• 2018-10-02 07:39:27
  • ព័ត៌មាន

នេះ​ហើយ Resort ដូច​ឋានសួគ៌​លើ​កោះ​រុង ស្អាត​ជាង​គេ​បំផុត​នៅ​ខ្មែរ អ្នក​មានៗ​ទើប​ស្គាល់​ជាតិ

  • 2018-10-02 07:39:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

  • ស្ថិត​លើ​ឆ្នេរ​ស​ក្បុស​មើល​ឃើញ​បាត​សមុទ្រ​ស្អាត​ជាង​គេ​បំផុត​នៅ​កម្ពុជា ប្រវែង ៨ គីឡូម៉ែត្រ
  • Resort ផ្កាយ ៥ លំដាប់​អន្តរជាតិ ទំហំ ៧,២ ហិចតា អ្នក​មានៗ​ស្រុក​ខ្មែរ និង​បរទេស​និយម​មក​លម្ហែ​កាយ
  • មាន​ទូក​ល្បឿន​លឿន​ពិសេស​មក​ទទួល ឬ​ជិះ​ឧទ្ធម្ភាគចក្រ​ក៏​បាន
  • តម្លៃ​រាប់​រយ​ដុល្លារ ដល់​រាប់​ពាន់​ដុល្លារ​ក្នុង​មួយ​យប់
  • ក្រោយ​ជាប់​ភ្នំ មុខ​ជាប់​សមុទ្រ មាន​វិឡា​ឯកជន​សរុប ៦៧ វិឡា ដោយ ៣០ វិឡា មាន​អាង​ហែល​ទឹក​ឯកជន​នៅ​មុខ​វិឡា​តែ​ម្ដង
  • វិឡា​ធ្វើ​ពី​ឈើម៉ៃសាក់ ឫស្សី ថ្ម​កំបោរ
  • ស្ទូចត្រី មុជ​ទឹក​មើល​ផ្កា​ថ្ម ជិះ​ទូក​កៃយ៉ាក់ ជិះ​កង់​ក្នុង​ព្រៃ​ភ្នំ ដើរ​ព្រៃ ឡើង​ភ្នំ
  • ចំណាយ​សាង​សង់ Resort អស់ ៤០ លាន​ដុល្លារ

បន្ទាប់​ពី​ជិះ​ទូក​ល្បឿន​លឿន​លក្ខណៈ​ឯកជន​កាត់​ជ្រែក​សមុទ្រ​រយៈ​ពេល ៤៥ ហើយ​បន្ត​ជិះ​ឡាន ១០ នាទី​ថែម​ទៀត អារម្មណ៍​ពិបាក​នឹង​ពណ៌នា​មិន​ដឹង​មក​ពី​ណា​ចាប់​ផ្ដើម​មាន​ឡើង ពេល​ឃើញ Resort ដ៏​ថ្មីច្រឺង​មួយ​អើត​ឡឺមៗ​បន្តិច​ម្ដងៗ​ពី​ចម្ងាយ​នា​កណ្ដាល​ព្រៃ​ភ្នំ ហើយ​អារម្មណ៍​នោះ​កាន់​តែ​ពុះ​កញ្ជ្រោល​ស្រែក​ថា Wow មួយ​រំពេច​ភ្លាមៗ ពេល​ដែល​ដាក់​ជើង​ជាន់​ដី Resort ដែល​មាន​ទេសភាព​ដូច​ឋានសួគ៌ ក្រោយ​ជាប់​ភ្នំ​បៃតង​ស្រងាត់ មុខ​ជាប់​សមុទ្រ​ដែល​មាន​ឆ្នេរ​ខ្សាច់​ស​ក្បុស​មើល​ធ្លុះ​ដល់​បាត ស្អាត​ដាច់​គេ​នៅ​កម្ពុជា។ រថយន្ត​អាគុយ​ត្រៀម​ចាំ​ដឹក​ជា​ស្រេច​ទៅ Check-in ស្វាគមន៍​ដោយ​បុគ្គលិក Resort ដ៏​រួស​រាយ​បែប​ខ្មែរ ព្រម​ជា​មួយ​ភេសជ្ជៈ​អារម្មណ៍​ដាស់​អារម្មណ៍​ឲ្យ​ភ្លេច​អស់​ភាព​ហត់​នឿយ​តាម​ផ្លូវ។

អារម្មណ៍​រំភើប​ត្រេកអរ​ពិបាក​នឹង​និយាយ​ប្រាប់​ទាំង​នោះ មាន​នៅ The Royal Sands Resort Koh Rong ស្ថិត​នៅ​ភូមិ​សុខសាន្ត ទឹក​ដី​កោះ​រុង​ទំហំ ៧៨ គីឡូម៉ែត្រ​ការ៉េ ដែល​ជា​កោះ​ទី​២ ធំ​ជាង​គេ​បំផុត​នៅ​កម្ពុជា និង​ជា​កោះ​មាន​ឆ្នេរ​ខ្សាច់​ស​ក្បុស​ស្អាត​ជាង​គេ​នៅ​កម្ពុជា សរុប ២៨ ឆ្នេរ​ឯណោះ។

