស៊ី ក្នុងខេត្តហឺណាន ភូមិភាគកណ្តាលនៃប្រទេសចិន។ ទោងនេះស្ថិតនៅលើកម្ពស់ ៣២០ ម៉ែត្រ ពីដី កាំរបស់ទោងមានប្រវែង២០ម៉ែត្រ ហើយ អាចយោលបានមុំ ៩០ ដឺក្រេ ពោលគឺ អ្នកជិះអាចនឹងមានអារម្មណ៍ថាខ្លួនកំពុងនៅលើអាកាស លើបន្ទាត់ត្រង់ភ្លឹងគ្មានអ្វីទ្រពីក្រោម។
កន្លែងកំសាន្តដែលចាយលុយអស់៥លានយ័ន (ប្រហែល ៧៣២ ០០០ ដុល្លារ) នឹងបើកដំណើរការនៅថ្ងៃទី ១៥ ខែសីហានេះ។ អ្នកដែលត្រូវបានអនុញ្ញាតឲ្យឡើងជិះទោងនេះបានត្រូវមានអាយុចន្លោះពី ១៦ ទៅ ៤៥ឆ្នាំ និង ទម្ងន់ ចន្លោះពី ៤០ ទៅ ៩០ គីឡូក្រាម។
ដើម្បីធានាសុវត្ថិភាពអ្នកជិះត្រូវស្លៀកសំលៀកបំពាក់ការពារដែលភ្ជាប់ទៅនឹងធ្នឹមដែក។ មុននឹងឡើងជិះ អ្នកត្រូវបានគេពិនិត្យសម្ពាធឈាម ហើយនិង តម្រូវឲ្យចុះហត្ថលេខាលើលិខិត ដែលកន្លែងកម្សាន្តនឹងមិនទទួលខុសត្រូវប្រសិនបើអ្នកមានបញ្ហាសុខភាពណាមួយបណ្តាលមកពីការតក់ស្លុតខ្លាំងពេក។
ចិនជាប្រទេសដែលមានភ្ញៀវទេសចរទៅទស្សនាច្រើនបំផុតលំដាប់ទី៤នៅលើពិភពលោក ដែលមានភ្ញៀវទេសចរទៅទស្សនាប្រមាណ ៥៩,៣ លាននាក់ក្នុង១ឆ្នាំៗ។ បារាំងឈរនៅលំដាប់ទី១ មានភ្ញៀវទេសចរ ៨២,៦ លាននាក់ អាមេរិកលេខ២ (៧៥,៦ លាននាក់) អេស្ប៉ាញលេខ៣ (៧៥,៥ លាននាក់)។
រីឯប្រទេសអឺរ៉ុបដែលមានចំនួនភ្ញៀវទេសចរទៅទស្សនាតិចជាងចិនមាន ប្រទេស អ៊ីតាលីលេខ៥ (៥២,៤ លាននាក់) អង់គ្លេសលេខ៦ (៣៥,៨ លាននាក់) អាឡឺម៉ង់លេខ៧ (៣៥,៨ លាននាក់) ម៉ិចស៊ីកូលេខ៨ (៣៥ លាននាក់) ខណៈដែលលេខ៩ គឺប្រទេសថៃ (៣២,៦ លាននាក់) ម៉ាឡេស៊ី លេខ១០ (២៦,៨ លាននាក់)។ នេះបើតាម World Atlas ចុះផ្សាយកាលពីខែ មិថុនា ឆ្នាំ២០១៨៕