The Royal Sands Resort Koh Rong មាន​ទំហំ​ផ្ទៃដី ៧,២ ហិកតា លាត​សន្ធឹង​លើ​បណ្ដោយ​ឆ្នេរ​ខ្សាច់​ស្អាត​ជាង​គេ​បំផុត​ប្រចាំ​ស្រុក​ខ្មែរ Long Beach ប្រវែង ៨ គីឡូម៉ែត្រ ដោយ Resort មាន​សិទ្ធិ​កាន់​កាប់​ត្រឹម ៥៥០ ម៉ែត្រ​ប៉ុណ្ណោះ។ ទេសភាព​វិញ​ប្រៀប​ដូច​ឋាន​សួគ៌​ពិបាក​នឹង​រ៉ាយរ៉ាប់។ ខ្សាច់​ស​ក្បុស ទឹក​សមុទ្រ​រាក់​ថ្លា​ស្មើ​ធេង​ចម្ងាយ​ប្រមាណ ៥០ ម៉ែត្រ​ពី​ឆ្នេរ មើល​ធ្លុះ​ដល់​បាត​ខ្សាច់​ស​ក្បុស​ជម្រៅ​ត្រឹម​ចង្កេះ ទឹក​ស្ងប់​គ្មាន​រលក។ ព្រឹក​ព្រលឹម​ឡើង ពន្លឺ​ថ្ងៃ​ស្រទន់​រះ​បាញ់​ចេញ​ពី​ព្រៃ​នា​ភ្នំ​ខាង​ក្រោយ Resort ផង ស្រូប​យក​ចំហាយ​ខ្យល់​បរិសុទ្ធ​លាយ​គ្នា​រវាង​ព្រៃ​ភ្នំ និង​សមុទ្រ​ខាង​មុខ​វិឡា ធ្វើ​អារម្មណ៍​អណ្ដែត​អណ្ដូង​លែង​ចង់​វិល​ត្រឡប់​មក​ជីវិត​ទីក្រុង​ដ៏​សែន​តប់​ប្រមល់។ ពេល​ល្ងាច មាន​ថ្ងៃ​លិច​ជ្រមុជ​ចុះ​ទៅ​ក្នុង​សមុទ្រ ដែល​អ្នក​កោះ​រុង​ល្បី​ថា ស្អាត​គ្រប់ៗ​គ្នា។

ដោយ​សាងសង់​អស់​ប្រមាណ​ជា ៤០ លាន​ដុល្លារ និង​ទើប​សម្ពោធ​ផ្លូវ​ការ​កាល​ពី​ខែ​មេសា ២០១៨ The Royal Sands Resort Koh Rong បាន​ក្លាយ​ជា​ប្រភេទ Resort ផ្កាយ៥ លំដាប់​អន្តរជាតិ មាន​វិឡា​ទោល​លក្ខណៈ​ឯកជន​សុទ្ធសាធ​សរុប ៦៧ វិឡា បែរ​មុខ​ទៅ​ទេសភាព​សមុទ្រ​ទាំង​អស់ ក្នុង​នោះ ៣០ វិឡា មាន​ហាង​ហែល​ទឹក​នៅ​មុខ​វិឡា​លក្ខណៈ​ឯកជន​ផ្ទាល់​តែ​ម្ដង។

មិន​ដល់​រយៈ​ពេល​មួយ​ឆ្នាំ​ផង Resort នេះ មាន​កេរ្តិ៍​ឈ្មោះ​ល្បី​ល្បាញ​ខ្លាំង​ដល់​បរទេស​ជា​ពិសេស​អឺរ៉ុប ដល់​ថ្នាក់​កក់​ពេញៗ​តែ​ម្ដង នៅ​ខែ High (ខែ​មាន​ភ្ញៀវ​ច្រើន) ខណៈ​ដែល​ភ្ញៀវ​ក្នុង​ស្រុក សុទ្ធ​តែ​លំដាប់​អ្នក​មានៗ មក​សម្រាក​លម្ហែ​កាយ​ជា​លក្ខណៈ​គ្រួសារ និង​មិត្តភ័ក្ដិ។ តម្លៃ​បន្ទប់​ក្នុង​មួយ​យប់ មាន​ចាប់​ពី​ខ្ទង់​រយ​ដុល្លារ រហូត​ដល់​ពាន់​ដុល្លារ​ឯណោះ។

វិឡា​ទាំង​នោះ ធ្វើ​ពី​ឈើម៉ៃសាក់ ឫស្សី ថ្ម​កំបោរ មាន​បំពាក់​គ្រឿង​ប្រើ​ប្រាស់​គ្រប់​ឈុត។ បន្ទប់​ធំ​ទូលាយ​ខ្លាំង ទាំង​បន្ទប់គេង ទាំង​បន្ទប់​ទឹក ព្រម​ទាំង​មាន​បន្ទប់​ងូត​ទឹក​ហាល​ខ្យល់​អត់​ដំបូល​ទៀត។ ឯ​អ៊ីនធឺណិត​វិញ ស្រុក​ភ្នំពេញ​សុំ​ខ្មាស ព្រោះ​បើ​តាម​តេស្ដ​តាម​កម្មវិធី​ទូរសព្ទ​ជាក់​ស្ដែង ល្បឿន​កប់​មេឃ​ដល់ 60 Mbps ឯណោះ។

វិឡាមាន ២ ប្រភេទធំៗ៖

  • Ocean View Villas (មាន​អាង​ហែល​ទឹកឯកជន និង​គ្មានអាង​ហែល​ទឹក)៖ ស្ថិត​នៅ​ជម្រាល​លើ​របស់ Resort ដែល​មើល​ឃើញ​ទេសភាព​ធំ​ទូលាយ ទាំង​ព្រៃភ្នំ និង​ឆ្នេរស​មុទ្រ។
  • Beachfront Villas (មាន​អាង​ហែល​ទឹកឯកជន និង​គ្មាន​អាង​ហែល​ទឹក)៖ ស្ថិត​នៅ​ជម្រាល​ក្រោម​របស់ Resort ដោយ​ជាប់​នឹង​ឆ្នេរ​ខ្សាច់​ផ្ទាល់។

សួរ​ថា បើ​ថ្លៃ​ម្ល៉ឹងៗ មាន​ន័យ​ដែរ​អត់​បើ​ទៅ​លេង​នោះ?

តម្លៃ​ប៉ុណ្ណេះ អាច​ថា​មិន​ស្មើ ឬ​ប្រហាក់​ប្រហែល​ទៅ​ការ​លេង​នឹង​បរទេស​ដែរ។ តែ​បើ​គិត​រឿង​លម្ហែ​កាយ​វិញ គឺ​កប់​តែ​ម្ដង ដែល​បរទេស​មួយ​ចំនួន​អាច​គ្មាន​ដូច​ផង៖ ទេសភាព​ស្អាត​ដូច​ឋាន​សួគ៌ សេវាកម្ម​បម្រើ​គ្រប់​ឈុត​ឡើង​មាន​អារម្មណ៍​ខ្លួន​ឯង​ដូច​ស្ដេច ចង់​ជិះ​ទូក​កៃយ៉ាក់​លើ​សមុទ្រ​ដែល​ថ្លា​ដូច​កញ្ចក់​មើល​ឃើញ​បាត​ខ្សាច់​ស​ក៏​បាន ជិះ​កៃយ៉ាក់​ក្នុង​ព្រៃ​កោង​កាង​ក៏បាន ជិះ​កង់​កាត់​ព្រៃ​ក៏​បាន មុជ​ទឹក​មើល​ផ្កា​ថ្ម​ក៏​បាន ស្ទូច​ត្រី​ក៏​បាន Trekking ដើរ​ក្នុង​ព្រៃ​ក៏​បាន ចង់ Spa ក៏​បាន ចង់ Gym ក៏​បាន មាន​គ្រប់​ម៉ា​កំផ្លេ។ បើ​ខ្ជិល​មុជ​ទឹក​នៅ​អាង​ហែល​ទឹក​មុខ​វិឡា​ខ្លួន​ឯង អាច​មក​មុជ​នៅ​អាង​ហែល​ទឹក​ដ៏​ធំ​របស់ Resort ដែល​មើល​ទៅ​មាន​ពណ៌​ដូច​គ្រប់​ពេជ្រ​ខ្មៅ។ មុជ​ទឹក​ពេល​ល្ងាច មាន Cocktail បណ្ដើរ ជំនោរ​សមុទ្រ​បក់​បោក​បណ្ដើរ មិន​ដឹង​រ៉ូមែនទិក​ដល់​កម្រិត​ណា​នោះ​ទេ។ និយាយ​រឿង​អាហារ​វិញ ឆ្ងាញ់​កប់​ស៊េរី មិន​ថា​អាហារ​ខ្មែរ អាស៊ី ឬ​អឺរ៉ុប​ឡើយ។

ពេល​ទៅ​លេង បើ​មិន​ចង់​ខាត​ពេល​ជិះ​ទូក​ល្បឿន​លឿន​ពិសេស​របស់ Resort ទេ អ្នក​ក៏​អាច​ឧទ្ធម្ភាគចក្រ​របស់ Resort ក៏​បាន​ដែរ។

ទាំង​នេះ ជា​បទ​ពិសោធ​រៀបរាប់​មិន​អស់​របស់​បង Sabay ដែល​ទៅ​ស្នាក់​នៅ​លម្ហែ​ពីរ​យប់។ ហេហេ....បើ​មាន​លុយ Sabay សូម​ណែនាំ​ឲ្យ​សាក​ទៅ​ភ្លក់​រសជាតិ​ដូច​ស្ដេច​នៅ​ឋានសួគ៌​នៅ Resort នេះ​ម្ដង​ទៅ ធានា​ថា រក​អ្វី​ប្រៀប​ផ្ទឹម​ពុំ​បាន​ឡើយ។

ចង់​កក់ ឬ​សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង 089 36 36 99 / 078 888 622 / 078 888 935 / 078 888 260 ឬ​ចូល​ផេក The Royal Sands Koh Rong Resort

អត្ថបទ៖ សុផាត

មតិយោបល់